អុកឡុក​ពេញ​រោងការ​ ពេល​​​ដឹក​ទៅ​ប៉ុស្តិ៍​ចាំ​ស្មា​ប៉ូលិស​ដួល​ម៉ូតូ​សន្លប់​ឈឹង

អុកឡុក​ពេញ​រោងការ​ ពេល​​​ដឹក​ទៅ​ប៉ុស្តិ៍​ចាំ​ស្មា​ប៉ូលិស​ដួល​ម៉ូតូ​សន្លប់​ឈឹង



ព្រៃវែង​ ៖ ​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​មេស​ម្នាក់​រង​របួស​បែក​ច្រមុះ​ បន្ទាប់ពី​ដឹក​បុរស​ដែល​បង្ក​​ចលាចល​នៅ​ក្នុង​រោងការ​មួយ​កន្លែង​ទៅ​ប៉ុស្តិ៍​ ហើយ​​ត្រូវ​ជន​​​នោះ​ខាំ​ស្មា​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ។

ពាក់ព័ន្ធ​នឹង​ករណី​ខាង​​លើ​​ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​​​កន្លែង​កើតហេតុ​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា​ នៅ​ថ្ងៃ​ទី១៧ ខែ​មីនា ឆ្នាំ២០១៦ ​​វេលា​​ម៉ោង​៧​និង​១០​នាទី​យប់​ នៅ​ចំណុច​ភូមិ អណ្ដូង ឃុំ​មេសប្រចាន់​ ស្រុក​ពារាំង ​ខេត្ត​ព្រៃវែង​ មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម​ កេក​ខន ​​អាយុ៣៤​​ឆ្នាំ ​រស់នៅ​ភូមិ​លេខ​៤ ឃុំ​អំពិលតាពក​ ខេត្ត​ត្បូងឃ្មុំ ​ បាន​មក​ចូលរួម​ពិធីការ​ ​​ស្ថិតនៅ​ក្នុង​ភូមិ​អណ្ដូង ឃុំ​មេសប្រចាន់។ ក្រោយ​មក ​ឈ្មោះ​​ស៊ីម កេក​ខន បាន​បោក​ចាន​ និង​កែវ​​​ក្នុង​រោងការ ​​​​ក៏​ត្រូវ​ប្រពន្ធ​ និង​បងប្អូន​ របស់​ខ្លួន​មក​ឃាត់ ​តែ​ជន​នោះ​មិន​ស្ដាប់​ ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ​វាយ​ប្រពន្ធ​ និង​បងប្អូន​ថែមទៀត។ ដោយ​ឃាត់​មិន​បាន ​ក៏​ហៅ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខាង​លើ​មក​ចាប់​យក​ទៅ​អប់រំ​​ ហើយ​នៅ​ពេល​សមត្ថកិច្ច​មកដល់​ឈ្មោះ​ស៊ីម កេក​ខន បាន​ដេញ​វាយ​ និង​ជេរ​សមត្ថកិច្ច​ថែមទៀត។ ពេល​នោះ​ សមត្ថកិច្ច​បាន​ដាក់​ខ្នោះ​ ហើយ​យក​ម៉ូតូ​ដឹក​ទៅ​ប៉ុស្តិ៍​​បាន​ពាក់កណ្ដាល​ផ្លូវ​ ក៏​ត្រូវ​ជន​បង្ក​​​នោះ​ខាំ​ស្មា​របស់​លោក​នាយរង​ប៉ុស្តិ៍​ឈ្មោះ​នុត រ​ទ្ធី​ ដែល​ជា​អ្នក​បើក(ឌុប) ​​បណ្ដាល​ឲ្យ​ដួល​​​​​​រង​របួស​សន្លប់​ឈឹង។ នៅ​ក្នុង​ពេល​ដែល​លោក​នាយរង​ប៉ុស្តិ៍​កំពុងតែ​សន្លប់ ​ជន​បង្ក​​បាន​ស្ទុះ​ទៅ​ខាំ​ថែមទៀត ដូច​ឆ្កែ​ឆ្កួត​ ពេលនោះ​សមត្ថកិច្ច ​ដែល​ជិះ​ពីក្រោយ​បាន​ស្ទុះ​ទៅ​ជួយ​ទាន់។

ពេល​មក​ដល់​ប៉ុស្តិ៍​រដ្ឋបាល​ខាង​លើ​ ជន​បង្ក​​បាន​ជេរ​ប្រមាថ​អ្នក​កាសែត​ចំនួន​បី​នាក់​យ៉ាង​ដំណំ ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ ​ស្ទុះ​មក​រក​វាយ​អ្នកកាសែត​ទៀត​ផង​ ​​ទាំង​ដៃ​ជាប់​ខ្នោះ។ លុះ​មកដល់​ម៉ោង ៩និង១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា ​ឆ្នាំ​២០១៦ ​បងប្អូន​ជន​បង្ក​​ខាង​លើ​​បាន​សម្របសម្រួល​ជាមួយ​ជនរងគ្រោះ​ ​រួច​ក៏បាន​ដោះលែង​ជនល្មើស​តែម្ដង។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ ឃុំ​កើតហេតុ​បាន​រិះគន់​សមត្ថកិច្ច​ថា​ បើសិនជា​ប្រជាជន​ធម្មតា​អត់​មាន​ខ្សែ​​វិញ​នោះ ​ច្បាស់​ជា​មាន​រឿង​ធំ​ជាក់​ជា​មិនខាន ​តែ​អ្នកមាន​ខ្សែ​ និង​អំណាច​មានរឿង​ប៉ុណ្ណា​ក៏ដោយ ខ្សឹបខ្សៀវ​គ្នា​បន្តិចបន្តួច ក៏​រួច​ទៅ​ហើយ។ ចំណែក​ឯ​ការ​ជេរ​ប្រមាថ​មក​​លើ​​ក្រុម​អ្នក​កាសែត​គឺ​ជនល្មើស​​បាន​ធ្វើ​កិច្ចសន្យា​ និង​សុំ​ទោស​ តែ​​​អ្នកកាសែត​​​​​ ​​មិន​​អត់ឱន​ឲ្យ​ឡើយ៕