ហេតុ​អ្វី​​វិញ្ញាសា​បាល់ទាត់​ត្រូវ​​ប្ដូរ​ពី U-23 ទៅ U-22 នៅ​ស៊ីហ្គេម?

ប្រិយមិត្ត​ធ្លាប់​ដឹង​ហើយ​ថា​ក្រុម​បាល់ទាត់​​ដែល​ប្រកួត​ប្រជែង​នៅ​ស៊ីហ្គេម គឺ​ជា​ក្រុម​អាយុ​ក្រោម២៣ឆ្នាំ (U-23)។ ប៉ុន្តែ​សម្រាប់​ស៊ីហ្គេម ឆ្នាំ​២០១៧ នៅ​​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី​ នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ទៅ​ជា​ក្រុម​ U-22 វិញ។

 

បន្ថែម​លើ​នេះ​ នៅ​ក្នុង​ការ​ប្រជុំ​ក្រុមប្រឹក្សា​​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន (AFF) នៅ​ខេត្ត​ដាណាង ប្រទេស​វៀតណាម​ថ្មីៗ​នេះ​ ក៏​មាន​ការ​សម្រេច​​ពិចារណា​ប្រើ​ប្រាស់​ក្រុម ​ U-22 ជាអចិន្ត្រៃយ៍​តែ​ម្ដង​ ​ក្នុង​វិញ្ញាសា​បាល់ទាត់​ផ្នែក​បុរស​នៅ​ស៊ីហ្គេម មិន​មែន​តែ​ឆ្នាំ​២០១៧​នោះ​ទេ។ តើ​មូលហេតុ​អ្វី បាន​ធ្វើ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​បែប​នេះ?

 

ហេតុ​អ្វី​​វិញ្ញាសា​បាល់ទាត់​ត្រូវ​​ប្ដូរ​ពី U-23 ទៅ U-22 នៅ​ស៊ីហ្គេម?

U-23 ថៃ ជា​ម្ចាស់​មេដាយមាស​ស៊ីហ្គេម ២០១៥

 

ចម្លើយ​គឺ​ដើម្បី​ឲ្យ​ប្រទេស​នីមួយៗ អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ត្រៀម​​ក្រុម​ដល់​ទៅ​២ ពោល​គឺ​ក្រុម​សម្រាប់​ចូលរួម​ប្រកួត​ស៊ីហ្គេម និង​ក្រុម​សម្រាប់​ចូលរួម​ប្រកួត​ពាន AFC U23 Championship។

 

U-23 ដូច​គ្នា ហេតុអ្វី​បាន​ជា​ត្រូវ​ត្រៀម​ក្រុម​ដល់​ទៅ២? គឺ​ដោយ​សារ​ការ​ប្រកួត​ AFC U23 ធ្វើ​ឡើង​ក្រោយ​ស៊ីហ្គេម​មួយ​ឆ្នាំ ដូច្នេះ​ឆ្នាំ​ដែល​ត្រៀម​​ក្រុម U-23 សម្រាប់​ស៊ីហ្គេម គឺ​ប្រទេស​នីមួយៗ​ក៏​ត្រូវ​ត្រៀម​ក្រុម​កីឡាករ​ដែល​មាន​អាយុ​ក្រោម​២២ឆ្នាំ សម្រាប់​ AFC U-23 Championship នា​ឆ្នាំ​បន្ទាប់​ផង​ដែរ។

 

ការ​ផ្លាស់​ប្ដូរ​នេះ នឹង​ធ្វើ​ឲ្យ​ក្រុម​ទាំង​អស់ អាច​យក​ក្រុម U-22 ស៊ីហ្គេម​ ចម្រាញ់​ចេញ​ជា​ក្រុម U-23 សម្រាប់​ប្រជែង​ពាន AFC U-23 តែ​ម្ដង។

 

ការ​ផ្លាស់ប្ដូរ​នេះ ក៏​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ក្រុម​នៅ​អាស៊ាន អាច​រៀបចំ​ខ្លួន​បាន​ល្អ​សម្រាប់​វគ្គ​ជម្រុះ​កីឡា​អូឡាំពិក​ ឆ្នាំ​២០២០ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ផង​ដែរ។ វិញ្ញាសា​បាល់ទាត់​នៅ​អូឡាំពិក គឺ​ប្រើ​ក្រុម U-23 បូក​កីឡាករ​លើស​អាយុ​៣នាក់។

 

រំលឹក​ផង​ដែរ​ថា ស៊ីហ្គេម​បាន​បង្កើត​ឡើង​នា​ឆ្នាំ​១៩៥៩ ហើយ​វិញ្ញាសា​បាល់ទាត់​នា​ពេល​នោះ គឺ​ប្រើ​ក្រុមឈុត​ធំ មិន​មាន​ការ​កំណត់​អាយុ​នោះ​ទេ រហូត​ដល់​ឆ្នាំ​២០០១ ទើប​ផ្លាស់​ប្ដូរ​ទៅ U-23៕

 

ប្រែសម្រួល៖ សុវត្ថិ

ប្រភព៖ aseanfootball, footballchannel asia