ផ្ទាំង​ថ្ម​ធំ​ៗ​ធ្លាក់​ពី​លើ​កំពូលភ្នំ​បង្ក​​ជា​​ផ្កាភ្លើង​ឆេះ​ព្រៃ​ រាលដាល​ឆេះ​ស្ពាន​អស់​១​ខ្សែ

ផ្ទាំង​ថ្ម​ធំ​ៗ​ធ្លាក់​ពី​លើ​កំពូលភ្នំ​បង្ក​​ជា​​ផ្កាភ្លើង​ឆេះ​ព្រៃ​ រាលដាល​ឆេះ​ស្ពាន​អស់​១​ខ្សែ



ពោធិ៍សាត់ ​៖​ ផ្លូវ​យុត្តិសាស្ត្រ​លេខ​៤៨​ចាស់ ​នៃ​តំបន់​ជួ​ភ្នំក្រវាញ​ត​ភ្ជាប់​ពី​ខេត្ត​ពោធិ៍សាត់​ទៅ​ខេត្ត​កោះកុង ត្រូវ​បាន​កាត់ផ្ដាច់​ចរាចរណ៍​ទៅ​មក​​ ​កាលពី​វេលា​​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​អូតាលាស់ ស្ថិ​ក្នុង​ភូមិ​ឆាយ​លូក ឃុំ​អូ​សោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​ ដោយសារ​តែ​អំណាច​នៃ​អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង​ធ្វើ​ឲ្យ​ថ្មភ្នំ​ធ្លាក់​បែក​ផ្កាភ្លើង​ឆេះ​ព្រៃ​រាល​ទៅ​ឆេះ​ស្ពាន​អស់​មួយ​ខ្សែ​ទាំងស្រុង។ នេះ​បើ​តាម​លោក​សេង សុភា​ណា អភិបាល​ស្រុក​វាលវែង​បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​នៅ​មុន​នេះ​បន្តិច។

លោក​អភិបាលស្រុក​​​បាន​រៀបរាប់​ថា ​ មុន​ពេល​កើតហេតុ​នោះ​ គឺ​ភ្លើង​ឆេះ​ព្រៃ​បាន​រាលដាល​ឆាបឆេះ​តំបន់​ជួ​ភ្នំក្រវាញ​នេះ​ ស្ទើរ​គ្រប់កន្លែង មិន​ថា​ទីតាំង​ណា​ទេ ពោល​គឺ​នៅ​រដូវប្រាំង​ចូល​មក​ដល់​ អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង ​ធ្វើ​ឲ្យ​ផ្ទាំង​ថ្ម​ធំ​ៗ​លើ​កំពូលភ្នំ​ក្ដៅ​ប្រេះ​ធ្លាក់​មក​ជើងភ្នំ​ បង្ក​​ជា​ផ្កាភ្លើង​ឆាបឆេះ​ព្រៃ​តែម្ដង។ លោក​បន្ត​ថា ដោយឡែក​ភូមិសាស្ត្រ​ចំណុច​ខាង​លើ​នោះ​គឺ​នៅ​លើ​ផ្លូវ​យុត្តិសាស្ត្រ​ផ្លូវ​លេខ​៤៨​ចាស់​ ដែល​ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៥ ​ខេត្ត​ពោធិ៍សាត់​តាម​ជួរ​ភ្នំក្រវាញ ឆ្លងកាត់​ស្រុក​វាលវែង តំបន់​អូរសោម ទៅ​ខេត្ត​កោះកុង ​ត្រូវ​ភ្លើង​​​ឆេះ​ព្រៃ​ ​រាលដាល​ឆាបឆេះ​ស្ពាន​នេះ​ ដែល​សង់​ពី​ឈើ​មាន​ទំហំ​បណ្ដោយ​ប្រវែង​៨​ម៉ែត្រ ​និង​ទទឹង​ប្រវែង​៧​ម៉ែត្រ។ ការ​រាលដាល​ឆាបឆេះ​នេះ ​ដោយសារ​តែ​តំបន់​ជួរ​ភ្នំ​នេះ​ សម្បូរ​ព្រៃស្រោង​ដុះ​ជាប់​នឹង​ដង​ផ្លូវ ​និង​ស្ពាន​ឆ្លងកាត់ ហើយ​ពលរដ្ឋ​នៅ​ដាច់​ស្រយាល​ពី​គ្នា ឯ​អ្នកដំណើរ​ចរាចរណ៍​ ឆ្លងកាត់​ពេល​ល្ងាច ក៏​​ពុំ​សូវ​មាន, អាជ្ញាធរ​​​ក៏​បាន​​​ទទួល​ព័ត៌មាន​បាន​លឿន​ទៀត​ ​រហូត​ភ្លើង​ព្រៃ​នេះ​មាន​ឱកាស​ឆាបឆេះ​ស្ពាន​នេះ រយៈពេល​៣០​នាទី​ ទើប​ដឹង ហើយ​ឆេះ​អស់ទាំង​ស្រុង​តែម្ដង​ បើ​ទោះ​ពន្លត់​ ក៏​មិន​អាច​ពន្លត់​បាន​ដែរ ​ជា​ហេតុ​ធ្វើ​ឲ្យ​​ចរាចរណ៍​ឆ្លងកាត់​ចំណុច​នេះ​ត្រូវ​បាន​កាត់ផ្ដាច់។ ដូច្នេះ​អ្នកដំណើរ​ត្រូវ​​​​​ប្រើ​សាឡង់​ដាក់​ជាមួយ​រថយន្ត ឆ្លងកាត់​ចំណុច​នេះ​ទើប​ដំណើរការ​បាន ហើយ​លោក​ក៏​សូម​អំពាវនាវ​ពលរដ្ឋ​ទាំងអស់​រួម ​ទាំង​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​បង្កើន​ការពារ​ចំពោះ​គ្រោះធម្មជាតិ​ដោយ​ភ្លើង​ឆេះ​ព្រៃ​​នេះ​ផង ព្រោះ​វា​បាន​ឆេះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ច្រើន​ខ្នង, ទីតាំង​សាខា​កម្មករ​ស្នាក់នៅ​របស់​ក្រុមហ៊ុន​ដាំ​ដំឡូង​មី​ជាច្រើន​កន្លែង ហើយ​ថ្មី​នេះ​ ក៏​មាន​ការ​ឆាបឆេះ​រថយន្ត​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អស់​ច្រើន​គ្រឿង​ថែមទៀត​ដោយសារ​ភ្លើង​ព្រៃ​រាល​ឆាបឆេះ​នេះ។

