ធ្លាយ​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​ដែល​លោក កឹម សុខា បាន​ដាក់​យក​លុយ​ឲ្យ​ស្រី​ស្នេហ៍​ឈ្មោះ​ពៅ​ចំនួន​៤.០០០​ដុល្លារ

ធ្លាយ​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​ដែល​លោក កឹម សុខា បាន​ដាក់​យក​លុយ​ឲ្យ​ស្រី​ស្នេហ៍​ឈ្មោះ​ពៅ​ចំនួន​៤.០០០​ដុល្លារ



ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦ ម្ចាស់​ផេ​ក “​រឿង​ពិត CNRP” បាន​ទម្លាយ​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​គ្នា​មួយទៀត រវាង​លោក កឹម សុខា ជាមួយ​ស្រី​ស្នេហ៍​ម្នាក់​ឈ្មោះ ពៅ ហើយ​នៅ​ក្នុង​សំឡេង​ឆ្លើយឆ្លង​នោះ លោក កឹម សុខា បាន​ដាក់​យក​លុយ​៤.០០០​ដុល្លារ ដែល​ប្រមូល​បាន​ពី​អាមេរិក​ផង​ដែរ​។​

ម្ចាស់​ផេ​ក “​រឿង​ពិត CNRP” បាន​សរសេរ​ថា (​ដកស្រង់​សំឡេង​ឆ្លើយឆ្លង​គ្នា​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២) “ខ្ញុំម្ចាស់​ផេ​ក រឿង​ពិត CNRP សូម​ទាញ​ការចាប់អារម្មណ៍​ពី​បងប្អូន​ខ្មែរ​ដែល​កំពុង​រស់​នៅ​ឯ​ក្រៅ​ប្រទេស​ទាំងអស់​ឲ្យ​បាន​ដឹង​នូវ​ការពិត​អំពី​បញ្ហា​មួយ​ចំនួន​ដែល​បងប្អូន​ធ្លាប់​បាន​លើកឡើង សង្ស័យ​អំពី​ការ​បាត់​បង់លុយ​ជំនួយ​ពី​ក្រៅ​ប្រទេស និង​បាន​ជជីក​សួរ​ថា តើ​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​យក​លុយ​ជាច្រើន​រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក​នោះ​ទៅ​ណា​ខ្លះ​? ថ្ងៃនេះ ខ្ញុំ​សូម​ទម្លាយ​នូវ​អាថ៌​កំបាំង​មួយ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ស្នេហា​រវាង​លោក កឹម សុខា ជាមួយ​ស្រី​ស្នេហ៍​ឈ្មោះ ពៅ គឺ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ណាស់​ថា លោក កឹម សុខា គាត់​បាន​លុយ​ពី​អាមេរិក គឺ​មួយ​ចំនួន​ធំ បាន​យក​ទៅ​ចិញ្ចឹម​ស្រី​ស្នេហ៍​របស់​គាត់ បំពេញចិត្ត​ពួក​នាងៗ និង​ដើម្បី​ទុក​បម្រើ​កាមគុណ​ជា​ចំណង់​ផ្លូវ​ភេទ​របស់​គាត់​តែប៉ុណ្ណោះ​”។

ហ្វេ​ស​ប៊ុ​ក​សរសេរ​ទៀត​ថា “​គេ​នៅ​មិនទាន់​ដឹង​ចំនួន​ពិត​ប្រាកដ​ថា តើ​លុយ​ប៉ុន្មាន​ម៉ឺន​ដុល្លារ​មក​ហើយ ដែល​លោក កឹម សុខា បាន​ចំណាយ​ទៅលើ​បណ្ដា​ស្រី​ស្នេហ៍ នេះ​មិន​គិត​ពី​លុយ ​សង្ស័យ​ពី​អំពើ​កិបកេង​ជាច្រើន​ទៀត​ដែល​គាត់​យក​ទៅ​ទិញ​ដី ចម្ការ​ម្រេច រថយន្ត​ទំនើប វិឡា ផ្ទះល្វែង​សម្រាប់​ភាព​មាន​បាន​ផ្ទាល់ខ្លួន និង​ផ្តល់​ជូន​ទៅ​បណ្ដា​ឲ្យ​ស្រី​ស្នេហ៍។
ជាក់ស្ដែង តាមរយៈ​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​គ្នា​នេះ​រវាង​លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កឹម សុខា ជាមួយ​ស្រី​ស្នេហ៍​លួចលាក់ ឈ្មោះ ពៅ គឺ​លោក កឹម សុខា បាន​ទាក់ទង​ដើម្បី​ឲ្យ​នាង​យក​លុយ​ពី​គាត់​ចំនួន​៤​ពាន់​ដុល្លារ​អាមេរិក យក​ទៅ​ដាក់​នៅ​ធនាគារ ដើម្បី​ទុក​ប្រកប​របរ​រកស៊ី​។ លោក កឹម សុខា បាន​បញ្ជាក់​ច្បាស់​ណាស់ ប្រាប់​ទៅ​ស្រី​ស្នេហ៍​របស់​គាត់​ថា លុយ​នេះ​មាន​ចាស់​ខ្លះ ថ្មី​ខ្លះ ពីព្រោះ​ជា​លុយ​ដែល​គាត់​ប្រមូល​បាន​មកពី​អាមេរិក។

