ការ​វាយប្រហារ​តាម​អាកាស​លើ​ក្រុង​ស៊ីរី​មួយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់៣៩នាក់

ការ​វាយប្រហារ​តាម​អាកាស​លើ​ក្រុង​ស៊ីរី​មួយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់៣៩នាក់

ផែនទី​នៃ​ប្រទេស​ស៊ីរី។

ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍​លើ​ក្រុង Raqqa នា​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៣៩​នាក់​ស្លាប់ ​និង​បាន​ធ្វើ​ឱ្យ​មនុស្ស​ច្រើន​នាក់​ទៀត​ត្រូវ​របួស​នៅ​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំង​លើ​ក្រុង​នេះ​ដែល​ជា​រដ្ឋធានី​នៃ​ពួក​រដ្ឋ​ឥស្លាម។​

អង្គការ​ Syrian Observatory for Human Rights ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា ​មនុស្ស​៣៩​នាក់​បាន​ស្លាប់​ដោយ​មាន​កុមារ​៥នាក់​ និង​ស្ត្រី​៧នាក់​ផង​ដែរ​នៅ​ពេល​ដែល​ការ​វាយ​ប្រហារ​តាម​អាកាស​នោះ​បាន​ត្រូវ​ចំ​ផ្នែក​មួយ​ចំនួន​ក្នុង​ក្រុង​នោះ​ដែល​បាន​ត្រូវ​កាន់កាប់​ដោយ​ពួក​ជ្រុល​និយម​នេះ​ចាប់តាំង​ពី​ឆ្នាំ​២០១៣​មក។

គេ​មិន​បាន​ដឹង​ច្បាស់​លាស់​ភ្លាមៗ​អំពី​យន្តហោះ​នៃ​ប្រទេស​ណា​ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​នោះ​ទេ ក៏​ប៉ុន្តែ​ភាព​ច្របូក​ច្របល់​បែប​នេះ​មាន​ជា​ធម្មតា​ នៅ​ក្រោយ​ការ​ឆ្មក់​វាយ​ប្រហារ។​

​សកម្មជន​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម​មាន​ឈ្មោះ​ថា​អង្គការ «ក្រុង​ Raqqa កំពុង​បាន​ត្រូវ​សម្លាប់​ដោយ​ស្ងាត់ៗ» បាន​និយា​យ​ថា​ កង​យន្តហោះ​ចម្បាំង​រុស្ស៊ី​បាន​ធ្វើការ​វាយ​ប្រហារនោះដោយ​បា​ន​ថ្លែង​បន្ថែម​ថា​ការ​វាយ​ប្រហារនោះបាន​ធ្វើឱ្យ​ជនស៊ីវិល៤៣នាក់ស្លាប់និងបានធ្វើឱ្យ​របួស​៥០នាក់ថែម​ទៀត។

ក្រុមប្រឆាំង​ទីបី​ដែល​ឃ្លាំ​មើលស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី​មានឈ្មោះថា​"ពួកគណៈកម្មាធិការ​សម្របសម្រួល​ក្នុង​មូលដ្ឋាន"​បាននិយាយ​ថាការ​ឆ្មក់វាយ​ប្រហារ​តាម​អាកាស​បានត្រូវធ្វើដោយ​កង​យន្តហោះ​ចម្បាំង​របស់​រដ្ឋាភិបាល​ស៊ីរី​ហើយបាន​និយាយ​បន្ថែម​ថា​មានមនុស្ស​រាប់សិបនាក់បានត្រូវសម្លាប់ឬ​ត្រូវរបួស។

ក្រុមទាំង​បី​នេះ​បាននិយាយ​ថាការ​ឆ្មក់វាយប្រហារ​តាមអាកាស​ទាំង​នេះ​បានត្រូវចំផ្នែកជិត​មន្ទីរពេទ្យជាតិមួយ, អតីតមូលដ្ឋាន​មួយនៃកងទ័ព​ជើងគោកនិង​សង្កាត់ជិត​ខាងឯទៀតៗផងដែរ។​

ប្រទេស​រុស្ស៊ី​បាន​ធ្វើការ​វាយ​ប្រហារ​តាមអាកាស​ក្នុង​ប្រទេស​ស៊ីរី​ចាប់តាំង​ពី​ថ្ងៃទី​៣០ខែកញ្ញា​មក​ ទោះណា​ជា​ក្នុង​សប្តាហ៍​នេះ​រុស្ស៊ី​បានកាត់បន្ថយ​វត្តមានយោធា​របស់​ខ្លួននៅ​ក្នុងប្រទេស​ស៊ីរី​នៅក្រោយ​លោកប្រធានា​ធិបតីរុស្ស៊ី​ Vladimir Putin បានបញ្ជា​ឱ្យ​ដកភាគ​ខ្លះនៃ​កង​យន្តហោះចម្បាំង​និង​កង​កម្លាំង​រុស្ស៊ី​ចេញពី​ប្រទេស​ស៊ីរី​នៅ​ក្នុង​ការ​គាំទ្រ​ដល់​កិច្ចចរចា​សន្តិភាព​ដោយ​ប្រយោល​នៅ​ក្នុង​ក្រុង​ ហ្សឺណែវ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក Putin បាន​និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​មូស្គូ​រក្សា​ទុក​កងកម្លាំង​គ្រប់គ្រាន់​ល្មម​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដើម្បី​បន្ត​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម រណសិរ្ស​ Nusra និង​អង្គការ​ជ្រុលនិយម​ឯ​ទៀតៗ។​

ពួក​រដ្ឋ​ឥស្លាម​មិន​រួម​បញ្ចូល​ក្នុង​កិច្ច​ឈប់បាញ់​គ្នា​ដែល​បាន​ត្រូវ​រៀបចំ​ឱ្យ​មាន​ឡើង​ដោយ​ប្រទេស​រុស្ស៊ី​ និង​ស.រ.អា.​ទេ ហើយ​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​២៧ខែ​កុម្ភៈ ហើយ​បាន​នាំ​ឱ្យ​មាន​ការ​ចុះ​ថមថយ​អំពើហិង្សា​នៅ​ក្នុង​ប្រទេស​ស៊ីរី៕