លោក​ ស៊ុន ចាន់ថុល​ ៖​ ការ​ធ្វើ​ប័ណ្ណបើកបរ ឆៀក​ឡាន​ និង​ស្លាក​លេខ​ ជា​ការ​ងារ​អាទិភាព​មុនគេ​ដែល​ត្រូវ​ធ្វើ​

លោក​ ស៊ុន ចាន់ថុល​ ៖​ ការ​ធ្វើ​ប័ណ្ណបើកបរ ឆៀក​ឡាន​ និង​ស្លាក​លេខ​ ជា​ការ​ងារ​អាទិភាព​មុនគេ​ដែល​ត្រូវ​ធ្វើ​



ភ្នំពេញ​ ៖​ លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ដែល​នឹង​ត្រូវ​ផ្លាស់​ទៅ​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​នា​ពេល​ខាង​មុខ​នេះ​បាន​លើក​ឡើង​ថា ​ការងារ​អាទិភាព​ចម្បង​ដែល​លោក​ត្រូវ​ធ្វើ​មុនគេ​នោះ​ គឺ​រៀបចំ​ការ​ផ្តល់​សេវា​សាធារណៈ​ទៅលើ​ការ​ចេញ​ប័ណ្ណបើកបរ ការ​ធ្វើ​ស្លាក​លេខ​ និង​ឆៀក​ឡាន​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​ងាយស្រួល​ជាង​មុន។​

លោក​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បែបនេះ​នៅ​ខាងក្រៅ​នៅ​ក្នុង​ពិធី​បើក​វេទិកា​ពិភាក្សា​អំពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា​បច្ចុប្បន្ន កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា ​នៃ​កម្ពុជា។

ដើម្បី​កែ​តម្រង់​ក្រសួង​មួយ​ចំនួន​ដែល​មាន​រដ្ឋមន្ត្រី​ស្ទក់​នឹង​ការងារ​នោះ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​ផ្លាស់ប្ដូរ​រដ្ឋ​មន្ត្រី​ចំនួន​៨​រូប ​ក្នុង​នោះ​មាន​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជួន​ផង​ដែរ​ដោយ​ដក​លោក​ ត្រាំ​ អ៊ី​តឹក ​រដ្ឋមន្ត្រី​ចាស់​ ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ហើយ​ជំនួស​ដោយ​លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ​វិញ​ ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។

លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ​បាន​មានប្រសាសន៍ថា ​ការ​កែ​ទម្រង់​នេះ​ គឺជា​ការចាំបាច់​ដែល​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន​ រៀបចំ​រដ្ឋមន្ត្រី​មួយ​ចំនួន​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ផ្សេងៗ ​ហើយ​លោក​ត្រូវ​ទៅ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​វិញ ​ដោយ​តម្រូវ​ឲ្យ​ទៅ​ជួយ​កែ​ទម្រង់​រៀបចំ​សេវា​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​។
​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ត​ថា​ «​ការ​កែ​ទម្រង់​មុនគេ​ ទោះបីជា​ខ្ញុំ​មិនទាន់​ទៅ​ទេ ​តែ​ខ្ញុំ​គិត​ហើយ​ ទី​១​-ត្រូវ​ដោះស្រាយ​បញ្ហា​ការ​ដឹក​ជញ្ជូន​ឲ្យ​បាន​លឿន​បំផុត ​ផ្ដល់​សេវា​សាធារណៈ​ឲ្យ​បាន​លឿន​បំផុត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ កុំ​ឲ្យ​គាត់​មានការ​លំបាក ​មានការ​យឺតយ៉ាវ​ក្នុង​ការ​ធ្វើ​ប័ណ្ណ​បើកបរ​ ធ្វើ​ស្លាក​លេខ​ និង​ឆៀក​ឡាន​។ ចំណុច​ទាំង​បី​នេះ​ខ្ញុំ​សូម​វាយលុក​មុនគេ​»។

លោក​បាន​បញ្ជាក់​ថា​ លោក​ធ្លាប់​កាន់​ក្រសួង​នេះ​មួយ​អាណត្តិ​ដែរ​ ដូចនេះ​ពេល​ដែល​ខ្ញុំ​ត្រឡប់​ទៅវិញ ​ធ្វើ​ម៉េច​ឲ្យ​មានការ​រីកចម្រើន​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ កសាង​ផ្លូវ​ថ្នល់​ឲ្យ​បាន​ល្អ​ រៀបចំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រព័ន្ធ​ដឹង​ជញ្ជូន​យើង​នេះ​មាន​តម្លៃ​ទាប​ ដើម្បី​យើង​ទាក់ទាញ​អ្នក​វិនិយោគ​មក​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន ក៏ដូចជា​ទាក់ទាញ​វិស័យ​ទេសចរណ៍​ និង​អាច​ប្រកួតប្រជែង​ប្រទេស​គេ​បាន។​