ម្ចាស់​ផេ​ក “​រឿង​ពិត CNRP” បាន​បញ្ជាក់​ទៀត​ថា “​ខ្ញុំ​ពិតជា​សោកស្ដាយ និង​អាណិត​ចំពោះ​ទឹកចិត្ត​បងប្អូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជា​ខ្លាំង ពី​ព្រោះតែ​ស្រឡាញ់​បក្ស ដូច​រូប​ខ្ញុំ​ដែរ គឺ​ជឿ​លើ​ការ​ឃោសនា​របស់​ជន​មួយ​ចំនួន ក៏បាន​នាំគ្នា​ជួយឧបត្ថម្ភ​លុយកាក់​ដែល​កើតចេញពី​កម្លាំង​ញើស​ឈាម​ផ្ទាល់ខ្លួន ខិតខំ​រកស៊ី​យ៉ាង​លំបាក​នៅ​ប្រទេស​គេ ដើម្បី​ជួយ​បក្ស ប៉ុន្តែ​ទីបំផុត គឺ​ត្រូវបាន​លោក​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ កឹម សុខា យកទៅ​ចិញ្ចឹម​ស្រី​ស្នេហ៍​ទៅវិញ​។ តើ​បងប្អូន​ខ្មែរ​នៅ​អាមេរិក​ទាំងអស់​គ្នា នៅពេល​បាន​ឮ​សំឡេង​ឆ្លើយឆ្លង​នេះ​ហើយ នៅតែ​បន្ត​ជួយ​បក្សប្រឆាំង​តទៅទៀត​ឬអ្វី​? សូម​បងប្អូន​ពិចារណា​ឡើងវិញ​?។​

ម្ចាស់​ផេ​កបាន​និយាយ​ដែរ​ថា បើ​បងប្អូន​បាន​ស្តាប់​ខ្សែអាត់​សំឡេង​ក្នុង​វគ្គ​នេះ នឹង​បាន​ដឹង​ថា បណ្តា​ស្រី​ស្នេហ៍​ជាច្រើន​នាក់​របស់​លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កឹម សុខា មិនដឹង​ម្នាក់ៗ​ទទួលបាន​កាដូរ​ពិសេស ឬ​ជា​លុយកាក់​ប៉ុន្មាន ពី​លោក​ប្រធាន កឹម សុខា​ឡើយ ពីព្រោះ​នេះ​គ្រាន់តែ​ជា​សំឡេង​ទាក់ទង​គ្នា បង្ហាញ​ពី​របៀប​បញ្ជូន​លុយ​ទៅ​ឲ្យ​ស្រី​ម្នាក់​ឈ្មោះ ​ពៅ ក៏​លោក កឹម សុខា មាន​ពេល​ខ្លះ​គាត់​ប្រើ​វិធី​បង្វែងដាន ដើម្បី​កុំ​ឲ្យ​ដឹង​ពី​សកម្មភាព​របស់​គាត់​ដែរ​។ តាមរយៈ​សំឡេង​ឆ្លើយឆ្លង​គ្នា​នេះ លោក កឹម សុខា បាន​បន្លំ​ភ្នែក​គេ ដោយ​គាត់​ប្ដូរ​ជិះ​ឡាន​ចាស់ ហើយ​ឲ្យ​តៃកុង​ឡាន ជា​អ្នក​បើក​ជូន​គាត់​ទៅ​ស្កាត់​ជូន​ស្រី​ពៅ។

