រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ភាគ​ទី​១ ជា​ភាគ​បន្ត​)

ម៉ា​ប់​៖ ចោរ​ៗ! ជួយ​ផង !

សា​ម៉​ន​ធ្វើ​មុខ​ខឹង ដើរ​ចូល​ទៅ​ខោក​ក្បាល​ម៉ា​ប់​អស់ទំហឹង ។ ម៉ាក់​ភ្ញាក់​ស្ទុះ​ងើប​អង្គុយ ធ្វើ​ឆ្លេឆ្លា
ម៉ា​ប់​៖ ចោរ​ៗ !

សា​ម៉​ន​ឈ្ងោក​មុខ​ទៅ​ទល់មុខ​គ្នា​ជាមួយ​នាយ​ម៉ា​ប់ បើកភ្នែក​ក្រលោត​ដាក់​ម៉ា​ប់
សា​ម៉​ន​៖ ចោរ​នៅឯណា​អា​ម៉ា​ប់ ? ម៉ា​ប់​ភ្ញាក់​ស្វាង ធ្វើ​ភ្នែក​ស្លឺ​ដាក់​សា​ម៉​ន
ម៉ា​ប់​៖ អ្ហា​ក ! លោក​អ៊ំ​ទេ ! មក​ធ្វើ​ដាច់​សព្វ​ខ្ញុំ​អស់រលីង ! កំពុង​តែ​ប្រយុទ្ធ​ជាមួយ​ចោរ​ផង​! ផៃ​ស្ទុះ​ញឹ​ង​ត្រចៀក​ម៉ា​ប់ មុខ​ខឹង
ផៃ​៖ អា​ខ្មា​ប់ ! ឡប់​មែន​អានេះ ! ដេក​មមើរ​អាក្រក់​ម្ល៉េះ​! ធ្វើ​ឲ្យ​អញ​ផ្អើល​ពេញ​ផ្ទះ​! ស្មានថា​ទៅ​បុណ្យ​នឹង​គេ​បាត់​ទៅ​ហើយ ! មក​ដេក​ស្រែក​ផ្អើល​គេ​ផ្អើល​ឯង​អ​ញ្ចឹ​ង​ទៅ !
ម៉ា​ប់​ក្ដោប​ត្រចៀក ធ្វើ​មុខជូរ
ម៉ា​ប់​៖ អូយ​! ឈឺ​ណាស់​អ៊ំ​! ខ្ញុំ​ក៏​ចង់ទៅ​បុណ្យ​ដែរ គិត​ថា​តម្រង់​ខ្នង​បន្តិច​សោះ វា​លក់​បាត់​ទៅ ! បុណ្យ​គេ​ចប់​ហើយ​នៅ​អ៊ំ ? ខ្ញុំ​ទៅ​ប្ដូរ​ខោអាវ​សិន !
ម្លិះ​៖ ដេក​បន្ដ​ទៀត​ទៅ​បង​ម៉ា​ប់ ! គេ​ទៅ​ផ្ទះ​អស់ហើយ ! ចាំ​ស្អែក​ចាំ​ទៅ​បង្ហើយ​បុណ្យ​តែ​ម្ដង​ទៅ !

នៅ​វាលស្រែ​អរុណ និង​វ៉ា​ន់​កំពុង​ភ្ជួរ​នង្គ័ល​មួយម្នាក់​ក្នុង​ស្រែ​ជាមួយ​គ្នា ។ នឿ​ន និង​កែម​កំពុង​កាប់​ដី​ជ្រុង​ស្រែ​ដែល​នង្គ័ល​ភ្ជួរ​មិន​ដល់​។ ពេល​អរុណ និង​វ៉ា​ន់​ភ្ជួរ​មក​ជិត​ដល់​កន្លែង នឿ​ន និង កែម​កាប់​ដី ។ នឿ​ន​ស្រែក​ប្រាប់
នឿ​ន​៖ ណែ ! ពួក​យើង​ជួយ​បង្ហើយដៃ​គ្នា​ឲ្យ​រួច​ស្រែ​អរុណ​សិន​ទៅ​! ស្អែក​ទៅ​ជួយ​ខ្ញុំ​ម្ដង !

