គ្រាប់​បែក​អត្តឃាត​ផ្ទុះ​នៅ​ក្នុង​ក្រុង Istanbul បាន​សម្លាប់​មនុស្ស​៥​នាក់ និង​៣៦នាក់​រង​របួស

គ្រាប់​បែក​អត្តឃាត​ផ្ទុះ​នៅ​ក្នុង​ក្រុង Istanbul បាន​សម្លាប់​មនុស្ស​៥​នាក់ និង​៣៦នាក់​រង​របួស

ប៉ូលិស​យាម​កន្លែង​មួយ​បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​ហាង​លក់​ទំនិញ​ដ៏​ធំ និង​កន្លែង​ទេសចរណ៍​ដ៏​សំខាន់​ក្នុង​ក្រុង Istanbul កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​តួកគី​បាន​និយាយ​ថា ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង Istanbul បាន​បណ្តាល​ឱ្យ​មនុស្ស​ប្រាំ​នាក់​ស្លាប់ ​និង​បាន​ធ្វើឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៣៦​នាក់ទៀត​ត្រូវ​របួស ដោយ​មាន​ជន​៧នាក់ឋិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។​

លោក Mehmet Muezzinoglu ក៏​បាននិយាយ​ដែរ​ថា​មនុស្ស​១២នាក់​ក្នុងបណ្តា​ជន​ដែល​បាន​ត្រូវ​របួស​ជា​ជន​បរទេស។​

ការ​ផ្ទុះ​នេះ​បាន​កើត​មាន​ឡើង​នៅ​តាមផ្លូវ​ Istiklal ដែល​ជា​មហាវិថី​មួយ​នៅ​សង​ខាង​មាន​ហាង​លក់ទំនិញ​ច្រើន​នៅ​ក្នុង​ផ្នែក​កណ្តាល​នៃ​ក្រុង Istanbul ដែល​ជា​ធម្មតា​មាន​អ្នក​ថ្មើរ​ជើង​ពេញក្នុង​ទី​នោះ​នៅ​ពេល​ចុង​សប្តាហ៍។

ប៉ូលិស​បាន​ប្រញាប់ប្រញាល់​ហាម​ប្រាម​មិន​ឱ្យ​មនុស្សចេញ​ឬ​ចូល​ទី​នោះ​ទេ​នៅពេល​ដែល​ឡាន​ពេទ្យ​ និង​អ្នកពិនិត្យ​ខាង​នីតិបច្ចេកវិទ្យា​បាន​ទៅ​កាន់​កន្លែង​កើត​ហតុ​ជា​បន្ទាន់​ដែរ។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ Mohammad Javad Zarif ដែល​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ក្នុង​ក្រុង Istanbul បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​នេះ​ហើយ​លោកបាន​សម្តែង​មរណទុក្ខដល់​រដ្ឋាភិបាល​និង​ជាតិ​តួកគី​ផង​ដែរ។​

លោក Jean-Marc Ayrault រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស​បារាំង​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​ការ​វាយ​ប្រហារ​នេះ​ថា​ជា «សកម្មភាព​មួយ​ដ៏​សាហាវ​យង់ឃ្នង​និង​កំសាក»។ ​លោក​បាន​និយាយ​បន្ថែម​ថា​ រដ្ឋាភិបាល​ក្រុង​ប៉ារីស​គាំទ្រ ដល់​ប្រទេស​តួកគី ​ដោយ​សាមគ្គីភាព។​

ប្រទេស​តួកគី​បាន​ឋិត​ក្នុង​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅ​ក្រោយ​មាន​ការ​ផ្ទុះ​គ្រាប់បែក​បួន​នៅ​ក្នុង​រដ្ឋធានី​ អង់ការ៉ា (Ankara) កាលពី​ឆ្នាំ​ទៅ​មិញ។​ ការ​វាយ​ប្រហារ​ថ្មីៗ​បំផុត​កាល​ពី​ថ្ងៃ​ទី​១៣ខែ​មីនា​ដែល​បាន​ត្រូវ​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដោយ​ពួកឧទ្ទាម​ Kurd បាន​បណ្តាលឱ្យ​មនុស្ស៣៧​នាក់​ស្លាប់​ដោយមាន​រួម​បញ្ចូល​ទាំង​អ្នក​បំផ្ទុះ​គ្រាប់​បែក​ពីរ​នាក់ផង​ដែរ៕