លោក កឹម សុខា បាន​យក​ទូរស័ព្ទ​ដៃ​របស់​អ្នកដទៃ​សម្រាប់​ទាក់ទង​ទៅ​ស្រី​ស្នេហ៍ ដើម្បី​កុំ​ឲ្យ​គេ​សង្ស័យ​នឹង​រូប​គាត់​ក្នុង​ឋានៈ​ជា​ប្រធាន​គណបក្ស​នយោបាយ​មួយ ហេតុតែ​ឆ្កួត​វង្វេង​នឹង​ស្រី គឺ​គាត់​ក៏បាន​ចំណាយ​លុយ​មិន​តិច​ដែរ​សម្រាប់​ជូន​ទៅ​បណ្ដា​ស្រីៗ​របស់គាត់​”​។​

ក្នុង​សំឡេង​ទាក់ទង​គ្នា​នេះ លោក កឹម សុខា បាន​លួច​យកលុយ​ជាច្រើន​ពាន់​ដុល្លារ​ទៅ​ឲ្យ​ស្រី​ស្នេហ៍​(​អាពៅ​) ដោយ​គាត់​ជា​អ្នក​ហុច​លុយ​នោះ​ទៅ​ឲ្យ​ អាពៅ ​ដោយ​ផ្ទាល់ដៃ នៅ​ចោមចៅ ម្តុំ​ធនាគារ​អេស៊ីលីដា ហួស​ជិត​ពោធិចិនតុង​បន្តិច ពីព្រោះ​តែ​គាត់​សង្ស័យ​ថា ដូចជា​មាន​គេ​កំពុង​តាម​ដាន​។ ក្រៅពី​ការ​កិបកេង​លុយ​ពី​ក្រៅ​ប្រទេស គេចវេះ​ពី​ប្រពន្ធ និង​កូន ដើម្បី​យក​ទៅ​ឲ្យ​ស្រី​ស្នេហ៍​ទាំង​ភ្នែក​នៅ​កញ្ចឹងក ពីព្រោះ​ខ្លាច​មាន​គេ​ឃើញ និង​ស្គាល់​គាត់​ប៉ុណ្ណឹង​ហើយ ប៉ុន្តែ​ហេតុតែ​គាត់​ល្មោភ​ស្រី គិតតែ​ពី​រឿង​សប្បាយ គឺ​នៅពេលនោះ ភ័យ​ផង អរ​ផង លោក កឹម សុខា នៅ​ចង់​ឆ្លៀត​ណាត់​ស្រី​ស្នេហ៍​ម្នាក់​នោះ ដើម្បី​បាន​ទៅ​ដេក​រួមរក្ស​ជាមួយគ្នា​ទៀត ដោយ​លោក​ចង់​ឲ្យ​នាង​នោះ​ទៅ​ជួប​គាត់​នៅ​កំពង់ឆ្នាំង​។​

ហ្វេ​ស​ប៊ុ​ក​សរសេរ​ដែរ​ថា ទង្វើ​របស់លោក​ប្រធាន កឹម សុខា អាច​បញ្ជាក់បាន​ថា លោក​ហ៊ាន​ធ្វើអំពើ​ស្មោកគ្រោក​សព្វគ្រប់​បែបយ៉ាង ដោយ​គ្មាន​សតិសម្បជញ្ញៈ និង​ឧត្ដមគតិ​ជា​អ្នកនយោបាយ​ថ្លៃថ្នូរ និង​ប្រកបដោយ​គុណធម៌​ឡើយ គឺ​លោក កឹម សុខា គាត់​ហ៊ាន​បោកប្រាស់​លុយ​បងប្អូន​ខ្មែរ​នៅឯ​ក្រៅប្រទេស ដើម្បី​យក​ទៅ​ចិញ្ចឹម​ស្រី​ក្មេង​។ នេះហើយ ដែល​គេ​ហៅថា មួយ​ជីវិត​របស់លោក កឹម សុខា គេច​មិន​ផុត​ឡើយ​ពី​ពាក្យ “​បោកប្រាស់ គឺ​បោកប្រាស់​ទាំង​នយោបាយ បោកប្រាស់​ទាំង​បងប្អូន​ខ្មែរ នៅ​ក្នុង និង​ក្រៅប្រទេស​ថែមទៀត​”៕