ការិយាល័យ​សិទ្ធិ​មនុស្ស ​អ.ស.ប ជំរុញ​ឲ្យ​កម្ពុជា​ឈប់​កាត់​ទោស​បុគ្គល​ព្រោះ​ការ​បញ្ចេញគំ​និត​

នៅ​ថ្ងៃទី១៨ ខែមីនា ម្សិលមិញ ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ចុះផ្សាយ​អត្ថបទ​មួយ ​ដោយ​ជម្រុញឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​កាត់​ទោស​បុគ្គលនានា ដោយគ្រាន់​តែ​ការ​សម្តែង​គំនិត។ តាម​រយៈ​អត្ថបទ​នោះ ការិយាល័យ​សិទ្ធិ​មនុស្ស ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភចំពោះ​ករណី​លោក គង់ រ៉ាយ៉ា ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ពាក់​ព័ន្ធ​នឹង​ការ​សម្តែង​មតិ​របស់​លោក​តាមបណ្តាញ​សង្គម​ហ្វេសប៊ុក។

ការិយាល័យ​សិទ្ធិ​មនុស្ស ​អ.ស.ប ជំរុញ​ឲ្យ​កម្ពុជា​ឈប់​កាត់​ទោស​បុគ្គល​ព្រោះ​ការ​បញ្ចេញគំ​និត​

យុវ​ជន​គង់ ​រ៉ៃយ៉ា ដែល​​ត្រូវ​បាន​​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ក្រោយ​បញ្ចេញ​សារ​បដិវត្តន៍​លើ ​Facebook។

ការិយាល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ករណីតុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​កាត់​ទោស​លោក គង់ រ៉ាយ៉ា ដោយ​សារ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​សរសេរ​ពី​គោល​បំណង​ចង់​ធ្វើ​បដិវត្តន៍​ពណ៌នៅ​កម្ពុជា។ លោក គង់ រ៉ាយ៉ា គឺជាជនជាតិ​ខ្មែរ​ដំបូង​គេ ដែលត្រូវបានតុលាការ​ផ្តន្ទាទោស ព្រោះ​តែ​ការ​សរសេរ​សារ​លើ​បណ្តាញ​សង្គម​។ នេះ​បើ​តាម​អត្ថបទ​ផ្សាយ​របស់ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​អាស៊ី​អាគ្នេយ៍។

សូម​បញ្ជាក់​ថា​កាល​ពីថ្ងៃទី១៥ ខែមីនា លោកគង់ រ៉ាយ៉ា អាយុ ២៥ឆ្នាំ ជានិស្សិត​នៃ​សាកលវិទ្យាល័យខេមរៈ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ព័ន្ធនាគារ​រយៈពេល​១៨ ខែ។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ ក្នុង​ខែ​សីហា ឆ្នាំ២០១៥ ក្រោយ​ពី​លោក​សរសេរ​សារ ពីគោល​បំណង​ធ្វើ​បដិវត្តន៍​ពណ៌​ផ្លាស់​ប្តូរ​របប​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ គិត​មក​ដល់​ថ្ងៃកាត់​ទោស លោក រ៉ាយ៉ា ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្ណោះ​អាសន្ន​រយៈពេល​៦ខែ រួច​មក​ហើយ ដែលមាន​ន័យ​ថា​លោក​ត្រូវ​ទទួល​ទោស​ត្រឹម​តែ​រយៈពេល​១២ខែ ទៀត​ប៉ុណ្ណោះ។​

ក្នុង​អត្ថបទ​ដដែល​នោះ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ជុំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​កាត់​ទោស​បុគ្គល​នានា ដោយ​គ្រាន់​តែ​សម្តែង​គំនិត​របស់​ខ្លួន។ លោក ឡរ៉ង់ត៍ មាលឡិន (Laurent Meillan) តំណាង​ស្តីទី​នៃការិយាល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ពលរដ្ឋ​ណា​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ​ព្រោះ​តែ​ការ​អនុវត្ត​សិទ្ធិ​សម្តែង​មតិ នោះ​គឺ​ជា​សញ្ញា​មួយ​បង្ហាញ​ថា​កម្ពុជា​មាន​ការ​ថម​ថយ​នៃ​លំហ​លទ្ធិ​ប្រជាធិបតេយ្យ។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ​ថា ប្រសិន​បើ​ការ​សម្តែងមតិ​ធ្វើ​ទៅ​តាម​គោល​ការណ៍​និតិរដ្ឋ នោះ​វា​មិន​ជា​បញ្ហា​អ្វី​ទេ តែ​បើ​ការ​សម្តែង​មតិ​ណា​រំលោភ​ច្បាប់​ នោះ​ការសម្តែង​មតិ​នោះ​មិន​ត្រូវ​បាន​គាំទ្រ​ទេ។ ប្រជាធិបតេយ្យ​ពិត​ប្រាកដ គឺ​ការ​អនុវត្ត​សិទ្ធិ និង​សេរីភាព​ត្រូវ​ធ្វើ​តាមច្បាប់។

លោក​បន្ត​ថា​ការ​ចោទ​ប្រកាន់​របស់​តុលាការ​គឺ​សំអាង​ទៅ​លើ​អង្គ​ហេតុ អង្គ​ច្បាប់​ច្បាស់​លាស់ ដូច្នេះ​ធាតុផ្សំ​នៃបទ​ល្មើស​របស់​លោក​គង់ រ៉ាយ៉ា គឺ​ដោយសារ​តែ​លោក​មាន​ចេតនាទុច្ចរិត គឺចេតនាបង្កចលាចល និងអសន្តិសុខក្នុងសង្គម៕

ប្រភពៈ RFI