ក្រសួង​បរិស្ថាន​គ្រោង​ធ្វើ​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម​សត្វព្រៃ

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នឹង​ធ្វើ​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ និង​មាន​កសិដ្ឋាន​អាច​ចិញ្ចឹម​សត្វព្រៃ​នៅ​តាម​តំបន់​របស់​ខ្លួន ដើម្បី​កាត់​បន្ថយ​ការ​បរ​បាញ់​សត្វ​ពី​ក្នុង​ព្រៃ។ ប៉ុន្តែ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សត្វ​ព្រៃ​យល់​ថា ប្រសិន​ច្បាប់​ចែង​មិន​ច្បាស់ និង​ការ​អនុវត្ត​មិន​បាន​ត្រឹមត្រូវ កន្លែង​ចិញ្ចឹម​សត្វព្រៃ​នឹង​ក្លាយ​ជា​កន្លែង​ជួញដូរ​សត្វព្រៃ​ដែល​ឈ្មួញ​បរបាញ់​បាន​ពី​ក្នុង​ព្រៃ។

ច្បាប់​ដែល​ក្រសួង​បរិស្ថាន នឹង​ធ្វើ​ច្បាប់​មួយ​មាន​ឈ្មោះ​ថា "ក្រម​បរិស្ថាន" ដែល​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ថា នឹង​ធ្វើ​ឲ្យ​ចេញ​នៅ​ក្នុង​អាណត្តិ​លោក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​នេះ។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ថ្លែង​ថា ច្បាប់​នេះ​គឺ​ដើម្បី​ធានា​ការពារ​ធនធាន​ធម្មជាតិ ហើយ​ច្បាប់​នេះ​នឹង​ការពារ​សិទ្ធិ​មនុស្ស សិទ្ធិ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ឧទ្យាន​ជាតិ និង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ។ លោក​បន្ត​ថា ច្បាប់​នេះ​នឹង​ផ្លាស់ប្ដូរ​ការ​គិត​របស់​ពលរដ្ឋ​ពី​ការ​បរបាញ់​សត្វ​ក្នុង​ព្រៃ​បែរ​មក​ចិញ្ចឹម​សត្វ​ព្រៃ​តាម​ផ្ទះ និង​កសិដ្ឋាន ដែល​ជា​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​អាហារ​របស់​មនុស្ស៖ «ច្បាប់​នេះ​នឹង​ប្ដូរ​ការ​គិត​របស់​មនុស្ស​តែម្ដង។ ពី​មុន​ជ្រូក​ព្រៃ​នៅ​ក្នុង​ព្រៃ ប៉ុន្តែ​ពេល​នេះ បង​ប្អូន​នៅ​រតនគិរី មណ្ឌលគិរី គឺ​ជា​សត្វស្រុក​របស់​គាត់»

លោក សាយ សំអាល់ ពន្យល់​ទៀត​ថា នៅ​តំបន់​ខ្លះ សត្វព្រៃ​បាន​ក្លាយ​ជា​សត្វ​ស្រុក​របស់​អ្នក​ភូមិ​ទៅ​ហើយ ដែល​សត្វ​ទាំង​នោះ រួម​មាន​ជ្រូកព្រៃ អណ្ដើក ទន្សាយ​ជាដើម។ លោក​ថ្លែង​ដូច​នេះ​ក្នុង​ទិវា​សត្វព្រៃ​ពិភពលោក នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា។ លោក​ឲ្យ​ដឹង​ដែរ​ថា សព្វថ្ងៃ​នេះ​ក្រសួងបរិស្ថាន​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចិញ្ចឹម​ជ្រូកព្រៃ​នៅ​ខេត្ត​ព្រះវិហារ ដោយ​ព័ទ្ធ​របង​ដី​ជាង ១០​ហិកតារ៖ «យើង​បាន​ចាប់​ផ្ដើម​កម្មវិធី​មួយ គឺ​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ជ្រូក​ព្រៃ បើ​មនុស្ស​ចូល​ចិត្ត​ជ្រូក​ព្រៃ គាត់​អាច​រក​ចំណូល​បាន»

យុវជន សត្វ​ព្រៃ ៨៥៥ ២០១៦
ក្រុម​យុវជន​ចូល​រួម​ទិវា​សត្វព្រៃ​ពិភពលោក នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev

នាយក​អង្គការ​ប្រចាំ​ប្រទេស នៃ​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ-​កម្ពុជា លោក ទុយ សេរីវឌ្ឍនា យល់​ថា ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​ពី​ការ​បរបាញ់​សត្វព្រៃ បែរ​មក​ចិញ្ចឹម​សត្វព្រៃ​ក្នុង​កសិដ្ឋាន​ជា​រឿង​ល្អ។ ប៉ុន្តែ​លោក​ព្រួយ​បារម្ភ​ថា ការ​អនុវត្ត​មិន​បាន​ត្រឹមត្រូវ នឹង​ធ្វើ​ឲ្យ​កសិដ្ឋាន​ក្លាយ​ជា​កន្លែង​បំផ្លាញ​សត្វព្រៃ ដោយ​យក​សត្វព្រៃ​មក​ទុក​ក្នុង​កសិដ្ឋាន រួច​ហើយ​ទើប​នាំ​ចេញ​ទៅ​លក់​ស្រប​ច្បាប់៖ «នេះ ​ជា​ការ​គំរាម​មួយ​ដល់​ការ​អភិរក្ស​សត្វ បើ​កសិដ្ឋាន​នោះ​ពុំ​មាន​តម្លាភាព គេ​អាច​យក​សត្វ​ពី​ក្នុង​ព្រៃ​ដាក់​ក្នុង​កសិដ្ឋាន ហើយ​បន្ទាប់​មក​គេ​អាច​ធ្វើ​អាជីវកម្ម​លើ​ហ្នឹង អស់​ហើយ​ចាប់​មក​ទៀត»

សង្គម​ស៊ីវិល​រូប​នេះ ទាមទារ​ឲ្យ​កសិដ្ឋាន​ចិញ្ចឹម​សត្វព្រៃ​ទាំង​នោះ មាន​បច្ចេកទេស​ត្រឹមត្រូវ មាន​គោលនយោបាយ​ច្បាស់​លាស់ ម្ចាស់​កសិដ្ឋាន​មាន​ឆន្ទៈ​ពិតប្រាកដ។ ជាង​នេះ​ទៅ​ទៀត លោក​ស្នើ​ឲ្យ​ច្បាប់​នោះ​ចែង​ឲ្យ​ច្បាស់លាស់​ថា សត្វ​ណា​អាច​ចិញ្ចឹម​បាន និង​សត្វ​ណា​មិន​អាច​ចិញ្ចឹម​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។