គោ ក្របី​របស់​អ្នកភូមិ​នៅ​ក្រុងភ្នំពេញ ​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដង​ផ្លូវ ​និង​រំខាន​ដល់​អ្នក​ដំណើរ

គោ ក្របី​របស់​អ្នកភូមិ​នៅ​ក្រុងភ្នំពេញ ​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដង​ផ្លូវ ​និង​រំខាន​ដល់​អ្នក​ដំណើរ



ភ្នំពេញ ​៖ ​សត្វ​គោ​ ក្របី​របស់​អ្នក​ភូមិ​នានា​ នៅ​ជាយក្រុង​ភ្នំពេញ​តែងតែ​ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​​ដើរ​ប្រសាច​តាម​ដង​ផ្លូវ​ ទាំង​ហ្វូង​ៗ ​រំខាន​ដល់​អ្នក​ដំណើរ និង​បង្ក​​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ផង​ដែរ។ សត្វ​ពាហនៈ​ទាំង​នេះ ​ត្រូវ​បាន​ច្បាប់​ហាមឃាត់​ ចំពោះ​ម្ចាស់​ជា​អ្នក​ចិញ្ចឹម​ត្រូវ​​ទទួល​ខុសត្រូវ​ ក្នុង​ការ​គ្រប់គ្រង​វា​ឲ្យ​មាន​សុវត្ថិភាព​ តែ​មិន​មាន​អ្នក​គោរព​ច្បាប់។

ភាព​អនាធិបតេយ្យ​នៃ​សត្វ​គោក្របី​ទាំង​នោះ​ ជារឿយៗ​តែងតែ​ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​នៅ​ក្នុង​ខណ្ឌ​សែនសុខ ​ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌ​ដង្កោ ខណ្ឌ​ឫស្សីកែវ ​ខណ្ឌ​ជ្រោយចង្វា​ និង​ខណ្ឌ​ព្រែកព្នៅ។

ការគ្រប់គ្រង​សត្វ​ពាហនៈ ​ដែល​អ្នកភូមិ​ចិញ្ចឹម​នោះ​មាន គោ ក្របី ដំរី សេះ ពពែ ឆ្កែ ជ្រូក​ជា​ដើម​ត្រូវ​បាន​ចែង​នៅ​ក្នុង​ច្បាប់​ចរាចរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​តម្រូវឲ្យ​ម្ចាស់​ដែល​ចិញ្ចឹម​សត្វ​ទាំងនោះ ត្រូវតែ​ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​វា ដោយ​ចង​ ឬ​ដាក់​ទ្រុង​ឲ្យបាន​ល្អ ត្រឹមត្រូវ ពោល​គឺ​មិន​ត្រូវ​លែង​សត្វ​ទាំង​នេះ​​ឲ្យ​ដើរ​ពាសវាលពាសកាល។ ការ​តាក់តែង​ច្បាប់​បែបនេះ​ដោយសារ​មាន​ហេតុផល​ជាក់ស្ដែង​នា​ពេល​កន្លងមក​ដូចជា ​ ១/ វា​បង្ក​​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពេល​សត្វ​ទាំង​រត់​ឆ្លង​ផ្លូវ បណ្ដាល​ខូចខាត​ទ្រព្យសម្បត្តិ និង​របួស​ ឬ​ស្លាប់​ផង​ក៏​មាន។
២/ វា​ដើរ​ស៊ី​ដំណាំ ឬ​ជុះ​អាចម៍​នៅ​តាម​ដង​ផ្លូវ ឬ​នៅ​​លើ​សួនច្បារ សាធារណៈ​បង្ក​ឲ្យ​មាន​ភាព​ស្អុយ​កខ្វក់ ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​សាធារណៈ។ ៣/ វា​អាច​មក​ជល់​ ឬ​ខាំ​មនុស្ស​បណ្ដាលឲ្យ​របួស ​ឬ​ស្លាប់​ក៏​មាន​ រួច​ហើយ​ដែរ។ ៤/ វា​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍ តាម​ដង​ផ្លូវ រំខាន​ដល់​អ្នក​ដំណើរ​ទូទៅ នៅ​ពេល​សត្វ​ទាំងនេះ​វា​នាំគ្នា​ដើរ​ឆ្លង​ផ្លូវ​នោះ។

តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ដឹង​ថា សត្វ​ពាហនៈ​ទាំង​នេះ​ណា​មួយ​វា​បាន​បង្ក​​ឲ្យ​មាន​បញ្ហា​ដល់​អ្នកដទៃ​នៅ​តាម​ដង​ផ្លូវ ម្ចាស់​នៃ​សត្វ​ពាហនៈ​ត្រូវ​ទទួលទោស​តាមច្បាប់ ដូចជា​ការ​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ជាដើម​ម្ចាស់​ត្រូវ​ជាប់ពន្ធនាគារ​ជំនួស​សត្វ​របស់​ខ្លួន ​ដែល​បាន​ចិញ្ចឹម​នោះ។

ចំពោះ​បញ្ហា​គ្រប់គ្រង​សត្វ​ពាហនៈ​ទាំង​នោះ អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ស្ទើរ​គ្រប់​ខណ្ឌ និង​នៅ​តាម​ខេត្ត​ក្រុង​នានា​ទាំង​អស់ គេ​មិនដែល​កោះហៅ​ប្រជាពលរដ្ឋ​ទាំង​នោះ​មក​ណែនាំ​ឲ្យ​យល់ដឹង​អំពី​បញ្ហា​ផ្លូវច្បាប់​ទាំងនេះ​​ឡើយ។ ដូច្នេះ​ហើយ​ទើប​បានជា​ប្រជាពលរដ្ឋ​ភាគច្រើន​គាត់​មិន​ខ្លាច​ច្បាប់​ហើយ​មាន​មនុស្ស​មួយ​ចំនួន​បាន​ស្លាប់​ ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​បុក​គោ ជ្រូក​ដួល​បែក​ក្បាល​​ ដោយ​មិន​មាន​ការ​រក​យុត្តិធម៌​ជូន។ ករណី​ខ្លះ​ មន្ត្រី​នគរបាល​មូលដ្ឋាន​​​ខ្ជិល​បែរ​ជា​ដាក់​បន្ទុក​មក​លើ​ជនរងគ្រោះ​(សព​)ថា មកពី​ជិះ​មិន​មាន​ការ​ប្រយ័ត្ន មក​បុក​សត្វ បណ្ដាល​ឲ្យ​ដួល​ស្លាប់​ខ្លួនឯង​ទៅ​វិញ ហើយ​សត្វ​ពាហនៈ​ដែល​រត់​កាត់​ផ្លូវ​នោះ ​ក៏​គេច​បាត់​ពី​កន្លែង​កើតហេតុ​ដែរ៕

គោ ក្របី​របស់​អ្នកភូមិ​នៅ​ក្រុងភ្នំពេញ ​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដង​ផ្លូវ ​និង​រំខាន​ដល់​អ្នក​ដំណើរ