វ៉ា​ន់​បើកភ្នែក​ធំ​ៗ
វ៉ា​ន់​៖ អេស៍​! ត្រូវ​ទៅ​ជួយ​ស្រែ​គ្នា​មុន​! មិនមែន​ទៅ​ជួយ​ស្រែ​ឯង​ទេ​វ៉ើ​យ​! ឯង​គិត​ទុក​ស្រែ​គ្នា​ចោល​ពាក់កណ្ដាល​ទី​អ​ញ្ចឹ​ង​ហ្អី​! ត្រូវ​ជួយ​គ្នា​តាម​លេខ​រៀង​! កុំ​លោត​ផ្លោះ ហក់​ប្លោង​ឲ្យ​សោះ​! អរុណ​គេ​ជា​បងធំ​ទី​មួយ​! ចំណែក​យើង​ជា​បងធំ​ទី​ពីរ​! ហើយ​ឯង​ជា​កូនក្រុម​ទី​បី និង​ទី​បួន ! នឿ​ន​ស្រវា​ភក់​គប់​វ៉ា​ន់​ចំ​មុខ​ប្រលាក់​អស់
នឿ​ន​៖ ឯណា​មុខ​បងធំ​ទី​ពីរ​នោះ ? អូស៍ មុខ​ប្រឡាក់​ភក់​អ​ញ្ចឹ​ង​ទេ​ហ្អី ? 

នឿ​ន​និង​កែម​សើច​ក្អាកក្អាយ ។ វ៉ា​ន់​ទម្លាក់​នង្គ័ល​ចោល ស្ទុះ​ស្រវា​ភក់​គប់​នឿ​ន​វិញ
វ៉ា​ន់​៖ ឯង​ហ៊ាន​ធ្វើ​ឲ្យ​ខូច​សម្រស់​យើង​ផង​ហ្អី ? អា​កំហូច ! ចាំ​មើល​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​វ៉ើ​យ !

វ៉ា​ន់​កាយ​ភក់​ដេញ​គប់​នឿ​ន ។ នឿ​ន​រត់គេច រួច​អោន​កើប​ភក់​គប់​វ៉ា​ន់​វិញ ។ គេ​ទាំង​ពីរ​គប់​គ្នា​ទៅ​គប់​គ្នា​មក ។ អរុណ និង​កែម​នាំ​គ្នា​រត់គេច ខ្លាច​គេ​គប់​ត្រូវ​។ ច័​ន្ទ្រ និង​កែវ​យួរ​ស្រាក់​បាយ និង ដប​ទឹក​មួយម្នាក់​ដើរ​កាត់​តាម​ភ្លឺស្រែ​ក្បែរ​នោះ​។ វ៉ា​ន់​ច្បាម​ភក់​មួយ​ដៃ ដេញ​គប់​នឿ​ន តែ​បែរជា​ទៅ​ចំ​មុខ ច័​ន្ទ្រ​ប្រឡាក់​អស់ ។ វ៉ា​ន់​បើកភ្នែក​ធំ​ៗ ក្ដោប​មាត់ ។ ច័​ន្ទ្រ​ទម្លាក់​ស្រាក់​ចុះ ច្បូត​ភក់​ចេញពី​មុខ បើកភ្នែក​ធំ​ៗ​ដាក់​វ៉ា​ន់ ។ កែវ​ខ្ទប់មាត់​សើច ។
វ៉ា​ន់​៖ សុំ​ទោស​ៗ!

ច័​ន្ទ្រ​ធ្វើ​មុខ​ខឹង ស្ទុះ​រើស​ដុំ​ដី​ដែល​រឹង​ក្បែរ​ភ្លឺស្រែ គប់​ទៅ​ថំ​ថ្ងាស​វ៉ា​ន់ ពក​ជាំ​ខៀវ ។ វ៉ា​ន់​ស្រែកថ្ងូរ ក្ដោប​ក្បាល
ច័​ន្ទ្រ​៖ ហ៊ឹះ​! សុំ​ទោស​បាន​ស៊ី​ហ្អី​! ធ្វើ​ខុស​ហើយ អាង​ពាក្យសុំ​ទោស​! ឥឡូវ​ខ្ញុំ​ក៏​សុំ​ទោស​វិញ​ដែរ​! ឲ្យ​រួច​គ្នា ! ខ្ញុំ​គ្មាន​ចេតនា​ទេ​! គិត​ថា​គប់​ដុំ​ដី​លេង​! អផ្សុក​ដៃ ! ខុស​មក​ពី​អន្ទិ​តវ៉ា​ន់​ឯង​យក​ក្បាល​មក​រង​ដុំ​ដី​ខ្ញុំ​ទៅ​វិញ​!

វ៉ា​ន់​ធ្វើ​មុខ​ខឹង ឈ្លី​ក្បាល​បណ្ដើរ ស្រែក​ដាក់​ច័​ន្ទ្រ
វ៉ា​ន់​៖ ណែ​! ក្រមុំ​ចាស់ភ្លើង​! ដូច​ជា​ជ្រុល​ពេក​ហើយ​ហ្អី​! ខ្ញុំ​គ្រាន់តែ​គប់​ភក់​ប្រឡាក់​ប៉ុណ្ណឹង​! វា​មាន​ទៅ​ទាស់​ខុស​អី​! មុជទឹក​ទៅ វា​ជ្រះ​អស់​ទៅ​ហើយ​! តែ​នេះ​នាង​គប់​ក្បាល​ខ្ញុំ​បែក​ទៅ​ហើយ​! ដឹង​ទេ ? នាង​ដូច​ជា​ជ្រុល​ពេក​ហើយ​! នាង​ក្រមុំ​សៅកែ​!

