ចង់បាន​ភ្នែក មាន​សុខភាព​ល្អ អ្នក​គួរតែ​ជ្រើសរើស ជីវជាតិ​ទាំងនេះ​

ចង់បាន​ភ្នែក មាន​សុខភាព​ល្អ អ្នក​គួរតែ​ជ្រើសរើស ជីវជាតិ​ទាំងនេះ​

​នៅពេល​យើង​និយាយ​ដល់​សុខភាព​ភ្នែក មនុស្ស​យើង​ភាគច្រើន តែងតែ​លឺ​រឿងនេះ តាំងពីក្មេង​មក​ម្លេះ​។ ហើយ​អ្វី​ដែល​តែងតែ​និយាយ​នោះ គឺ​ការ​ញ៉ាំ​អាហារ​មាន​តុល្យភាព ពាក់​វ៉ែនតា​ការពារ​ពន្លឺព្រះអាទិត្យ និង​ទៅ​ពិគ្រោះ ជាមួយ​អ្នកជំនាញ ខាង​សុខភាព​ភ្នែក​តែ​ម្តង​។

​ថ្វី​បើ​វិធីសាស្ត្រ​ទាំងនេះ មាន​សារៈសំខាន់ ដើម្បី​ថែរក្សា​ភ្នែក ឲ្យមាន​សុខភាព​ល្អ​ក៏​ដោយ ក៏​ការស្រាវជ្រាវ បាន​អះអាង​ថា ជីវជាតិ និង​របប​អាហារ សម្រាប់​សុខភាព​ភ្នែក នៅតែ​ជា​រឿង​សំខាន់ និង​អាច​ជួយ​បង្ការ ជំងឺ​ភ្នែក​បាន​ទៀត​។

ហេតុអ្វី​បានជា​ភ្នែក ដ៏​មាន​សុខភាព​ល្អ ត្រូវការ​អង់​ទី​អុក​ស៊ីដង់ ពិសេស​របស់​ខ្លួន​?
អង់​ទី​អុក​ស៊ីដង់ នឹង​ជួយ​ការពារ​ជំងឺ​ជាច្រើន ដែល​មិន​ត្រឹម​អាច​ការពារ​បេះដូង និង​ប្រព័ន្ធ​ភាពស៊ាំ​ទេ  តែ​ក៏​ការពារ​ភ្នែក​បាន​ដែរ​។ អង់​ទី​អុក​ស៊ីដង់ ដូចជា វីតាមីន A, C និង E អាច​ជួយ​បង្ការ ជំងឺ​ខូច​ភ្នែក​ដោយសារ ការ​ចាស់​ទៅតាម​អាយុ បន្ថយ​ការកើត​ជំងឺភ្នែកឡើងបាយ និង​បង្ការ​ជំងឺ​ភ្នែក​ផ្សេងៗ​ទៀត​។
​បន្លែ និង​ផ្លែឈើ គឺជា​ប្រភព​ដ៏​ល្អ នៃ​អង់​ទី​អុកស៊ី​ដង់​តែម្តង​។ ចំពោះ​បន្លែ ឬ​ផ្លែឈើ ដែល​មាន​ពណ៌ដឹត​ខ្លាំង តែងតែ​មាន​កំហាប់​អង់​ទី​អុកស៊ី​ដង់​ខ្លាំង​ដែរ​។ ដូច្នេះ គួរតែ​ជ្រើសរើស​បន្លែ និង​ផ្លែឈើ​ណា ដែល​មាន​ពណ៌​ច្រើន មក​ទទួល​ទាន​។

របប​អាហារ និង​ជីវជាតិ​
ការជ្រើសរើស​របប​អាហារ សម្បូរ​វីតាមីន A, C, E និង​អង់​ទី​អុក​ស៊ីដង់ Lutein និង Zeaxanthin អ្នក​នឹង​អាច​ការពារ សុខភាព​ភ្នែក បាន​កាន់តែ​យូរ​។

វីតាមីន A
វីតាមីន​មួយ​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​មុខងារ​ដ៏​ល្អ ក្នុង​តំបន់​បាត​ភ្នែក​។ វា​ក៏​ជួយ​ការពារ​ជំងឺ​ខ្វាក់មាន់ តាមរយៈ​ការជួយ​ភ្នែក ឲ្យ​សម្របខ្លួន​នឹង​ការប្រែប្រួល​របស់​ពន្លឺ​។

