យុវជន​ដាក់​ពាក្យ​ប្ដឹង​លោក កឹម សុខា ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា ខ្លួន​ជា​និស្សិត​មក​ពី​សកលវិទ្យាល័យ​នានា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មីនា បាន​នាំ​គ្នា​ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឲ្យ​ស្រាវជ្រាវ​ករណី​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា ជាមួយ​ស្ត្រី​ម្នាក់ បើ​ទោះ​បី​ជា​គ្មាន​ការ​បកស្រាយ ឬ​ឆ្លើយ​តប​ពី​លោក កឹម សុខា ក៏​ដោយ។ ក្រុម​យុវជន​ទាំង​នោះ​អះអាង​ទៀត​ថា ការ​ដាក់​ពាក្យ​ប្ដឹង​នេះ​នៅ​បន្ទាប់​ពី​គេ​រក​ឃើញ​ថា ខ្សែអាត់​សំឡេង​ដែល​គណនី​ហ្វេសប៊ុក ឈ្មោះ រឿងពិត CNRP បាន​បង្ហោះ​នោះ មាន​តម្រុយ​នៃ​អំពើ​ពុករលួយ។

យុវជន​មួយ​ក្រុម​មាន​គ្នា​ប្រមាណ ៣០​នាក់ បាន​ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឲ្យ​ស្វែងរក​ការ​ពិត​ជុំវិញ​ការ​បែក​ធ្លាយ​ខ្សែ​អាត់​សំឡេង​ដែល​សង្ស័យ​ថា លោក កឹម សុខា ប្រព្រឹត្ត​អំពើ​ពុករលួយ​ទិញ​ផ្ទះ និង​ទិញ​ដី​ឲ្យ​ដៃ​គូ​ស្នេហា​របស់​លោក។

តំណាង​ក្រុម​យុវជន​ទាំង​នោះ គឺ​យុវជន ស្រី ចំរើន ថ្លែង​នៅ​ខាង​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បន្ទាប់​ពី​ដាក់​ពាក្យ​បណ្ដឹង​ថា មាន​ភស្តុតាង​គឺ​ខ្សែ​អាត់​សំឡេង​ចំនួន ៣​វគ្គ​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក កឹម សុខា បាន​ផ្ដល់​លុយ​ទិញ​ផ្ទះ ទិញ​ដី និង​បើក​មុខ​ជំនួញ​ឲ្យ​ស្រី​ស្នេហ៍​របស់​គាត់។ ដូច្នេះ​អង្គភាព​នេះ​បាន​ទទួល​បណ្ដឹង​របស់​ពួកគេ និង​ត្រូវ​បើក​ការស៊ើបអង្កេត​ចំពោះ​មន្ទិល​នេះ៖ «ពាក្យ​បណ្ដឹង​គឺ​ចង់​រក​ស្វែងរក​ការពិត​ទាក់ទង​នឹង​សារ​សំឡេង​ដែល​លោក កឹម សុខា បាន​សាសង​ស្ត្រី​ស្នេហ៍​របស់​គាត់ ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​លុយ​ទិញ​ដី ទិញ​ផ្ទះ និង​បើក​របប​រក​ស៊ី​ជូន​ស្រី​ស្នេហ៍។ ទាក់ទង​នឹង​ការ​ឆ្លើយ​តប​ជាមួយ អេ.ស៊ី.យូ (ACU) គឺ​លោក​នឹង​ធ្វើ​ចំណាត់​ការ​បន្ត»

យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា ខ្លួន​ជា​និស្សិត​មក​ពី​សកលវិទ្យាល័យ​នានា មាន​ទាំង​មនុស្ស​ចាស់​ផង ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ដើរ​ចូល​ទៅ​ក្នុង​អង្គភាព​នេះ​ដើម្បី​ដាក់​ពាក្យ​ប្ដឹង ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូល​នោះ​ទេ។ បន្ទាប់​ពី​ដាក់​ពាក្យ​បណ្ដឹង​រួច យុវជន​ទាំង​នោះ​បាន​ចេញ​មក​វិញ មាន​លោក ស្រី ចំរើន ជា​តំណាង​បាន​ផ្ដល់​សម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន​យ៉ាង​ប្រញាប់ប្រញាល់​នឹង​មាន​បុរស​វ័យ​កណ្ដាល​មួយ​ចំនួន​កៀក​ស្មា​ការពារ​រួច​បណ្ដើរ​ចូល​រថយន្ត​យ៉ាង​ប្រុងប្រយ័ត្ន។ រី​ឯ​កង​សន្តិសុខ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ធ្វើ​ចរាចរណ៍​បើក​ផ្លូវ​ឲ្យ​រថយន្ត​នោះ​បើក​ចេញ​ទៅ​យ៉ាង​ងាយ​ស្រួល។

