​អត្ថប្រយោជន៍​នៃ​ការ​ងូតទឹក​ត្រជាក់​

​អត្ថប្រយោជន៍​នៃ​ការ​ងូតទឹក​ត្រជាក់​

អ្នក​ប្រយុទ្ធ​ដោយ​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​ពី​បុរាណ តែង​ប្រើ​នូវ​ទឹក​ត្រជាក់​មួយ​ធុង មក​ចាក់​ស្រោច​ពី​លើ​ខ្លួន របស់​ពួកគេ ជា​រៀងរាល់​ព្រឹក ដោយ​ពួកគេ​ជឿថា ការ​ធ្វើ​ដូចនេះ អាច​ធ្វើអោយ​អារម្មណ៍​បរិសុទ្ធ និង សម្អាត​ខ្លួនប្រាណ​របស់​ពួកគេ បាន​យ៉ាង​ល្អ​។ មិន​ថា វា​ពិតជា​ដូចនេះ​មែន​ឬក៏​អត់ វា​ប្រាកដជា​អាចជួយ អោយ​ពួកគេ​ភ្លឺស្វាង​អារម្មណ៍​បានល្អ ។ យ៉ាងហោចណាស់ វា​ពិត​ជា​របស់​ដ៏​សំខាន់ ដែល​អ្នក​នឹង​ត្រូវការ នៅក្នុង​ពេល​ព្រឹក ប៉ុន្តែ​ក្រៅពីនេះទៀត ការ​ងូតទឹក​ត្រជាក់ គឺ​នឹង​អាច​ផ្តល់អោយ អ្នក​នូវ​អត្ថប្រយោជន៍​ជា ច្រើន ។ ទោះជា​យ៉ាងណា​ក៏ដោយ ការ​ងូតទឹក​ត្រជាក់​នេះ មិនមែន​បានន័យថា អ្នក​ត្រូវ​យក​ទឹក​ត្រជាក់ មក​ចាក់​ស្រោច​លើ​ខ្លួន ដូចជា​អ្នក​ប្រយុទ្ធ​ដាវ​សា​ម៉ូ​រ៉ៃ​នោះទេ ប៉ុន្តែ​អ្នក​អាច ចាប់ផ្តើម​ជាមួយ​នឹង ការ​ងូតទឹក ក្តៅ​ឧណ្ណៗ  និង បន្ទាប់​មក​បញ្ចប់​វា ជាមួយនឹង​ការ​ងូតទឹក​ត្រជាក់​។ អ្នក​គ្រាន់តែ បញ្ចប់​ការ​ងូតទឹក នៅ​រយៈពេល​ប៉ុន្មាន​នាទីចុងក្រោយ ជាមួយ​នឹង​ទឹក​ត្រជាក់ នោះ​វា​ក៏​អាច​នឹង​ផ្តល់អោយ អ្នក​នូវ ផល​ជា​ទី​គាប់ចិត្ត​បាន​ផង​ដែរ​។​

​ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​មួយចំនួន ពី​ការ​ងូតទឹក ត្រជាក់ ៖

១. ធ្វើអោយ​ដំណើរ​ឈាម​រត់​ប្រសើរ​ជាង​មុន​
ទឹក​ក្តៅឧណ្ណៗ គឺ​អាច​ធ្វើអោយ​ចរន្តឈាម រត់​ទៅ​កាន់​ស្បែក​របស់​អ្នក ខណៈពេល ដែល​ទឹក​ត្រជាក់ ធ្វើ​ចលនា​បញ្ច្រាស​មក​វិញ ដោយ​ធ្វើអោយ​ចរន្ត​ឈាម រត់​ត្រលប់​មក​រក សិរីរៈ​របស់​អ្នកវិញ ដោយ​ការ រក្សា​អោយ​ពួកវា មាន​មាន​ភាពកក់ក្តៅ ។ វិធី​នេះ អាច​ជម្រុញ​អោយ​ប្រព័ន្ធ​ឈាមរ​ត់របស់​អ្នក មាន​ភាពល្អ ប្រសើរឡើង ដែល​វា​នឹង​ជួយ បញ្ចេញ​មកវិញ​នូវ ជាតិពុល​ចេញពី​ខ្លួន​របស់​អ្នក​។ ប្រព័ន្ធ​ដំណើរ​ឈាម​រត់ ដែល​មាន​សុខភាព​ល្អ នឹង ជួយ​ការពារ​ជំងឺ​លើស​សម្ពាធ​ឈាម​, ការឡើង​រឹង​ស​សៃ​អាទែ និង ជួយ​បង្កើន ល្បឿន នៃ​ការ​ជាសះស្បើយ ពី​លំ​ហាត់ប្រាណ​ដ៏​សកម្ម ។​

