ធ្លាក់​យន្ដហោះ​ប៊ូអីង នៅ​ភាគ​ខាង​ត្បូង​​រ៉ូស្ស៊ី ស្លាប់​៦២នាក់

ក្រុមហ៊ុនអាកាសចរណ៍ «flydubai» ដែលបម្រើសេវាកម្ម«ធូរថ្លៃ» បានអះអាងពីគ្រោះ ធ្លាក់យន្ដហោះរបស់ខ្លួន នៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងភាគខាងត្បូងនៃប្រទេសរ៉ូស្ស៊ី ដោយឆក់យក ទាំងជីវិតមនុស្ស ៦២នាក់ទៅជាមួយផង។
ធ្លាក់​យន្ដហោះ​ប៊ូអីង នៅ​ភាគ​ខាង​ត្បូង​​រ៉ូស្ស៊ី ស្លាប់​៦២នាក់

យន្ដហោះប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍ «flydubai» ដែលជាក្រុមហ៊ុនរដ្ឋ បម្រើសេ​វាកម្មធូរថ្លៃ របស់ប្រទេសកាតា។ (រូបថតឯកសារ)

«ក្រុមហ៊ុន "flydubai" សូមសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ដោយអះអាងថា យន្ដហោះដែលភ្ជាប់ ជើង​ហោះហើរលេខ "FZ981" បានធ្លាក់បោកខ្លួន នៅពេលដែលយន្ដហោះនេះ ត្រៀមចុះចត និងពីតុល្យភាព នៃ​ជន​រងគ្រោះដល់ជីវិត នៅក្នុងគ្រោះថ្នាក់ដ៏អាណោចអាធមនេះ» នេះជាការថ្លែងឲ្យដឹង របស់ក្រុមហ៊ុន​អាកាសចរណ៍ «flydubai» នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយភ្លាមៗ នាព្រឹកថ្ងៃសៅរ៍នេះ។

សម្រាប់គណៈកម្មការស៊ើបអង្កេត របស់ប្រទេសរ៉ូស្ស៊ីវិញ បានថ្លែងឲ្យដឹងដែរថា គ្រោះធ្លាក់យន្ដហោះ បាន​សម្លាប់មនុស្ស៦២នាក់ ក្នុងនោះ៥៥នាក់ជាអ្នកដំណើរ និង៧នាក់ ជាអ្នកបម្រើការនៅក្នុងយន្ដហោះ (រួម​ទាំង​អ្នកបើកយន្ដហោះ ពីរនាក់ផង)។ តួលេខនេះ ខុសគ្នាបន្តិចពីការផ្សាយ របស់ក្រសួងស្ថានការណ៍បន្ទាន់ របស់​ប្រទេសរ៉ូស្ស៊ី ដែលបានបញ្ជាក់នៅពេលមុនគ្នាបន្តិចថា មានមនុស្សស្លាប់៦១នាក់ ដោយបានរាប់​សមាជិក​បម្រើការ នៅក្នុងយន្ដហោះ មានចំនួនត្រឹមតែ៦នាក់ប៉ុណ្ណោះ។

បើតាមក្រុមហ៊ុន «flydubai» ដដែល បានឲ្យដឹងទៀតថា យន្ដហោះបានហោះចេញ ពីព្រលាន​យន្ដហោះ​អន្តរជាតិ នៃក្រង ឌុយបៃ (Dubaï - ប្រទេសអេមៀរ៉ាត់អារ៉ាប់រួម) នៅល្ងាចថ្ងៃសុក្រ វេលាម៉ោង១៨និង២០នាទី (ម៉ោងក្នុងស្រុក) និងគ្រោះថ្នាក់បានកើតឡើង នៅព្រលានយន្ដហោះ ក្រុង «Rostov-sur-le-Don» ក្នុងយប់​ថ្ងៃ​សុក្រ ចូលមក​ព្រឹក​ថ្ងៃសៅរ៍ វេលាម៉ោង០០ និង៥០នាទី (ម៉ោងក្នុងស្រុក)។

ក្រុមហ៊ុនអាកាសចរណ៍ បានបញ្ជាក់ទៀតថា នឹងធ្វើអ្វីៗគ្រប់លទ្ធភាពទាំងអស់ ដើម្បីប្រមូលនូវ​ព័ត៌មាន​ទាំង​ឡាយ នៅជុំវិញគ្រោះធ្លាក់យន្ដហោះនេះ និងបានស្នើសុំឲ្យ ធ្វើការបន់ស្រន់សម្រាប់ជនរងគ្រោះទាំងអស់។ លេខ​ទូរស័ព្ទមួយខ្សែ ត្រូវបានបង្កើតឡើង ដើម្បីជាជំនួយទៅដល់ក្រុមគ្រួសារ នៃជនរងគ្រោះ អាច​ទទួល​បាន​នូវ​ព័ត៌មាន​ផ្សេងៗ។

» រូបភាពភ្លាមៗ ដែលទទួលបាន ពីការធ្លាក់យន្ដហោះនេះ៖

ស្ថានភាពឧត្តុនិយមអាក្រក់...

យន្ដហោះធុន ប៊ូអីង (Boeing 737) បានធ្លាក់បោកខ្លួន ហើយបានឆាបឆេះជាអគ្គិភ័យឡើង។ ក្រសួង​ស្ថានការណ៍​បន្ទាន់ បានឲ្យដឹងបន្តថា អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុង នៅមួយម៉ោងក្រោយ។ សម្រាប់​ស្ថានីយ៍​ទូរទស្សន៍ «LifeNews» របស់រ៉ូស្ស៊ីវិញ បានរាយការណ៍ថា យន្ដហោះបានព្យាយាមចុះចតជាលើកទីពីរ ហើយ​ធ្លាក់​បោក​ដី នៅចម្ងាយជាងមួយរយម៉ែត្រ ពីផ្លូវចុះចតរបស់ព្រលាន ខណៈស្ថានភាពឧត្តុនិយម មាន​សភាព​អាក្រក់ មើលអ្វីមិនឃើញ។

ក្នុងយប់ថ្ងៃសុក្រ ឈានចូលមកព្រឹកថ្ងៃសៅរ៍នេះ មានភ្លៀងផ្គររន្ទះយ៉ាងខ្លាំង នៅក្រុង «Rostov-sur-le-Don»។ អាជ្ញាធររ៉ូស្ស៊ី បានថ្លែងព្រមានទុកជាមុន អំពីខ្យល់បក់ ដែលមានកម្លាំងខ្លាំង នៅក្នុងតំបន់។ នេះបើតាម​ការ​អះអាង របស់ទីភ្នាក់ងារព័ត៌មាន «»។ សូមបញ្ជាក់ដែរថា ក្រុមហ៊ុនអាកាសចរណ៍ «flydubai» ជា​ក្រុមហ៊ុន​រដ្ឋ​ចំណុះឲ្យរដ្ឋាភិបាល ក្រុងឌុយបៃ។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើង នៅខែមីនា ឆ្នាំ២០០៨៕