ច័​ន្ទ្រ​ស្ទុះ​ទៅ​រើស​ដុំ​ដី​ក្បែរ​នោះ​បី​បួន​ដុំ​ទៀត លើក​គប់​វ៉ា​ន់​បណ្ដើរ
ច័​ន្ទ្រ​៖ អ្នក​ណា​ក្រមុំ​សៅកែ ? អ្នក​ណា​ក្រមុំ​ចាស់ភ្លើង ? ណែ​! អ​ន្ទិ​ត​គោលោត​! ឯង​កុំ​ឈ្លើយ​ពេក​! ខ្ញុំ​ទ្រាំ​យូរហើយ​ណ៎ា​! ថ្ងៃនេះ​សុំ​លេង​ឲ្យ​ចាស់ដៃ​ម្ដង !

កែវ​ស្ទុះ​ទៅ​ចាប់ដៃ​ច័​ន្ទ្រ
កែវ​៖ បាន​ហើយ​ៗ! ច័​ន្ទ្រ​! ប៉ុណ្ណឹង​បាន​ហើយ !

អរុណ និង នឿ​ន​ស្ទុះ​ទៅ​ទាញ​ដៃ​វ៉ា​ន់
អរុណ​៖ បាន​ហើយ​! ឈប់​ខឹង​ទៅ​វ៉ា​ន់​! ចាស់​ៗ​ថា   លេង​ច្រើន ច្រើន​ឈ្លោះ លេង​ពស់ ពស់​ចឹក​! ឯង​ក៏​ចូល​ចិត្ត​លលេង​ឆាឆៅ​ច័​ន្ទ្រ​ដែរ​! ឥឡូវ​គេ​សង​វិញ​ប៉ុណ្ណឹង​! ចាត់​ទុក​ថា​រួច​គ្នា​ទៅ !
វ៉ា​ន់​៖ អេស៍​! នោះ​ជា​រឿង​ថ្ងៃមុន ! តែ​ថ្ងៃនេះ​ខ្ញុំ​អត់​បាន​ឆាឆៅ​ក្រមុំចាស់​ហ្នឹង​ទេ​! ឯង​ក៏​ឃើញ​ស្រាប់​! ខ្ញុំ​លេង​ជាមួយ​អា​នឿ​ន ! មិន​បាន​លេង​ជាមួយ​ក្រមុំ​សៅកែ​ហ្នឹង​ឯណា !

ច័​ន្ទ្រ​ស្ទុះ​ទៅ​លើក​ដុំ​ដី​មួយ​ដុំ​ធំ ទាល់តែ​លើក​មិន​ចង់​រួច​ត្រ​ថេ​ស​ត្រ​ថាស​ទាំង​ខឹង​ញ័រ
ច័​ន្ទ្រ​៖ យឺ​ស​! មួយ​ម៉ាត់​ក្រមុំចាស់​! ពីរ​ម៉ាត់​ក្រមុំចាស់​! ចង់​សាក​ស្នាដៃ​ក្រមុំចាស់​ម្ដង​ទេ ?

កែវ​ស្ទុះ​ទៅ​ពាំង​ពីមុខ​ច័​ន្ទ្រ មុខ​ភ័យ
កែវ​៖ អេស៍​ៗ! កុំ​ធ្វើ​អ​ញ្ចឹ​ង ច័​ន្ទ្រ​!

ច័​ន្ទ្រ​របូតដៃ​ធ្លាក់​ដុំ​ដី​ចំ​ជើង​ខ្លួនឯង ស្រែក​ទ​ន្ទ្រាំ​ជើង​ផង ក្ដោប​ជើង​ផង ។ វ៉ា​ន់​លោត​ទះដៃ សើច​សប្បាយ
វ៉ា​ន់​៖ សម​មុខ​ហើយ​ៗ !

