ឪពុកមា​ប្រើ​អំពើ​ហិង្សា​វាយ​ធ្វើ​បាប​ក្មួយប្រុស​ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន

ឪពុកមា​ប្រើ​អំពើ​ហិង្សា​វាយ​ធ្វើ​បាប​ក្មួយប្រុស​ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន



បន្ទាយមានជ័យ ៖ កុមារា​ម្នាក់​ដែល​ម្តាយ​ និង ​ឪពុក​ជា​ប់​រវាល់​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ថៃ​យក​ទៅ​ផ្ញើ​និង​ម្តាយ​មីង​ឲ្យ​ជួយ​មើល​ ត្រូវ​ឪពុកមា​វាយ​ប្រើ​អំពើ​ហិង្សា​យ៉ាង​ខ្លាំង​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​កាលពី​វេលា​ម៉ោង​៩​នាទី​ ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៦ នៅ​ភូមិ​សូ​ភី សង្កាត់កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ឯក​ស ​ប៊ុន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក គ្រឿងញៀន​ និង ​អនីតិជន​បាន​និយាយ​ថា ​ជនសង្ស័យ​ប្រើ​អំពើ​ហិង្សា​លើ​កុមារ​មានឈ្មោះ លួស សាម៉ន ហៅ​ចាង ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។

លោ​ក ស ប៊ុន​សឿង​បាន​បញ្ជាក់​ទៀត​ថា ​លោក​បាន​ទទួល​ព័ត៌មាន​ពី​ឈ្មោះ វ៉ាន់ ស៊ី​ណាត អាយុ​៣៥​ឆ្នាំ​ ជា​អ្នកគ្រូ​បឋមសិក្សា​កំពង់ស្វាយ​ និង ​ឈ្មោះ នៅ ណាវី ភេទ​ស្រី​ អាយុ​៦៧​ឆ្នាំ​អ្នកជិតខាង​បាន​ប្តឹង​ឈ្មោះ លួស សាម៉ន ហៅ​ចាង បាន​ប្រើ​អំពើ​ហិង្សា​លើ​កុមារ​មានឈ្មោះ​វឿន​សុំ​កែវ ប្រុស​អាយុ​១២​ជា​សិស្ស​ថ្នាក់​ទី​២​ ក្នុង​ស្ថាន​ទម្ងន់​ទោស ​និង ​បង្ខាំង​មិន​ឲ្យ​ទៅ​រៀន​។

លោក​បាន​បន្ត​ថា ម្តាយ​ជនរងគ្រោះ​មានឈ្មោះ វឿន មុំ អាយុ​៤២​ឆ្នាំ​ មាន​កូន​៥​នាក់​ ស្រី៣នាក់ ​កុមារ​រង​គ្រោះជា​កូនពៅ​ដែល​រស់នៅ​ភូមិ​កើតហេតុ​។ តាម​សំដី​កុមារ​រងគ្រោះ​ឈ្មោះ វឿន សុំ​កែវ បាន​រៀបរាប់​ប្រាប់​ទាំង​ទឹកភ្នែក​ថា ​ម្តាយ​ និង ​ឪពុក​ចុង​របស់​ខ្លួន​ដោយ​ជីវភាព​ក្រីក្រ​បាន​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​យក​ខ្លួន​មក​ផ្ញើ​ម្តាយ​មីង​ឈ្មោះ វឿន រ៉ា អា យុ​៤០​ឆ្នាំ​ និង​ ឪពុកមា​ឈ្មោះ លួស សាម៉ន ហៅ​ចាង​។

ក្រោយពេល​ផ្ញើ​ គឺ​ នៅ​ពេល​ដែល​ម្តាយ​មីង​មិន​នៅផ្ទះ​ត្រូវ​បាន​ឪពុកមា​វាយ​ធ្វើបាប​ បង្អត់​អាហារ និង​មិន​ឲ្យ​ទៅ​រៀន​ជា​ញឹកញាប់​។ លុះ​ក្រោយ​មក​ទៀត​ពេល​ដែល​ម្តាយមីង​ទៅ​ភ្នំពេញ​ត្រូវ​បាន​ឪពុកមា​វាយ​ធ្វើបាប​ដោយ​បន្ទះ​ឫស្សី​រនាប​រហូតដល់​ប្រះ​ឆ្អឹង​កដៃ​ស្តាំ ​រង​របួស​ជាំ​ពេញ​ខ្លួន ហើយ​បង្អត់បាយ ​និង​មិន​ឲ្យ​ទៅ​សាលារៀន​បន្ត​ទៀត​។

តែ​ដោយសារ​ជនរងគ្រោះ​ស្រឡាញ់​ការ​សិក្សា​ពេក​ក៏បាន​លួច​ទៅ​រៀន​ត្រូវ​បាន​អ្នកគ្រូ​ឈ្មោះ វ៉ាន់ ស៊ី​ណាត ឃើញ​ស្ថានភាព​បាន​សួរនាំ​និង​នាំមក​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​តែម្តង​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​និយាយ​ថា ​ក្រោយពេល​អ្នកគ្រូ​នាំ​កុមារ​រងគ្រោះ​មក​ប្តឹង​ និង ​ពិនិត្យមើល​ស្ថានភាព​កុមារ​រងគ្រោះ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ ​លោក​វ​រ​សេនីយ៍​ត្រី ព្រហ្ម ថេ​ង នាយការិយាល័យ​ព្រហ្មទណ្ឌ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ លួស សាម៉ន ហៅ​ចាង​ នៅ​នឹង​ផ្ទះ​តែ​ម្តង​។ ហើយ​បាន​បញ្ជូន​មក​ទីបញ្ជាការ​អាវុធហត្ថ​ដើម្បី​សាកសួរ​។

តាម​ចម្លើយ​ជនសង្ស័យ​ឈ្មោះ លួស សាម៉ន ហៅ​ចាង បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​ធ្វើ​ទា​រណកម្ម​ទៅលើ​កុមារ​រងគ្រោះ​ពិត​មែន​ តែ​ដែល​វាយ​គឺ​បង្រៀន​អក្សរ​មិន​ព្រមស្តាប់​និង​ចេញពី​សាលារៀន​លើស​ម៉ោង​ ទើប​វាយ​ព្រមាន​ តែ​មិន​នឹកស្មាន​ថា ​ជ្រុលដៃ​បណ្តាល​របួស​ពេញ​ខ្លួន​រហូត​ប្រេះ​ឆ្អឹង​កដៃ​ស្តាំ​។ ក្រោយពេល​សាកសួរ​ហើយ​ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​៕