តាម​ការ​គ្រោងទុក ​តំណែង​អភិបាលខេត្ត​កំពង់ស្ពឺ​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២២​ ខែ​មីនា​ខាងមុខនេះ

តាម​ការ​គ្រោងទុក ​តំណែង​អភិបាលខេត្ត​កំពង់ស្ពឺ​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២២​ ខែ​មីនា​ខាងមុខនេះ



កំពង់ស្ពឺ​ ៖ ​តំណែង​អភិបាល ​ខេត្ត​កំពង់ស្ពឺ​ថ្មី ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ទើប​រៀបចំ​តែងតាំង​នោះ តាម​ការ​គ្រោងទុក​ នឹង​រៀបចំ​កម្មវិធី​ប្រកាស​ចូលកាន់​តួនាទី​អភិបាល​ អភិបាលរង ​នៃ​គណៈ​អភិបាល ខេត្ត​កំពង់ស្ពឺ​ថ្មី​ នា​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦​ខាង​មុខ​នេះ ​ក្រោម​អធិបតីភាព​ ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ស្ពឺ។

ការ​ត្រៀម​ប្រកាស​មុខតំណែង​អភិបាលខេត្ត​កំពង់ស្ពឺ​ថ្មី ដែល​គ្រោង​រៀបចំ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ត្រូវបាន​គេ​ដឹង​ថា លោក វ៉ី សំណាង អភិបាលរង ខេត្តកំពង់ស្ពឺ ត្រូវបាន​ឡើងកាន់​ជា​អភិបាលខេត្ត​ជំនួស លោក អ៊ូ សំ​អួន ដែល​ត្រូវ​ឡើង​ទៅ​កាន់​ដំណែង​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ។

លោក​ហ៊ុន ប៊ុន​រ៉ា មន្ត្រី​វ័យក្មេង និង​មាន​សមត្ថភាព​ម្នាក់ ក្នុង​សាលាខេត្ត​កំពង់ស្ពឺ​បាន​បញ្ចេញ​ទស្សនៈ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក ដោយ​កត់​សម្គាល់ថា លោក អ៊ូ សំ​អូន មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ខ្ពស់ មិន​និយម​បក្ខពួក​ទេ ក្នុងនោះ​រួមមាន ៖ ទី​១-​លោក​បាន​ចាត់​ទុក​ខេត្តកំពង់ស្ពឺ​ដូច​ខេត្ត​កំណើត​របស់​គាត់ ទី​២-​លោក​ចូលចិត្ត​អភិរក្ស​បង្អែម​របស់​ខ្មែរ រាល់ពេល​មានកម្ម​វិធី​ប្រជុំ​តែងតែ​កុម្ម៉ង់​អាហារសម្រន់ ពី​ប្រជាពលរដ្ឋ​មាន នំអន្សម​ចេកអាំង ចេកអាំង នំត្នោត​ជាដើម​ ទី​៣- ចូលចិត្ត​តាមដាន​ព័ត៌មាន​ទូទៅ​របស់​ប្រជាពលរដ្ឋ ក្នុង​ខេត្ត និង​បញ្ហា​នយោបាយ និង​ប្រទេសជាតិ​គ្រប់​ប្រភេទ ទី​៤- លោក​ជា​មនុស្ស​មាន​ទស្សនៈ​វែងឆ្ងាយ និង​បើក​ចិត្ត​ទូលាយ​ចំពោះ​មន្ត្រី មហាជន ពលរដ្ឋ​ស្មើៗ​គ្នា គ្មាន​ការរើសអើង​នោះទេ នរណា​ក៏​អាច​និយាយ និង​សួរនាំ​ពី​បញ្ហា​ផ្សេងៗ ទី​៥-​លោក​ចូលចិត្ត​ប្រើ​មន្ត្រី​ដែល​មាន​ភាព​ច្នៃប្រឌិត និង​ដឹកនាំ​ការងារ​ដោយ​ខ្លួនឯង ត្រូវមាន​ឆន្ទៈ និង​លះបង់​ខ្ពស់ ទី​៦-​លោក​អាច​ចាយ​លុយ​ដោយ​ឥត​លុយ​ចាយ​បាន មានន័យថា រាល់​ថវិកា​សាងសង់​សមិទ្ធផល​នានា​ភាគច្រើន បាន​មកពី​គ្រប់​មជ្ឈដ្ឋាន សប្បុរសជន ថវិកា​រដ្ឋ ថវិកា​ផ្ទាល់ខ្លួន​មក​ជួយ​ជ្រោមជ្រែង ជាពិសេស​ផ្តោតលើ រចនាសម្ព័ន្ធ​រូបវន្ត ព្រោះ​មាន​តម្លាភាព ទី​៧-​ចូលចិត្ត​រៀបចំ​ផែនការ​ការងារ​ជាប្រចាំ និង​អនុវត្ត​ជាប្រចាំ​ថ្ងៃ មិន​ទុក​​​ខ្លួន​ឲ្យ​ទំនេរ សូម្បីតែ​មួយថ្ងៃ​ ទី​៨-​លោក​ស្វែងយល់​ពី​តម្រូវការ​របស់​មនុស្ស​គ្រប់​វ័យ ទី​៩-​លោក​ជា មនុស្ស​ជឿ​លើ​ការអនុវត្ត​របស់​មន្ត្រី ជាង​ការ​រាយការណ៍​គ្មាន​ហេតុផល​នោះ​ទេ ទី​១០-​គាត់​ចូលចិត្ត​សង់​អ្វីៗ​ដែល​ធំៗ ដូចជា​ផ្លូវ អគារ ភ្លើង​បំភ្លឺ​ពេលយប់ និង​ស៊ីវិល័យ​បំផុត ទី​១១-​លោក ចូលចិត្ត​បង្រួបបង្រួម​មន្ត្រី​ច្រើនជាង​ឲ្យ​ចែក​បក្ខពួក ប៉ុន្តែ​បើ​គេ​មិន​ចូល​ ក៏​បារម្ភ​ដែរ តែ​សង្ឃឹម​ពេល​ក្រោយ​អាច​ចូល​វិញ ទី​១២- លោក​ចូលចិត្ត​ចុះ​មូលដ្ឋាន និង បង្កើន​ភាព​ស្និទ្ធស្នាល ជាមួយ​ប្រជាពលរដ្ឋ​គ្រប់កន្លែង​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​ពិសេស​បំផុត​លោក អ៊ូ សំ​អួន ​មិន​ដែល​ធ្លាក់​តំណែង ឬ​ថ្នាក់ដឹកនាំ​ដក​តំណែង​ទេ​ គឺ​ឡើង​រហូត ប៉ុន្តែ​ចំណុច​ដែល​ខ្វះខាត​របស់​លោក​មិនសូវ​បាន​ចូលរួម​ប្រជុំ​សាមញ្ញ​របស់ ក្រុមប្រឹក្សា​ខេត្ត បាន​ញឹកញាប់ ក្រៅពីនោះ​គាត់​មាន​លក្ខណៈ​ល្អជា​ច្រើន​ទៀត​ដែល​បាន​បង្រៀន​អ្នក​ជំនាន់​ក្រោយ​ស្វែង​ពី​ការងារ​ដឹកនាំ និង​អភិវឌ្ឍន៍។

