លួច​គោ​គេ​ដើរ​លក់​ទាំង​ថ្ងៃ​ ផ្អើល​ពេញ​ភូមិ​ ត្រូវ​កម្លាំង​ល្បាត​ក្របួច​បាន​ភ្លាមៗ​

លួច​គោ​គេ​ដើរ​លក់​ទាំង​ថ្ងៃ​ ផ្អើល​ពេញ​ភូមិ​ ត្រូវ​កម្លាំង​ល្បាត​ក្របួច​បាន​ភ្លាមៗ​



ស្វាយរៀង ៖ បុរស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​សហការ​ជាមួយ​កម្លាំង​ល្បាត កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ធ្វើការ​តាម​ចាប់ ខណៈ​ដែល​លួច​គោ​គេ​បាន​ហើយ ក៏​ដើរ​លក់​ពេញ​ស្រុក ពេញ​ភូមិ ។

ករណី​ចោរ​លួច​គោ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​ឫស្សីព្រៃ ឃុំ​កំពង់ចម្លង ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​។​
​ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា មាន​អ្នក​ដឹក​គោ​ដើរ​លក់​ក្នុង​តម្លៃ​ថោក គឺ​៨០០.០០០​រៀល ហើយ​គ្មាន​នរណា​ហាន​ទិញ​នោះ​ទេ​។

ប្រភព​បន្ត​ថា គ្រានោះ​សមត្ថកិច្ច​ក៏​មាន​ការសង្ស័យ​ក៏​សួរនាំ ពេលនោះ​ជនសង្ស័យ​ភ័យ​ក៏​រត់​ចោល​គោ ហើយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពុង​ចំឡង​ដេញ​ចាប់​ ហើយ​ក៏​រត់​ទៅ​ជួប​កម្លាំង​ល្បាត​របស់​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​ក៏​ចាប់ខ្លួន​បាន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តែម្ដង​។

បើ​តាម​ការ​ឆ្លើយ​របស់​ចោរ​លួច​គោ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូបគេ​បាន​ចូល​លួច​គោ​នោះ​តាំង​ពី​ម៉ោង​៤​ទៀបភ្លឺ ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ និង​បាន​ដើរ​លក់​ឲ្យ​គេឯង ក៏​ប៉ុន្តែ​គ្មាន​អ្នកទិញ​នោះ​ទេ ហើយពេលនោះ​ក៏​បាន​ជួប​នឹង​សមត្ថកិច្ច​សួរនាំ ​រូបគេ​ភ័យ​ពេក​ ក៏បាន​រត់ចោល​គោ ​ទៅ​ជួប​កម្លាំង​កងរាជអាវុធហត្ថ​ចាប់​​ខ្លួនតែម្តង​។ ​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចំឡង និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​