ពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ទប់ស្កាត់​ការ​ចាក់​ដី​រំលោភ​បឹងត្រាវ

ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ចោទ​ថា អាជ្ញាធរ​ចាប់​ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​ខេត្ត​ព្រះសីហនុ ថា​មិន​បាន​ជួយ​ទប់ស្កាត់​ការ​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិឯកជន ដោយ​ការ​ឈូស​ឆាយ និង​ដឹក​ដី​ចាក់​លុប​បឹងត្រាវ និង​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​បន្ត​ពូជ។ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង​ភ្លាមៗ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ដើម្បី​រក្សា​ផ្ទៃ​បឹងត្រាវ ឲ្យ​នៅ​សភាព​ដើម​វិញ។

​ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចោទ​មេ​ឃុំ​សាមគ្គី និង​អាជ្ញាធរ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ថា មិន​ជួយ​ការពារ​ធនធាន​ធម្មជាតិ មាន​ព្រៃ​លិច​ទឹក ពិសេស​ផ្ទៃ​បឹងត្រាវ ដែល​ជា​បឹង​ធម្មជាតិ​ស្តុក​ទឹក​សាប​សម្រាប់​ពួកគាត់​ប្រើប្រាស់​រាល់​ឆ្នាំ ត្រូវ​គេ​ចាក់​ដី​រំលោភ​យក​ធ្វើ​សិទ្ធិ​ស្ទើរ​ទាំង​ស្រុង​ដោយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់​ទេ។

ពលរដ្ឋ​មូលដ្ឋាន​ឃុំ​សាមគ្គី សំណូមពរ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន អភិបាល​ស្រុក​ព្រៃនប់ និង​លោក នេន ចំរើន នាយ​ខណ្ឌ​ជលផល ខេត្ត​ព្រះសីហនុ ជួយ​ចុះ​ពិនិត្យ និង​ទប់​ស្កាត់​គ្រឿងចក្រ​របស់​ម្ចាស់​ក្រុមហ៊ុន ដែល​កំពុង​ចាក់​ដី​លុប​ផ្ទៃ​បឹងត្រាវ ឲ្យ​បាន​ឆាប់។ ជាង​នេះ​ដី​នៅ​ជុំវិញ​បឹង​មាត់បឹង​នេះ ត្រូវ​គេ​រុករាន ឬ​មាន​ម្ចាស់​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ ហើយ​ត្រូវ​បុគ្គល​ខ្លះ​ក៏​បាន​ពុះ​ច្រៀក​លក់ដូរ​ជា​បន្តបន្ទាប់។

​មិន​ខុស​ពី​កង្វល់​ពលរដ្ឋ​ទេ មន្ត្រី​សង្គម​ស៊ីវិល​ចំនួន ២​ស្ថាប័ន នា​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​បឹង​ធម្មជាតិ បឹងត្រាវ ស្ថិត​ក្នុង​ឃុំ​សាមគ្គី បាន​រិះគន់​អាជ្ញាធរ​មូលដ្ឋាន​នេះ និង​មន្ត្រី​ជំនាញ​ខេត្ត​ព្រះសីហនុ ចំពោះ​សកម្មភាព​ចាក់​ដី​លុប​បឹងត្រាវ រំលោភ​យក​ដី​ធ្វើ​កម្មសិទ្ធិ​នេះ​ដែរ។

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ផ្ដល់​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែ​មីនា នា​មាត់​បឹងត្រាវ ដោយ​បង្ហាញ​ការ​សោកស្ដាយ ដែល​ផ្ទៃ​បឹង​ធម្មជាតិ​មួយ​នេះ ត្រូវ​គេ​រំលោភ​យក​ស្ទើរ​អស់​មួយ​ចំហៀង​ទៅ​ហើយ ហើយ​អាជ្ញាធរ​មិន​ទប់ស្កាត់។

អ្នកស្រី ជៀប សុធារី បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​អភិបាល​ខេត្ត​ព្រះសីហនុ ជួយ​អន្តរាគមន៍​ទប់ស្កាត់​សកម្មភាព​ចាក់​ដី​លុប​បឹង​ត្រាវ រំលោភ​យក​ដី​ធ្វើ​កម្មសិទ្ធិ​កំពុង​កើតមាន​រាល់​ថ្ងៃ​នេះ​ឲ្យ​បាន​ជា​ស្ថាពរ៖ «អាកាសធាតុ​រាល់​ថ្ងៃ​នេះ គឺ​មាន​ការ​ប្រែប្រួល ដោយ​យើង​មិន​អាច​ទទួល​បាន​ទឹកភ្លៀង​មក​ប្រើប្រាស់​បាន​គ្រប់គ្រាន់​ទេ។ ដូច្នេះ​គួរ​ណាស់​អាជ្ញាធរ​ខំ​ប្រឹង​ថែរក្សា​ផ្ទៃ​បឹងត្រាវ ឬ​ស្តា​របឹង​នេះ​ឲ្យ​បាន​ជ្រៅ ឬ​ធំ​ទូលាយ​ឡើង​វិញ គឺ​មិន​មែន​ឲ្យ​គេ​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​ដោយ​គ្មាន​ការ​ទប់ស្កាត់​ទេ។ បឹង​ធម្មជាតិ​មួយ​នេះ គួរ​តែ​អាជ្ញាធរ​អភិរក្ស​ទុក​ស្តុក​ទឹក​ប្រើប្រាស់ សម្រាប់​ពលរដ្ឋ​ទូទាំង​ឃុំ​សាមគ្គី មិន​គួរ​ឲ្យ​មាន​ការ​ឃុបឃិត រំលោភ​យក​ផ្ទៃ​បឹង​នេះ​ទេ»