លោក​ហេង​ សុភា​ណា​ អភិបាលស្រុក​វាលវែង​បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​វេលា​​ម៉ោង​ជាង​១១​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦ នេះ​ថា ​៖​ អាជ្ញាធរ​ខេត្ ត​និង​ស្រុក​បាន​កំពុងតែ រៀបចំ​សាងសង់​ស្ពាន​ថ្មី​ត្រង់​ចំណុច​នេះ​ឡើងវិញ​ហើយ ដោយ​ប្រើ​ឈើ​សាងសង់​ដដែល​ ដើម្បី​ឲ្យ​ដំណើរការ​របស់​ពលរដ្ឋ​ឆ្លងកាត់​ទីនេះ​បាន​ស្រួល​ឡើងវិញ ព្រោះ​ពលរដ្ឋ​នៅ​តំបន់​នេះ​ត្រូវ​ការ​ចាំបាច់​ប្រើប្រាស់​ស្ពាន​នេះ​​​ដើម្បី​ឆ្លងកាត់​ខ្លាំង​ណាស់ ក្នុង​ការ​ដឹក​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ រវាង​អ្នក​ពោធិ៍សាត់​ទៅ​ខេត្ត​កោះកុង, អ្នកស្រុក​វាលវែង​ទៅ​ឃុំ​អូរសោម និង​ទៅ​ទិញ​គ្រឿង​សមុទ្រ​ចំណី​អាហារ​នៅ​ខេត្ត​កោះកុង ហើយ​អ្នក​ខេត្ត​កោះកុង​ ក៏​ត្រូវការ​ឆ្លង​កាត់​តំបន់​នេះ​ដូចគ្នា​ដែរ៕

ផ្ទាំង​ថ្ម​ធំ​ៗ​ធ្លាក់​ពី​លើ​កំពូលភ្នំ​បង្ក​​ជា​​ផ្កាភ្លើង​ឆេះ​ព្រៃ​ រាលដាល​ឆេះ​ស្ពាន​អស់​១​ខ្សែ

ផ្ទាំង​ថ្ម​ធំ​ៗ​ធ្លាក់​ពី​លើ​កំពូលភ្នំ​បង្ក​​ជា​​ផ្កាភ្លើង​ឆេះ​ព្រៃ​ រាលដាល​ឆេះ​ស្ពាន​អស់​១​ខ្សែ