ទាក់ទង​បញ្ហា​នេះ ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា មាន​មតិ​ថា លោក​ដឹង​ពី​ការវិវឌ្ឍន៍​នៃ​រឿង​នេះ ប៉ុន្តែ​លោក​ថា សកម្មភាព​យុវជន​មួយ​ក្រុម​នេះ គឺ​ជា​រឿង​ដែល​មិន​គួរ​យក​ចិត្ត​ទុក​ដាក់ វា​ហាក់​ដូច​ជា​ល្បែង​មួយ​ដែល​គេ​នាំ​គ្នា​លេង​ចេញ​ពី​ឈុត​មួយ​ទៅ​ឈុត​មួយ ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​តម្លៃ​យុវជន៖ «រឿង​នេះ​វា​ហាក់​បី​ដូច​ជា​មាន​ផល​ប៉ះពាល់​ផ្នែក​សីលធម៌​ខ្លះ ក៏​ប៉ុន្តែ​វា​ហាក់​បី​ដូច​ជា​មាន​លក្ខណៈ​ស៊ីជម្រៅ​ទៅ​លើ​ឯកជន​របស់​បុគ្គល​ច្រើន​ជាង។ ខ្ញុំ​ចេះ​តែ​គិត​ថា ហេតុ​អ្វី​បាន​ជា​ក្រុម​យុវជន​ដ៏​សកម្ម​នេះ​មិន​នាំ​គ្នា​ជជែក​ពី​រឿង​ផ្សេងៗ​ដូច​ជា បញ្ហា​ដែល​យុវជន​គ្នា​គាត់​ពិបាក​រក​ការងារ​ធ្វើ​គួរ​តែ​គាត់​តវ៉ា​យ៉ាង​ម៉េច ឬ​ក៏​ទាមទារ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច ឬ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​បញ្ហា​ការងារ​យ៉ាង​ម៉េច? ម្យ៉ាង​ទៀត​ខ្ញុំ​មើល​ឃើញ​ដូច​ជា រឿង​អំពើ​ពុករលួយ រឿង​ព្រៃឈើ រឿង​រ៉ែ រឿង​អី​សុទ្ធ​តែ​រឿង​ដែល​កើត​ទុក្ខ​រួម​របស់​ប្រជាពលរដ្ឋ»

ការ​ដាក់​ពាក្យ​ប្ដឹង​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​វាយ​បក​លើ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​បក្ស​នេះ​បន្ត​ចោទ​ប្រកាន់​បក្ស​កាន់​អំណាច ឬ​រដ្ឋាភិបាល​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បញ្ចេញ​រឿង​អាស្រូវ​ស្នេហា​របស់​អ្នក​នយោបាយ​ម្នាក់។ ពិត​មែន​ថា លោក​មិន​បាន​និយាយ​ចំ​ឈ្មោះ​អ្នក​នយោបាយ​រូប​នោះ ក៏​លោក​នាយក​រដ្ឋមន្ត្រី​ទំនង​សំដៅ​ដល់​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហ៊ុន សែន បញ្ជាក់​ថា បើ​គេ​នៅ​តែ​បន្ត​ចាត់​ទុក​រឿង​អាស្រូវ​ស្នេហា ថា​ជា​រឿង​នយោបាយ​នោះ​រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​មែន​ទែន​តែម្ដង។ លោក​ព្រមាន​ថា ក្នុង​ករណី​រដ្ឋាភិបាល​លូក​ដៃ​ចូល​ក្នុង​រឿង​នេះ គឺ​បក្ស​ប្រឆាំង​ពិត​ជា​ពិបាក​មិន​អាច​ទប់​រួច​នោះ​ទេ ហើយ​លោក​មាន​ភស្តុតាង។

កន្លង​មក​ក្រុម​យុវជន​ទាំង​នោះ បាន​ធ្លាប់​ទៅ​ដល់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ និង​ដើរ​អុកឡុក​តាម​វេទិកា​សាធារណៈ​របស់​បក្ស​មួយ​នេះ និង​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ជា​ដើម ដើម្បី​ជជីក​សួរ​ឲ្យ​លោក​កឹម សុខា បកស្រាយ និង​ស្វែង​រក​ការពិត​នៃ​ខ្សែ​អាត់​រឿងរ៉ាវ​ស្នេហា​នោះ។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​រក្សា​ជំហរ​មិន​ឆ្លើយ​មិន​ឆ្លង​មិន​ឈ្លោះ​ក្នុង​រឿង​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។