​ស្រដៀង​គ្នា​ដែរ​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ រិះគន់​រដ្ឋាភិបាល​ថា ធនធាន​ធម្មជាតិ​មាន​ព្រៃ​លិច​ទឹក បឹង អូរ ឆ្នេរ ព្រៃភ្នំ និង​កោះ​ជាដើម មិន​គួរ​ឲ្យ​មាន​បុគ្គល និង​ឈ្មួញ​រំលោភ​យក​ដោយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់​ទេ ព្រោះ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ទាំង​នេះ​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក ប៊ួន ណារិទ្ធិ បង្ហាញ​ការ​ហួស​ចិត្ត កាល​បើ​សង្កេត​ឃើញ​ថា មាន​ថ្នាក់ដឹកនាំ​នៅ​តាម​មន្ទីរ​ជំនាញ និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ អាណត្តិ​មុនៗ អាច​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ទៅ​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ មាន​ដូចជា បឹងត្រាវ បឹង​ព្រែកទប់ បឹង​កង្កែប ដី​ភ្នំ​៩៦ ដី​ឆ្នេរ​សមុទ្រ​រាម ឬ​ដី​ឆ្នេរ​ព្រៃ​កោងកាង ជម្រក​ត្រី​បន្ត​ពូជ នៅ​ម្ដុំ​ចម្ការ​ដូង​ចេងហេង ជាដើម បាន​ដោយ​រលូន។ ជាង​នេះ អ្នក​ឃុបឃិត​មិន​ត្រឹម​មិន​មាន​ទោសទណ្ឌ​ទេ ប៉ុន្តែ​បន្ត​ឡើង​ឋានៈ​បុណ្យស័ក្ដិ និង​តួនាទី​ទៀត។

ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធិ កត់សម្គាល់​ថា កន្លង​មក​នេះ តាម​ការ​សង្កេត​ចំពោះ​អ្នក​ជាប់​ពាក់ព័ន្ធ​ការ​ឃុបឃិត ចេញ​ប្លង់​កម្មសិទ្ធិ ឬ​លក់​ទ្រព្យសម្បត្តិ​រដ្ឋ​ឲ្យ​ទៅ​បុគ្គល​មាន​ទ្រព្យ ឬ​មន្ត្រី​មាន​អំណាច​ធ្វើ​កម្មសិទ្ធិ នា​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ បាន​បន្ត​ឡើង​ឋានៈ បុណ្យស័ក្ដិ និង​តួនាទី ជា​បន្ត​បន្ទាប់ មាន​ដូចជា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ ជាដើម។

​លោក ប៊ួន ណារិទ្ធិ៖ «យើង​ពិនិត្យ​ឃើញ​ជាក់ស្ដែង​ផ្ទៃ​បឹង​នេះ គឺ​មាន​ព្រៃ​ដុះ​ជុំជិត​ទាំង​អស់ ហើយ​ផ្ទៃ​បឹង​នេះ​ត្រូវ​គេ​ពុះ​ច្រៀក​ជា​ពីរ មួយ​ចំហៀង​ចាក់​ដី​លុប​ផ្ទៃ​បឹង និង​មួយ​ចំហៀង​ទៀត​មិន​ទាន់​ចាក់​ដី​ចូល​ផ្ទៃ​បឹង​ទេ។ ផ្ទៃ​បឹង​ត្រាវ​នេះ ត្រូវ​គេ​ចាក់​ដី​រំលោភ​យក​អស់​មួយ​ចំហៀង​ទៅ​ហើយ មិន​ដឹង​ថា ហេតុអ្វី​បាន​ជា​អាជ្ញាធរ​ឃុំ​សាមគ្គី អភិបាល​ស្រុក​ព្រៃនប់ និង​អភិបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ជំនាញ​ជលផល​ជាដើម ហេតុ​អ្វី​បានជា​មិន​ខិតខំ​ការពារ​បឹង​នេះ បែរ​ជា​បណ្ដែតបណ្ដោយ​ឲ្យ​គេ​រំលោភ​បំពាន​ធ្វើ​កម្មសិទ្ធិ​អនាធិបតេយ្យ​បែប​នេះ»