២. ធ្វើអោយ​ស្បែក និង សក់​មាន​សុខភាព​ល្អ​
អ្នក​តែងតែ​ត្រូវបាន​ផ្តល់​យោបល់ អោយធ្វើ​ការលាង​សម្អាត​មុខ​របស់​អ្នក ជាមួយ​នឹង​ទឹក​ក្តៅឧណ្ណៗ ដោយសារ​តែ​វា អាច​បើក​រន្ធ​ញើស​របស់​អ្នក​បាន​។ រន្ធ​ញើស​របស់​អ្នក គប្បី​ត្រូវបាន​ធ្វើ​ការសម្អាត អោយ បាន​ស្អាត​ល្អ ប៉ុន្តែ វា​ក៏​ចាំបាច់​ផងដែរ ក្នុង​ការបិទ​ភ្ជិត​វា​ទៅវិញ ជាមួយ​នឹង​ការប្រើ​ទឹក​ត្រជាក់ យក​មក​លុប មុខ​។ វិធី​នេះ អាច​ការពារ​រន្ធ​ញើស របស់​អ្នក​ពី​ការកកស្ទះ​នូវ​ជាតិ​ប្រេង និង ធូលី​បាន​យ៉ាង​ងាយ ដែល​វា អាច​នឹង​បង្ក អោយ​អ្នក​ចេញ​មុន​បាន​។ វា​ក៏​អាច​នឹង បង្រួម​ស​សៃឈាម ដែល​អាច​នឹង​កាត់បន្ថយ​នូវ ភាព​ហើមប៉ោង នៅ​លើ​ផ្ទៃមុខ និង ការពារ​បាន​ផងដែរ​នូវ ស្នាម​ជាំខ្មៅ​ដែល​អាច​នឹង​លេច​មាន នៅ​ជុំវិញ​រង្វង់​ភ្នែក ។ សម្រាប់​សុខភាព​សក់ វា​ក៏​អាច​ជះឥទ្ធិពល​បាន​ដូចគ្នានេះ ផងដែរ​។ វា​បិទ​នូវ រន្ធ​ញើស​ដែល មាន​នៅ​ជុំវិញ​ឬ​ស​សក់ ដែល​វា នឹង​ជួយ​រក្សា​អោយ ស្បែក​ក្បាល​របស់​អ្នកមាន​សុខភាព​ល្អ​ជាង​មុន និង ការពារ​បាន​យ៉ាង​ងាយ នូវ​ការប្រមូលផ្តុំ​នូវ​ធូលី នៅលើ​ស្បែកក្បាល​។ ទឹក​ក្តៅឧណ្ណៗ ត្រូវបាន​ដឹង​ថា វា​អាច ប្រើ​បាន​ដើម្បី​សម្អាត​នូវ ជាតិ​ប្រេង​ពី​ធម្មជាតិ ចេញពី​ស្បែក ដែល​រាងកាយ​អ្នក នឹង​ធ្វើ​ការបង្កើត វា កាន់តែ​ច្រើន​ជាង​មុន​។ បញ្ហា​នេះ នឹង​ធ្វើអោយ​ស្បែក​ក្បាល​របស់​អ្នក ក្លាយ​ជា​កាន់តែ​ស្ងួត ឬ មាន​ជាតិ​ប្រេង​ច្រើន​ជាង​មុន ។​ដូច្នេះ ការ​ងូតទឹក​ត្រជាក់ គឺជា​ជម្រើស​ដ៏​សាក​សម​សម្រាប់​អ្នក​។​

