នាវា​មុជ​ទឹក​«នុយក្លេអ៊ែរ»​រ៉ូស្ស៊ី លប​ចូល​មក​ក្បែរ​ឆ្នេរ​សមុទ្រ​បារាំង

នាវាមុជទឹករ៉ូស្ស៊ីមួយគ្រឿង ត្រូវបានមើលឃើញ ថាបានលបរំកិលខ្លួន ចូលមកក្បែរឆ្នេរ របស់​ប្រទេស​បារាំង កាល​ពី​ខែ​មករា​កន្លងទៅ។ ករណីនេះ ទើបនឹងត្រូវបានទម្លាយឲ្យដឹង មកដល់ដៃ​អ្នក​សារព័ត៌មាន នៃ​ទស្សនាវដ្ដី «L'Obs» របស់​បារាំង កាល​ពីដើម​ខែ​មីនា​នេះ​ប៉ុណ្ណោះ។ ការលប​ចូល​មកក្នុងដែនទឹកបារាំង នៃនាវាមុជទឹក​ខាង​លើ ទំនង​ជា​សកម្មភាព​មួយ ចង់​សាកល្បង​ប្រព័ន្ធ​ការពារ​ជាតិ របស់​បារាំង។
នាវា​មុជ​ទឹក​«នុយក្លេអ៊ែរ»​រ៉ូស្ស៊ី លប​ចូល​មក​ក្បែរ​ឆ្នេរ​សមុទ្រ​បារាំង

នាវាមុជទឹករបស់ប្រទេសរ៉ូស្ស៊ី។ (រូបថតឯកសារ)

តើប្រទេសបារាំង កំពុងប្រឈមនូវការសំដែងមហិទ្ធិរិទ្ធ ពីសំណាក់កងទ័ពរ៉ូស្ស៊ីឬ? ទោះជាយ៉ាងណាក៏ដោយ ក៏វានៅតែ​ជាហេតុការណ៍​លើកដំបូងមួយ បន្ទាប់ពីសង្គ្រាមត្រជាក់ បានបិទបញ្ចប់ទៅ តាំងពីច្រើន​សិបឆ្នាំ​មក​ហើយ។

ទស្សនាវដ្ដីបារាំងឈ្មោះ «L'Obs» បានស្រង់ប្រភព ពីអ្នកទទួលខុសត្រូវជាន់ខ្ពស់បារាំងមួយរូប មកអះអាងថា កងទ័ពជើងទឹកបារាំង បានមើលឃើញ នាវាមុជទឹករ៉ូស្ស៊ីនុយក្លេអ៊ែរ​មួយគ្រឿង ចូលមកក្នុងដែនទឹកបារាំងមួយ ដែលហៅថាឈូងសមុទ្រ ហ្គាស្កូញ (Gascogne - ស្ថិតនៅចន្លោះពីឆ្នេរសមុទ្របារាំង ភាគខាងលិច ទៅ​ទល់​នឹង​ឆ្នេរ​សមុទ្រ​អេស្ប៉ាញ ភាគខាងជើង) កាលពីចុងខែមករា។

ប្រភពបានបញ្ជាក់ទៀតថា នាវាមួយនេះ ស្ថិតក្នុងចំណោមនាវាមុជទឹក​នុយក្លេអ៊ែរទាំង១១ របស់ប្រទេសរ៉ូស្ស៊ី ដែល​មាន​សមត្ថភាព អាចធ្វើការបាញ់កាំជ្រួច ដើម្បីបើកការវាយប្រហារ ពីក្នុងទឹកបាន។ នាវាមុជ​ទឹក​ប្រភេទ​នេះ មាន​មូលដ្ឋាន​នៅក្នុងកំពង់ផែយោធា ឈ្មោះ «Mourmansk» ស្ថិតនៅភាគពាយ័ព្យនៃប្រទេសរ៉ូស្ស៊ី។

ទស្សនាវដ្ដីដដែល បានព្យាយាមធ្វើការសាកសួរ ទៅក្រសួងការពារជាតិបារាំង ពីបញ្ហានេះ តែ​មិន​មាន​ការ​ឆ្លើយ​តប ហើយក្រសួង​ការពារជាតិ ក៏មិនបានធ្វើការច្រានចោល​នោះដែរ។ នេះជាហេតុការណ៍កើតឡើង​លើក​ដំបូង​ហើយ នៃវត្តមានរបស់នាវាមុជទឹកមួយគ្រឿង ដែល​​ចូល​មក​ក្នុង​ដែនទឹក របស់ប្រទេសអធិបតេយ្យយ៉ាងដូច្នេះ  បើគេ​​រាប់​ចាប់​តាំង ពី​ការ​បិទ​បញ្ចប់​សម័យកាល​​សង្គ្រាមត្រជាត់ នាឆ្នាំ១៩៩១នោះមក។

បង្ហាញមហិទ្ធិរិទ្ធិ នៅចំពោះអ៊ឺរ៉ុបខាងលិច...

មិនមែនមានតែប៉ុណ្ណឹងទេ ព្រោះកាលពីថ្ងៃទី១៧ ខែកុម្ភៈនេះ មេបញ្ជាការកងទ័ពអាកាសបារាំង បានថ្លែង​ឲ្យ​ដឹង​ដែរថា យន្ដហោះទម្លាក់គ្រាប់បែករ៉ូស្ស៊ី «TU-160» ចំនួនពីរគ្រឿង ដែលមានល្បឿនលឿនជាងសម្លេង ត្រូវ​បាន​ឃើញ ថាបានហោះពីលើសមុទ្រ ម៉ង់ឆ៍ (Manche សមុទ្រដែលនៅចន្លោះ រវាងបារាំង និងអង់គ្លេស) នៅ​ក្បែរ​នឹង​ឆ្នេរ​របស់​ប្រទេសបារាំង។

បើតាមលោក «André Lanata» ឧត្តមសេនីយ៍យោធាបារាំងមួយរូប បានពន្យល់ពីវត្តមានសម្ភារៈសិកទាំងនេះ ថាគឺជាយុទ្ធសាស្ត្រមួយ។ លោកថ្លែងថា តាមរយៈការរំលោភ ចូលមកក្នុងទឹកដីបារាំងនេះ ប្រទេស​រ៉ូស្ស៊ី​ចង់​បង្ហាញ ពីមហិទ្ធិរិទ្ធិរបស់ខ្លួន នៅចំពោះអង្គការអូតង់ (OTAN ឬ NATO - អង្គការសន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង)។

ដើម្បីឆ្លើយតប នឹងការហោះហើរដ៏ចម្លែកនេះ កងទ័ពអាកាសអង់គ្លេស និងបារាំង បានបញ្ជូន​យន្ដហោះ​របស់​ផងខ្លួន ឲ្យចេញប្រតិបត្តិការ«ស្វាគមន៍»យន្ដហោះរ៉ូស្ស៊ី។ ខាងអង់គ្លេស បានបញ្ចេញ​យន្ដហោះប្រដេញ ធុន «Eurofighter Typhoon» ចំនួនពីរគ្រឿង ខណៈខាងបារាំង បានបញ្ជូនយន្ដហោះ​ប្រដេញ ធុន «Rafale» មួយ​គ្រឿង និងធុន «Mirage 2000-5» មួយគ្រឿងទៀត។ ទីបំផុត យន្ដហោះរ៉ូស្ស៊ីទាំងពីរ បានវិលត្រឡប់​ក្រោយ​វិញ ដោយ​គ្មាន​ធ្វើ​សកម្មភាព​អ្វីទាំងអស់៕