រូប​ចម្លាក់ ឡេនីន ធំ​ជាង​គេ​ដែល​នៅ​ដល់​សព្វ​ថ្ងៃ ទើប​នឹង​ត្រូវ​គាស់​ចេញ

រូបចម្លាក់ ឡេនីន ធំជាងគេ ដែលនៅឈរដល់សព្វថ្ងៃ ក្នុងក្រុង ហ្សាប៉ូរីចា (Zaporijia) ភាគ​អាគ្នេយ៍​​នៃ​ប្រទេស​អ៊ុយក្រែន ទើប​នឹង​ត្រូវ​បាន​គាស់រំលើងចេញ កាលពីព្រហស្បត្តិ៍​កន្លងទៅ​នេះ។ ការគាស់​រំលើងនេះ ធ្វើឡើង​ស្រប​ទៅ​តាម​ច្បាប់ ស្ដីពី​ការ​បំបាត់​លិទ្ធិ​សូវៀតនិយម នៅក្នុងប្រទេស។
រូប​ចម្លាក់ ឡេនីន ធំ​ជាង​គេ​ដែល​នៅ​ដល់​សព្វ​ថ្ងៃ ទើប​នឹង​ត្រូវ​គាស់​ចេញ

រូបចម្លាក់ លេនីន ត្រូវបានគាស់ចេញ យកមកដាក់នៅលើរថយន្ដដ៏ធំ ដឹកចេញទៅ។ (រូបថត AFP)

«លាហើយ... សមមិត្ត ឡេនីន ដ៏មហិមា! លានៅពេលនេះ មិនដឹងថាពេលណា នឹងជួបសមមិត្តវិញឡើយ។» ប៉ុន្តែយ៉ាងហោចណាស់ ក៏រូបចម្លាក់ដ៏ធំមួយ របស់សមមិត្តអគ្គមគុទេសន៍រូបនេះ បានឈរនៅជាប់រហូត មក​ទល់​នឹង​សព្វថ្ងៃ មុននឹងរូបចម្លាក់ ត្រូវបានគាស់រំលើងចេញ កាលពីថ្ងៃព្រហស្បត្តិ៍។

រូបចម្លាក់​ដ៏សម្បើម ត្រូវបានសាងសង់ឡើង ពីដែកសំរិទ្ធ និងពីថ្មក្រានីត នៅកណ្ដាលក្រុង ហ្សាប៉ូរីចា (Zaporijia) ស្ថិតក្នុងភាគអាគ្នេយ៍ នៃប្រទេសអ៊ុយក្រែន តាំងពីឆ្នាំ១៩៦៤។ រូបចម្លាក់មានកំពស់ ២០ម៉ែត្រ (រាប់​ទាំង​ខឿន​ទ្ររូបចម្លាក់) និងមានទំងន់ដល់ទៅ ៤០តោន។

ដោយសារមានបញ្ហាបច្ចេកទេស ការគាស់រំលើងរូបចម្លាក់ របស់«សមមិត្ត»មេដឹកនាំ​​កុម្មុយនីសមួយនេះ មិន​បាន​ប្រព្រឹត្តិទៅ ដោយរលូននោះទេ ហើយគេត្រូវការរយៈពេល ជាច្រើនថ្ងៃ ដើម្បីធ្វើការគាស់ចេញ​បន្តិចម្ដងៗ។ មកដល់ថ្ងៃនេះ អាជ្ញាធរតំបន់របស់ប្រទេសអ៊ុយក្រែន នៅមិនទាន់ប្រកាសថា នឹងត្រូវដាក់អ្វីមកជំនួស រូប​ចម្លាក់​នេះ​នៅ​ឡើយ។

បើតាមវិទ្យាស្ថាន ដើម្បីព្រលឹងជាតិ របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា នៅមុនការងើបបះបោរ របស់​ប្រជាជនអ៊ុយក្រែន ដែលនិយមលោកខាងលិច នាឆ្នាំ២០១៣នោះ រូបចម្លាក់របស់ ឡេនីន មានចំនួន​ដល់​ទៅ​២៥០០រូប ស្ថិតនៅពាសពេញប្រទេស ដែលជាអតីតទឹកដីមួយ នៃសហភាពសង្គមនិយមសូវៀត។ នៅក្នុង​អំឡុង​ពេល នៃការងើបបះបោរនោះ រូបចម្លាក់ប្រមាណជា ៦០០រូប ជាពិសេសរូបចម្លាក់ ក្នុងរដ្ឋធានី គៀវ (Kiev) ត្រូវ​បាន​គាស់​រំលើងចោល ។

គេត្រូវរង់ចាំ រហូតដល់ខែឧសភា ឆ្នាំ២០១៥ ទើបច្បាប់ស្ដីពីការបំបាត់ចោល នូវលិទ្ធិសូវៀតនិយម ត្រូវ​បាន​អនុម័ត្រ ដែលអនុញ្ញាត​ ឲ្យមានការគាស់រំលើងចោល នូវរូបចម្លាក់ ចំនួនជាង១០០០ ជាបន្តបន្ទាប់ទៀត។ ច្បាប់​នេះ មិនមែនបង្កើតឡើង ដើម្បីគាស់តែរូបចម្លាក់ ឡេនីន គ្រវាត់ចោលប៉ុណ្ណោះទេ តែច្បាប់ដដែល បាន​ធ្វើការ​ហាម​ឃាត់ នូវសកម្មភាពណាក៏ដោយ ដូចជាការឃោសនា តាមបែបកុម្មុយនីសជាដើម ថាមិនឲ្យកើតមាន នៅ​លើ​ផ្ទៃ​ប្រទេស អ៊ុយក្រែន នោះឡើយ។

សម្រាប់ប្រទេសរ៉ូស្ស៊ីវិញ បានបរិហារច្បាប់ខាងលើនេះ ថាជាយុទ្ធវិធី​តាមបែប«ផ្ដាច់ការ» ដើម្បីបំបាត់ចោល នូវលិទ្ធិ​សូវៀត​និយម ក្រោមផ្លាក«ជាតិនិយម» របស់ប្រទេសអ៊ុយក្រែន៕

រូប​ចម្លាក់ ឡេនីន ធំ​ជាង​គេ​ដែល​នៅ​ដល់​សព្វ​ថ្ងៃ ទើប​នឹង​ត្រូវ​គាស់​ចេញ

រូប​ចម្លាក់ ឡេនីន ធំ​ជាង​គេ​ដែល​នៅ​ដល់​សព្វ​ថ្ងៃ ទើប​នឹង​ត្រូវ​គាស់​ចេញ

រូប​ចម្លាក់ ឡេនីន ធំ​ជាង​គេ​ដែល​នៅ​ដល់​សព្វ​ថ្ងៃ ទើប​នឹង​ត្រូវ​គាស់​ចេញ