​៤​ចំណុច​នេះ​ដែល Cambodia All Stars ​​សង្ឃឹម​​ឈ្នះ​ Lao ​All Stars ល្ងាច​នេះ​

​លោក​ ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុម​​ Cambodia All Stars ​បាន​បង្ហាញ​ចំណុច​​​សំខាន់​​ចំនួន ៤​ដែល​អាច​ឲ្យ​ក្រុម​របស់​លោក​​​យក​ឈ្នះ​ទៅ​លើ​​​ក្រុម Lao All Stars ​​ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​​នា​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០១៦ ស្អែក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

 ​៤​ចំណុច​នេះ​ដែល Cambodia All Stars ​​សង្ឃឹម​​ឈ្នះ​ Lao ​All Stars ល្ងាច​នេះ​លោក ប្រាក់ សុវណ្ណារ៉ា (កណ្ដាល)

 

​អតីត​គ្រូ​បង្វឹក​ក្រុម ណាហ្គាវើល ត្រូវ​ដឹក​នាំ​ក្រុម Cambodia All Stars ទទួល​ក្រុម​ Lao All Stars វេលា​​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​ នៅ​ពហុកីឡដ្ឋាន​ជាតិ​ដែល​លោក​រំពឹង​ទទួល​បាន​លទ្ធផល​ល្អ​លើ​ក្រុម​ភ្ញៀវ។ លោក​បាន​​​បង្ហាញ​ចំណុច​សំខាន់​​ចំនួន​​​​ដែល​ជា​កត្តា​យក​ប្រៀប​លើ​ក្រុម​ Lao All Stars​។

-​​ ក្រុម​​ Cambodia All Stars ​មាន​ការ​​ត្រៀម​ខ្លួន​បាន​ល្អ​ជាង ​​ពី​ព្រោះ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ដែល​ជា​ទីលាន​របស់​​​ក្រុម​កម្ពុជា​ហ្វឹកហាត់​​​​​​រយៈ​ពេល​យូរ​ជាង​ក្រុម​ភ្ញៀវ។
-​ កីឡាករ​​របស់​ក្រុម​ Cambodia  All Stars ​​មិន​មាន​ការ​​ផ្លាស់​ប្ដូរ​ច្រើន​​​ទេ​ គឺ​សឹង​តែ​ទាំង​ស្រុង​ជា​កីឡាករ​ដែល​បាន​យក​ឈ្នះ​ក្រុម Buriram United ​របស់​ថៃ។ ​
-​ លីគ​បាល់ទាត់​អាជីព​របស់​ឡាវ​មាន​កម្រិត​នៅ​ទាប​ជាង​​​លីគ​អាជីព​របស់​ខ្មែ​រនៅ​ឡើយ បើ​ប្រៀប​ធៀបគ្នា។
-​ កម្រិត​គុណភាព​កីឡាករ​របស់​ Lao All Stars ​​​ទាប​ជាង​កម្រិត​គុណភាព​កីឡាករ Buriram ​ដែល​ Cambodia All Stars ​ធ្លាប់​បាន​យក​​ឈ្នះ​​ដោយ​បាល់​ប៉េណាល់ទី។

 

​ក្រុម Cambodia All Stars ​ធ្លាប់​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​​លំដាប់​អាជីព​របស់​ប្រទេស​ថៃ​ចំនួន ២​លើក​រួច​មក​ហើយ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កន្លង​មក​៕

 

អត្ថបទ​៖ ស្រី​ សុវណ្ណដារ៉ា​​​​​​