​ទាក់ទិន​នេះ មេ​ឃុំ​សាមគ្គី លោក ប្រាក់ សារឹម បដិសេធ​មិន​បំភ្លឺ​លើ​ករណី​គ្រឿងចក្រ​ដឹក​ដី​ចាក់​លុប​ផ្ទៃ​បឹង​ធម្មជាតិ បឹង​ត្រាវ នា​មូលដ្ឋាន​លោក​ទេ។ ផ្ទុយ​ពី​ការ​គេចវេះ​នេះ នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលា​ខេត្ត​ព្រះសីហនុ លោក នួន ប៊ុនថុល ទទួល​ស្គាល់​ថា ពិត​ជា​មាន​គ្រឿងចក្រ​ដឹក​ដី​ចាក់ និង​រំលោភ​យក​យក​ផ្ទៃ និង​ចំណី​បឹង​ត្រាវ ដូច​ពលរដ្ឋ​មូលដ្ឋាន​នេះ​អះអាង​ពិតមែន។ លោក​ថា នឹង​រាយការណ៍​ជូន​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ជួយ​មាន​វិធានការ និង​ពិនិត្យ​សម្រេច ព្រោះ​មេ​ការ​នៅ​ការដ្ឋាន​ចាក់​ដី​ចូល​ផ្ទៃ​បឹង​ត្រាវ ថ្លែង​ថា ថៅកែ ឬ​ម្ចាស់ខ្លួន មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​កាន់​កាប់​នៅ​លើ​ចំណែក​ខ្លះ​នៃ​ផ្ទៃ​បឹង​នេះ។

លោក ប៊ុន ថុល អះអាង​ថា បញ្ហា​នេះ ទំនង​ជា​នឹង​អាច​ត្រូវ​កោះ​អញ្ជើញ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ខ្លះ មាន​មេ​ឃុំ​សាមគ្គី អភិបាល​ស្រុក​ព្រៃនប់ និង​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​ជាដើម មក​ប្រជុំ​សួរនាំ​រឿង​ប័ណ្ណ​កម្មសិទ្ធិ និង​ការ​ចាក់​ដី​លុប​បឹងត្រាវ ដើម្បី​ឈាន​ដល់​រក្សា​ផ្ទៃ​បឹងត្រាវ ឲ្យ​មក​សភាព​ដើម​វិញ៖ «តាម​ការ​ចុះ​ពិនិត្យ​ជាក់ស្ដែង មិន​ត្រូវ​មាន​គ្រឿង​ចាក់​ដឹក​ដី​លុប​បឹងត្រាវ ធម្មជាតិ​នេះ​ទេ។ ខ្ញុំ​នឹង​ដាក់​របាយការណ៍​ជូន​ឯកឧត្ដម​អភិបាល​ខេត្ត​ព្រះសីហនុ យន្ត មីន ឈាន​ដល់​មាន​វិធានការ​ជាក់ស្ដែង។ រឿង​នេះ​ទុក​ឲ្យ​ជំនាញ​ជលផល​ខេត្ត​ជា​អ្នកចាត់ការ​មួយ​ជំហាន​សិន និង​រាយការណ៍​ជូន​ខេត្ត​ដោះស្រាយ បើ​មាន​បញ្ហា​ស្មុគស្មាញ ឬ​រាំង​ស្ទះ​អ្វី​មួយ»

​មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា ទ្រព្យសម្បត្តិ​រដ្ឋ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៅ​​ខេត្ត​ព្រះសីហនុ ភាគ​ច្រើន​ត្រូវ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ មួយ​ចំនួន​ក្នុង​អាណត្តិ​មុនៗ បាន​ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ឯកជន​យ៉ាង​អនាធិបតេយ្យ គឺ​មាន​ដី​ភ្នំ​៩៦ មាន​ទីតាំង​នៅ​ជាប់​ខាង​ក្រោយ​ក្រុង​ព្រះសីហនុ ចេញ​ប្លង់​ជូន​បុគ្គល និង​មន្ត្រី​ខ្លះ​នៅ​លើ​ដី​ចំណី​មាត់បឹង​ព្រែកទប់ និង​ដី​ព្រៃ​កោងកាង ឬ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​នៅ​ឆ្នេរ​សមុទ្រ​រាម និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​នៅ​លើ​ដី​ចំណី​មាត់​បឹង​កង្កែប មាន​ទីតាំង​នៅ​ឃុំ​បិតត្រាំង និង​ឃុំ​រាម ស្រុក​ព្រៃនប់ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។