វា​ក៏​ជួយ​កាត់បន្ថយ ការ​ប្រឈម​នឹង​ជំងឺ​ភ្នែក ដែល​កើតឡើង​ដោយសារ ការ​ចាស់​ទៅតាម​អាយុ និង​ទប់ស្កាត់ ជំងឺភ្នែកឡើងបាយ ដែល​ជំងឺ​ទាំងពីរ​នេះ ច្រើន​តែ​ធ្វើឲ្យ​ខ្វាក់ភ្នែក​តែម្តង​។ ដូច្នេះ ការ​ញ៉ាំ​វីតាមីន A បាន​គ្រប់គ្រាន់ ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​សុខភាព​ភ្នែក​។
​អាហារ​បាន​ពី​សាច់សត្វ ដូចជា ស៊ុត និង​សាច់ ក៏​មាន​វីតាមីន A ដែរ​។ ចំពោះ​ទឹកដោះគោ ភាគច្រើន ក៏​មាន​វីតាមីន A ដែរ​។

វីតាមីន C
វីតាមីន C ត្រូវបាន​គេ​រកឃើញ​ថា មាន​ច្រើន​បំផុត​ក្នុង​ភ្នែក​។ វា​ក៏​ត្រូវបាន​គេ​ស្គាល់​ថា ជា​អង់​ទី​អុកស៊ី​ដង់​មួយ​ប្រភេទ ស្រដៀង​គ្នា​នឹង Zeaxanthin និង Lutein ដែរ ក្នុង​ការជួយ​កាត់បន្ថយ ពន្លឺ​កាំរស្មី​យូ​វី និង​ប្រឆាំង​រ៉ាឌីកាល់​សេរី​។

ដើម្បី​បង្កើន​ការ​ញ៉ាំ​វីតាមីន C អ្នក​គួរតែ​ព្យាយាម ញ៉ាំ​ម្ទេស​ប្លោក ផ្លែឈើ​ជូរៗ និង​ប្រូ​ខូលី​ទៅ​។

វីតាមីន E
វីតាមីន E ត្រូវបាន​គេ​ស្គាល់​ថា ជា​វីតាមីន​រលាយ​ក្នុង​ខ្លាញ់ និង​អាច​បំបាត់ រ៉ាឌីកាល់​សេរី​បាន​។ វា​ត្រូវ​បាន​គេ​រកឃើញ​ច្រើនជាងគេ គឺ​នៅក្នុង​ភ្នាស​របស់​កោស​កា ដែល​ជួយ​ថែរក្សា​ទំនាក់ទំនង និង​រចនាសម្ព័ន្ធ​របស់​កោសិកា តាមរយៈ​ការទប់ស្កាត់ ការខូចខាត​ដោយ​សារ​រ៉ាឌីកាល់​សេរី ជាពិសេស កាំរស្មី​យូ​វី​តែម្តង​។

ប្រភព​ដ៏​ល្អ​បំផុត របស់​វីតាមីន E មានដូចជា គ្រាប់​ផ្លែឈើ ប្រភេទ​ផ្លែ​អាល​ម៉ុន គ្រាប់​ធញ្ញជាតិ សណ្តែកដី និង​គ្រាប់​ផ្កា​ឈូករ័ត្ន​។ ផ្លែ​ប័រ ស៊ុត និង​ស្ពៃ​ស្ពីណា​ច ក៏​សម្បូរ​វីតាមីន E ដែរ​។

សារធាតុ Lutein និង Zeaxanthin
សារធាតុ​ទាំងពីរ​នេះ ជា​អ្នក​ជួយ​ធ្វើឲ្យ​ភ្នែក មាន​សុខភាព​ល្អ​តាម​ពីរ​របៀប​។ ទីមួយ អាច​បឺត​ស្រូប​ពន្លឺ ថាមពល​ពណ៌​ខៀវ​ខ្ពស់ ដែល​បង្កើតឡើង​ដោយ​រ៉ាឌីកាល់​សេរី និង​កាំរស្មី​យូ​វី​បាន​យ៉ាង​ល្អ​។ ទី​ពីរ អាច​លុបបំបាត់​រ៉ាឌីកាល់​សេរី តាមរយៈ​ការចាប់​វា​ទុក ដើម្បី​បង្កើត​ជា​សារធាតុ គីមី​អ្វី​ផ្សេងទៀត​។
Lutein និង Zeaxanthin មាន​ក្នុង​ស៊ុត ប្រូ​ខូលី ពោត និង​អាហារ​បំប៉ន​ជាដើម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី20 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។