យោង​តាម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០១៦​កន្លងមកនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ការ​ដំឡើង​តួនាទី​មន្ត្រី​នៅ​មូលដ្ឋាន​ដូចជា អភិបាលខេត្ត ក្រុង ស្រុក និង​មន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ គឺ​តម្រូវ​ឲ្យ​ជ្រើសរើស​មន្ត្រី​ដែល​បម្រើ​ការងារ​ក្នុង​មូលដ្ឋាន​នោះ​តែម្តង ដើម្បី​រក្សា​ការពារ​សុចរិត​ភាព និង​យុត្តិធម៌ កាត់បន្ថយ​នូវ​រាល់​ការ​ថ្នាំងថ្នាក់​គ្នា​ផងដែរ។

សូម​បញ្ជាក់​ថា លោក​វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ ដែល​ត្រូវ​គ្រោង​ប្រកាស​នា​ថ្ងៃ​ទី ២២ ខែ​មីនា​ខាងមុខ​ ជា​មនុស្ស​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ និង​មាន​បទពិសោធន៍ ក្នុង​ការងារ​ដឹកនាំ ក្នុង​អំឡុង​លោក​ធ្វើជា​អភិបាលរង​ខេត្ត​ ដោយ​បាន​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ ចុះ​មូលដ្ឋាន ដោះ​បញ្ហា​ផ្សេងៗ​ក្នុង​ខេត្ត ហើយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ទាំងមូល​សង្ឃឹម និង​ជឿជាក់​លើ​លោក​អភិបាលខេត្ត​ថ្មី​បន្ត​ការដឹកនាំ​ខេត្ត​ប្រកបដោយ​ការ​អភិវឌ្ឍ​​ ហេដ្ឋារចនាសម្ពន្ធ​ សេដ្ឋកិច្ច​ដូចដែល​លោក​អ៊ូ សំ​អួន​ បាន​អនុវត្តន៍​នា​ពេល​កន្លងមក ធ្វើឲ្យ​ប្រជាពលរដ្ឋ និង​មហាជន​កោតសរសើរ​យ៉ាងខ្លាំង។

សូម​រំលឹក​ថា ​ភាព​រីកចម្រើន​ក្នុង​ខេត្ត​កំពង់ស្ពឺ​ រហូត​​មាន​ឈ្មោះ​បោះ​សំឡេង​ល្បីល្បាញ​ក្នុង​ប្រទេស ​គឺ​កើត​ឡើង​ក្រោយពី​លោក​អ៊ូ សំ​អួន ឡើង​កាន់​តំណែង​ជា​អភិបាល ខេត្ត​កំពង់ស្ពឺ ក្នុង​រយៈពេល​ជាង ២​ឆ្នាំនេះ​ប៉ុណ្ណោះ ទោះបីជា​លោក​បាន​ចាកចេញ​ទៅកាន់​តួនាទី​ថ្មី​ជា​រដ្ឋលេខាធិការ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ក៏​ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​មិន​អាច​បំភ្លេច​បាន​ឡើយ នូវ​ស្នាដៃ​អភិវឌ្ឍន៍​នា​ពេល​កន្លង​មក​នេះ៕

តាម​ការ​គ្រោងទុក ​តំណែង​អភិបាលខេត្ត​កំពង់ស្ពឺ​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២២​ ខែ​មីនា​ខាងមុខនេះ

តាម​ការ​គ្រោងទុក ​តំណែង​អភិបាលខេត្ត​កំពង់ស្ពឺ​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២២​ ខែ​មីនា​ខាងមុខនេះ

តាម​ការ​គ្រោងទុក ​តំណែង​អភិបាលខេត្ត​កំពង់ស្ពឺ​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២២​ ខែ​មីនា​ខាងមុខនេះ

តាម​ការ​គ្រោងទុក ​តំណែង​អភិបាលខេត្ត​កំពង់ស្ពឺ​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២២​ ខែ​មីនា​ខាងមុខនេះ