៣. ធ្វើអោយ​ប្រព័ន្ធ​ភាព​សុំ​ាំ​រឹងមាំ​ឡើង​
ការសិក្សា​បាន​បង្ហាញថា ស្ត្រី​ដែល​តែងតែ ងូតទឹក​ជាមួយនឹង ទឹក​ត្រជាក់​ជា​ទៀត​ទាត់ នឹង​អាច​មាន ចំនួន កោសិកា​គ្រាប់​ឈាម​ស ខ្ពស់ជាង បើ​ធ្វើ​ការប្រៀបធៀប​ជាមួយនឹង ស្ត្រី​ដែល​ជ្រើសរើស​យក ការ​ងូតទឹក​ក្តៅឧណ្ណៗ ។ កោសិកា​គ្រាប់​ឈាម​ស គឺជា​កោសិកា​របស់ ប្រព័ន្ធ​ភាព​សាំ ដែល​នឹង ចូលរួម ក្នុងការ ការពារ​រាងកាយ អ្នក​ប្រឆាំង​នឹង ការបង្ក​រោគ​, ការ​ប្រឈម​នឹង​វត្ថុ​ចម្លែក​នៅក្នុង​រាងកាយ និង ជំងឺ​ផ្សេងៗ​ទៀត​មួយចំនួន​។ កម្រិត​មេតាបូលីស ដែល​ត្រូវបាន​កើនឡើង ដោយ​ការ​ងូតទឹក​ត្រជាក់ ដែល នឹង​កើតឡើង ដោយសារ​តែ​រាងកាយ​អ្នក បាន​ព្យាយាម បង្កើត​កម្តៅ​សម្រាប់​ខ្លួន​វា គឺ​អាច​ធ្វើអោយ ប្រព័ន្ធ​ភាព​សាំ កាន់តែ​សកម្ម​ឡើង និង បង្កើត​បាន​ផង​ដែរ​នូវ កោសិកា​គ្រាប់​ឈាមស​បន្ថែមទៀត ។​

៤. បង្ការ​នូវ​បញ្ហា​ធ្លាក់​ទឹកចិត្ត និង ជម្រុញ​ធ្វើអោយ​សុខុមាលភាព​ជាទូទៅ​មាន​ភាពប្រសើរឡើង​
ការ​ងូតទឹក​ត្រជាក់ ក្នុង​រយៈពេល​ខ្លី​មួយ គឺ​ត្រូវបាន​គេ​អះអាង​ថា វា​អាច​រំញោច​ដល់ ចំណុច​សំខាន់​របស់ ប្រព័ន្ធ​ខួរក្បាល ដែល​នឹង​អាច​ជួយ​សម្រាល​ដល់ ស្ថានភាព​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ វា​ក៏​អាច​នឹង រក្សា​បាន​ផង​ដែរ​នូវ លំនឹង​នៃ​ប្រព័ន្ធ​ប្រសាទ​ស្វយ័ត ដែល​វា​មិន​ត្រឹមតែ​អាច​ធ្វើអោយ ស្មារតី​អ្នក​ភ្លឺស្វាង​ល្អ នោះទេ តែ​វា​ថែម​ទាំង​អាច មាន​អារម្មណ៍​ធូរស្រាល និង បញ្ចេញ​បាន​ផងដែរ​នូវ​ស្ថានភាព​ស្ត្រេ​ស​។​

ផ្នែក​ដ៏​ពិបាក នៃ​ការ​ងូតទឹក​ត្រជាក់​នោះ​គឺ ចំណុច​ចាប់ផ្តើម​ដំបូង នៅពេល​ដែល​ខ្លួនប្រាណ​អ្នក​ត្រូវបាន ទឹក​ត្រជាក់​ស្រោច​ពីលើ​ខ្លួន ។ ប៉ុន្តែ​វា​ជា​ធម្មជាតិ រាងកាយ​អ្នក នឹង​ផ្សាំ​ខ្លួន​វា បាន​ទៅ​នឹង​ស្ថានភាព​បែប នោះ​នៅ​ពេល​ក្រោយមកទៀត ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី19 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។