ច័​ន្ទ្រ​ស្ទុះ​ទៅ​ច្បាម​ភក់​បាក​មួយ​ដៃ​គប់​ទៅ​ចំ​មុខ​វ៉ា​ន់​ប្រឡាក់​អស់ នៅ​សល់​តែ​ប្រឡង់​ភ្នែក​។ វ៉ា​ន់​បើក​មាត់​ស្រែក​មិន​រួច ចំហ​រមាត់​ធ្លុង ។

នៅ​រោង​ម៉ាស៊ីនកិនស្រូវ មេឃុំ​ឆែម​អង្គុយ​នៅ​តុ​គិតលុយ កំពុង​រៀបចំ​លុយ​ដាក់​ក្នុង​ថតតុ ហើយ​កត់​ចូល​ក្នុង​បញ្ជី​បណ្ដើរ ។ នៅ​ក្នុង​រោង​ម៉ាស៊ីន​មាន​កម្មករ​ពីរ​បី​នាក់​កំពុង​រៀបចំ​បាវ​ស្រូវ​។ ឆ័​យ​ដើរ​ចូល​មក​របៀប​ក្រអឺតក្រទម តែងខ្លួន​ពាក់មួក​ធ្វើ​ដូច​តួរ​កុន​ខាវ​បូ​យ (Cowboy) មាន​នាយ​ទ្រើ​ក និង នាយ​ត្រុយ​ដើរ​អម​ឆ្វេង​ស្ដាំ​។ ឆែម​បើកភ្នែក​ធំ​ៗ ទម្លាក់​សៀវភៅបញ្ជី​ចុះ
ឆែម​៖ អឺ​! អា​លោក​កូន​! ឯង​ទើបនឹង​មកពីណា ? ថ្មើរ​នេះ​ហើយ​មិន​គិត​មក​ជួយ​មើល​ការងារ​នៅ​រោង​ម៉ាស៊ីន​ខ្លះ​ទេ​! ម៉ាក​ៗ​នេះឯង​កុំ​ហុចដៃ​សុំ​លុយ​ពុក​ឲ្យ​សោះ​! មួយ​រៀល​ក៏​មិន​ឲ្យ​ឯង​ចាយ​ដែរ​! ចាំ​មើល​ឯង​បាន​ស្អី​ដើរ​ឡូយ​ដើរ​សង្ហា​រដាក់​ស្រី​ៗ​ទៀត !

ឆ័​យ​លើកជើង​ម្ខាង​ជាន់​លើ​កៅអី​ក្បែរ​ខ្លូ​ន​ឆែម ធ្វើ​មុខ​ឌឺ
ឆ័​យ​៖ បើ​ពុក​ចង់​ឲ្យ​ខ្ញុំ​មក​ជួយ​មើល​ការងារ​នៅ​រោង​ម៉ាស៊ីន ងាយស្រួល​ទេ​! ពុក​ទៅ​ដណ្ដឹង​អូន​ភួង​ម្លិះ កូន​មេ​ភូមិ​សា​ម៉​ន​ឲ្យ​ខ្ញុំ​មក​! ឲ្យ​តែ​បាន​ភួង​ម្លិះ​មក​ធ្វើ​ប្រពន្ធ ពុក​ប្រើ​ឲ្យ​ខ្ញុំ​ធ្វើ​អី​ក៏​ខ្ញុំ​ធ្វើ​ដែរ​!

ឆែម​បើកភ្នែក​ធំ​ៗ
ឆែម​៖ ថា​ម៉េច ?  ឯង​ស្រលាញ់​កូន​មេ​ភូមិ​សា​ម៉​ន​ហ្អី​! ហ៊ើយ​! ត្រង់​ណា​ឯង​មិន​ពេញចិត្ត បែរជា​ទៅ​ពេញចិត្ត​ត្រង់​ហ្នឹង​ទៅ​វិញ ! នៅ​ក្នុងភូមិ​នេះ ឯង​ពេញចិត្ត​កូនក្រមុំ​អ្នក​ណា ក៏​ពុក​ដណ្ដឹង​ឲ្យ​ឯង​បាន​ដែរ​! តែ​ចំ​កូនក្រមុំ​អាសា​ម៉​ន ពុក​មិន​ធានា​ទេ​វ៉ើ​យ​! ឯង​ក៏​ដឹង​ស្រាប់​ហើយ​ថា​មេ​ភូមិ​សា​ម៉​ន​វា​ជា​មនុស្ស​យ៉ាងម៉េច​នោះ ! វា​រើស​កូនប្រសារ​ជាង​រើស​មាស​រើស​ពេជ្រ​ទៅ​ទៀត​! ក្បាលខិល​ដូច​ជា​ឯង​នេះ ស្មានថា​សា​ម៉​ន​វា​ព្រម​លើក​កូន​ឲ្យ​ហ្អី​! ឯង​កុំមក​ប្រើ​ឲ្យ​អញ​យកមុខ​ទៅ​លក់​កណ្ដាលចំណោម​នោះ​! អញ​មិន​ទៅ​ទេ!

ឆ័​យ​ក្ដោប​ដៃ​តប់​តុ​ផាំង ធ្វើ​ឲ្យ​ឆែម​ភ្ញាក់​បះដៃបះជើង

(​នៅ​មាន​ត​)