មន្ត្រី​ព្រៃឈើ​មណ្ឌលគិរី​រៀបចំ​សំណុំ​រឿង​ប្ដឹង​មនុស្ស​៥​នាក់​ពី​បទ​បាញ់​សត្វ​​​ក្នុង​ព្រៃ​ការពារ

មន្ត្រី​តំបន់​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី បញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​សត្វ​ខ្ទីង​មួយ​ក្បាល​ជា​ប្រភេទ​សត្វព្រៃ​កម្រ​ជិត​ផុត​ពូជ​នៅ​តំបន់​ព្រៃ​ការពារ​ក្នុង​ស្រុក​កោះញែក និង​រៀបចំ​សំណុំរឿង​ប្ដឹង​អ្នក​ពាក់ព័ន្ធ​ទៅ​តុលាការ។ មន្ត្រី​អង្គការ​មូលនិធិ​ពិភពលោក​សម្រាប់​ធម្មជាតិ  អំពាវនាវ​សុំ​ឲ្យ​ផ្ដន្ទាទោស​ជន​ពាក់ព័ន្ធ​ដោយ​គ្មាន​ការ​លើកលែង។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ថា​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ​លោក​នឹង​បញ្ជូន​សំណុំរឿង​ប្ដឹង​មនុស្ស ៥​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​បាញ់​សម្លាប់​សត្វ​ខ្ទីង​នៅ​ព្រៃ​ការពារ​ទៅ​ស្ថាប័ន​អយ្យកា​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី។

ជន​ពាក់ព័ន្ធ​ទាំង ៥​នាក់ ក្នុង​នោះ​មាន​បី​នាក់​ជា​យោធា​កងវរសេនាតូច​ការពារ​ព្រំដែន​គោក​លេខ ១០៣ នៃ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​មណ្ឌលគិរី ឈ្មោះ អ៊ុក សារុន សុខ មករា និង ឯក ពៅ។ ចំណែក​ពីរ​នាក់​ទៀត​មាន​ឈ្មោះ យើល ចេក ជា​ព្រានព្រៃ និង​ឈ្មោះ ស ប៊ុនលាង ជា​ប្រជាពលរដ្ឋ។

ប្រធាន​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី លោក កែវ សុភ័ក្រ ឲ្យ​ដឹង​ថា លោក​បាន​ផ្ញើ​របាយការណ៍​ស៊ើប​អង្កេត​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះញែក កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៤ មីនា បន្ទាប់ពី​បញ្ចប់​ការ​ស៊ើប​អង្កេត និង​កំណត់​មុខ​សញ្ញា​ជន​ពាក់ព័ន្ធ​បាញ់​សម្លាប់​សត្វព្រៃ​កម្រ​នេះ។

លោក​រំពឹង​ថា នៅ​សប្ដាហ៍​ក្រោយ​នេះ ពាក្យ​ប្ដឹង​នឹង​ត្រូវ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យកា​ចាត់​វិធានការ​បន្ត៖ «សំណុំរឿង​ហ្នឹង​យើង​បញ្ជូន​ចេញ​ពី​ព្រៃ​ការពារ​ហើយ​ទៅ​ផ្នែក​កោះញែក។ យើង​ចោទ​ប្រកាន់​ក្នុង​​មាត្រា​ទី​៩៧ ពី​បទ​បរ​បាញ់​ក្នុង​តំបន់​ការពារ»

ហាម ជួញ​ដូរ សត្វ​ព្រៃ ៨៥៥ ២០១៦
រូប​សត្វ​ពង្រូល ដែល​ត្រូវ​បាន​គេ​តាំង​បង្ហាញ​ជាមួយ​សារ​បញ្ឈប់​ការ​ជួញដូរ​សត្វ​ព្រៃ ក្នុង​ទិវា​សត្វ​ព្រៃ​ពិភពលោក​នា​ក្រសួង​បរិស្ថាន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៦។ RFA/Brach Chev

មន្ត្រី​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា បាន​ប្រទះឃើញ​សាច់​សត្វ​ខ្ទីង​មួយ​ក្បាល​ត្រូវ​គេ​សម្លាប់​យក​សាច់ និង​ស្នែង ហើយ​យក​មក​ហាល​ក្បែរ​ទីតាំង​យោធា​ចំណុច​អូរផ្លាយ ស្ថិត​ក្នុង​ឃុំ​ស្រែហ៊ុយ ស្រុក​កោះញែក។ បន្ទាប់ពី​ការ​រក​ឃើញ​នេះ មន្ត្រី​ព្រៃឈើ​បាន​ប្រមូល​វត្ថុ​តាង និង​ស្រាវជ្រាវ​​រក​អ្នក​ពាក់ព័ន្ធ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​យោធា និង​ប្រជាពលរដ្ឋ​រង​ការ​ចោទ​ប្រកាន់​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ក៏ប៉ុន្តែ​មេបញ្ជាការ​យោធា​ខេត្ត​មណ្ឌលគិរី លោក ឃិន ម៉េងស្រេង បញ្ជាក់​​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រសិន​មន្ត្រី​យោធា​របស់​លោក​មាន​កំហុស​សុំ​ឲ្យ​តុលាការ​ចាត់​​វិធានការ​ផ្លូវ​ច្បាប់។

ទាក់ទិន​ការ​បាញ់​សម្លាប់​សត្វ​ខ្ទីង​នេះ​ដែរ ប្រធាន​តំបន់​ខ្ពង់រាប​ទេសភាព​ភាគ​ខាង​កើត​នៃ​អង្គការ​មូលនិធិ​ពិភពលោក​សម្រាប់​ធម្មជាតិ​លោក មូល ផាត់ ថ្លែង​ថា សត្វ​ខ្ទីង​នៅ​តំបន់​ព្រៃ​ការពារ ឋិត​ក្នុង​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ ហេតុ​នេះ​ការ​បាញ់​សម្លាប់​សត្វ​ប្រភេទ​នេះ​ច្បាប់​បាន​ហាម​ប្រាម។ លោក​ថា ជន​ពាក់ព័ន្ធ​ត្រូវតែ​មាន​ទោស​មិន​អាច​លើកលែង​បាន​ទេ៖ «មិន​អាច​លើកលែង​បាន​ទេ បើ​មិន​អ៊ីចឹង​អាច​ជា​គំរូ​មិន​ល្អ​ដល់​ជន​ប្រព្រឹត្ត​ល្មើស​ផ្សេងៗ​ទៀត​ដែល​​គេ​គិត​ថា សម្លាប់​សត្វ​ជិត​ផុត​ពូជ​ហើយ​អត់​ឃើញ​មាន​ទោស​ផង អ៊ីចឹង​គេ​នឹង​ធ្វើ​បន្ត​ទៀត»

​ច្បាប់​ស្ដីពី​ព្រៃ​ឈើ​តម្រូវ​ឲ្យ​ផ្ដន្ទាទោស​ថ្នាក់​ទី​១ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ១០​ឆ្នាំ ចំពោះ​ជន​ទាំង​​ឡាយ​ណា​ដែល​បរបាញ់​សត្វ​ក្នុង​ព្រៃ​ការពារ​សម្លាប់​ធ្វើ​ពាណិជ្ជកម្ម ឬ​នាំ​ចេញ​ប្រភេទ​សត្វ​ក្រុម​ជិត​ផុត​ពូជ។ ប្រសិន​ជន​នោះ​មិន​រាងចាល​នឹង​ត្រូវ​ផ្ដន្ទាទោស​នេះ​ទ្វេ​ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។