នៅ​ពេល​សួរ​ថា​ តើ​លោក​មានការ​សោកស្ដាយ​ពី​ក្រសួងពាណិជ្ជកម្ម​ទេ ​លោក​ ស៊ុន ចាន់ថុល​បាន​បញ្ជាក់​ថា​ រឿង​ស្តាយ​វា​ស្តាយ​ហើយ​ តែ​យើង​បាន​កែ​ទម្រង់​ក្រសួងពាណិជ្ជកម្ម​បាន​ច្រើន​ហើយ​តែ​ដោយសារ​តាម​តម្រូវការ ​ដោយ​សម្ដេច​បាន​ណែនាំ​ឲ្យ​យើង​ត្រូវ​មើល​ព្រៃ​ទាំងមូល ​កុំ​មើល​ដើម​ឈើ​តែមួយ​ដើម​។​

លោក​ពន្យល់​ថា ​«​ដូចនេះ​ខ្ញុំ​មិនមែន​មើល​តែ​ដើមឈើ​មួយ​ដើម ​ដូចជា​ក្រសួង​ពាណិជ្ជកម្ម​ទេ ​គឺ​ខ្ញុំ​ត្រូវ​មើល​ព្រៃ​ទាំងមូល​ជាមួយ​សម្ដេច​។​ ដូច្នេះ​អត់​មានអី​ខ្វាយខ្វល់ ​គិតតែ​ខិតខំ​ប្រឹង​ធ្វើការ​ទៅ​លោក​តម្រូវការ​កន្លែង​ណា យើង​ទៅ​កន្លែង​ហ្នឹង​ ដើម្បី​ធ្វើការ​បម្រើ​ប្រទេសជាតិ​របស់​យើង​»។

លោក​បាន​បន្ថែម​ថា ចំណែក​ក្រសួងពាណិជ្ជកម្ម​មាន​រដ្ឋមន្ត្រី​ថ្មី​បន្ត​ធ្វើការ​ទៅ​ហើយ​ លោក​បាន​ផ្តាំ​រដ្ឋមន្ត្រី​ថ្មី​ថា ​លោក​ត្រៀម​ជួយ​ក្រសួងពាណិជ្ជកម្ម​ជានិច្ច​ក្នុង​ការ​ចរចា​ជាមួយ​គេ​ ត្រូវ​ការ​មក​ណា​មក​នោះ​មិន​មាន​បញ្ហា​អ្វី​ទេ ទោះ​បី​ជា​លោក​ទៅកាន់​ក្រសួង​សាធារណការ​ក៏ដោយ។​

ដោយសារ​លោក​ធ្លាប់​កាន់​១​ក្រសួង​សាធារណការ​បាន​១​អាណត្តិ​ លោក ​ស៊ុនចាន់ថុល​ បាន​ឲ្យ​ដឹង​ថា ​«​ការរៀនសូត្រ​មិន​ត្រូវ​ការ​ពេល​យូរ​ទេ ​ព្រោះ​លោក​ធ្លាប់​កាន់​រួចហើយ​ ធ្លាប់​កសាង​ផ្លូវ​ច្រើន​ហើយ​ អីចឹង​មិន​ជា​យូរ​ទេ ​ចំពោះ​ខ្ញុំ​ តែ​សូម​ទុក​ពេល​ឲ្យ​ខ្ញុំ​បន្តិច ​ដើម្បី​សិក្សា​មើល​ឡើងវិញ ​ព្រោះថា​ខ្ញុំ​ចេញ​យូរ​ដែរ​ តាំងពី​ឆ្នាំ​២០០៨​មក ​តែ​មិន​អី​ទេ​ ទៅវិញ​រៀន​សូត្រ​បាន​លឿន​ទេ​»។​

លោក​ថា​ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​បារម្ភ​ពេក​ ខ្ញុំ​ទៅកាន់​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​សន្យាថា​នឹង​ខិតខំ​ប្ដេជ្ញា​ចិត្ត​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ ទោះ​មិនបាន​១០០​ភាគរយ​ក៏​ឲ្យ​បាន​ច្រើន​ ងាយស្រួល​ក្នុង​ការ​ធ្វើ​ប័ណ្ណបើកបរ​ ឆៀក​ឡាន​។​ល​។​

មើល​ថែ​ទាំ​ផ្លូវថ្នល់​ និង​កសាង​ថ្មី​បន្ថែម​ទៀត ​ពង្រីក​កំពង់ផែ ​ស្តា​រផ្លូវ​រទេះភ្លើង​ជាដើម ​ដើម្បី​ឲ្យ​ការ​ដឹក​ជញ្ជូន​នេះ​មាន​តម្លៃ​ថោក​ អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​បាន​ ហើយ​ខិតខំ​ប្រឹង​ប្រែង​ធ្វើការ​ឲ្យ​អស់ពី​សមត្ថភាព​ ដើម្បី​កែ​ទម្រង់​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​នេះ​ឲ្យ​បាន​ជោគជ័យ​ជូន​ជាតិ​មាតុភូមិ​របស់​យើង​»​៕