អាប៉ោង​បើកគ្រប ការ​កែសម្រួល​និង​បំពេញបន្ថែម​សមាសភាព​សមាជិក​រាជរដ្ឋាភិបាល

អាប៉ោង​បើកគ្រប ការ​កែសម្រួល​និង​បំពេញបន្ថែម​សមាសភាព​សមាជិក​រាជរដ្ឋាភិបាល



រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​បង្ហាញ​សមាសភាព ឧបនាយករដ្ឋមន្ត្រី ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋ​លេខាធិការ ដែល​នឹង​ត្រូវ​ស្នើ​ទៅ​រដ្ឋសភា​ដើម្បី​ផ្លាស់​ប្ដូរ និង​ដំឡើង​តួនាទី​រួម​នឹង​បញ្ចប់​ពី​ការងារ​ផង​ដែរ តាម​រយៈ​លិខិតផ្លូវការ​ចុះ​ថ្ងៃ​ទី​១៦ មីនា ។

សំណើ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​បាន​ដាក់​ជូន​ទៅ​ប្រធានរដ្ឋសភា សម្ដេច​ពញា​ចក្រី ហេង សំ​រិ​ន ដើម្បី​សុំ​ការ​អនុម័ត​ពី​រដ្ឋសភា ។ លោក ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​សភា​បាន​ប្រាប់​ឱ្យ​ដឹង​ពី​នីតិវិធី​សម្រាប់​រដ្ឋសភា គឺ​សំណើ​របស់​នាយក​រដ្ឋមន្ត្រី និង​ដាក់​ទៅ​ក្នុង​កិច្ចប្រជុំ​អចិន្ត្រៃយ៍​រដ្ឋសភា តាម​គម្រោង​នោះ​គឺ​នៅ​ថ្ងៃ​ទី​៤ មេ​សា ទើប​មានការ​កោះ​ប្រជុំ​សភា ។

ក្នុង​លិខិត​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ត្រូវ​បាន​គេ​ដឹង​ឮ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា បាន​បង្ហាញ​ថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំ​ហុង​, ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​លោក គាត ឈ​ន់​, ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អឹ​ុ​ម ឈុ​ន​លឹ​ម ត្រូវ​បញ្ចប់​មុខងារ​តាម​សំណើ​សាមីជន តែ​រក្សា​មុខងារ​ឱ្យ​លោក ហោ ណាំ​ហុង ជា​ឧបនាយករដ្ឋមន្ត្រី​ដដែល ។

ចំណែក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​លោក ប្រាក់ សុ​ខុន នឹង​ត្រូវ​តែងតាំង​ជា​ទេស​រដ្ឋមន្ត្រី និង​ប្ដូរ​ទៅ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនី​រ័​ត្ន ត្រូវ​ដំឡើង​ឋានៈ​ជា​ទេស​រដ្ឋមន្ត្រី​បន្ថែម​លើ​មុខការ​បច្ចុប្បន្ន ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ស៊ុន ចាន់​ថុ​ល ត្រូវ​តែងតាំង​ជា​ទេស​រដ្ឋមន្ត្រី និង​ត្រូវ​ប្ដូរ​ទៅ​កាន់​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ។

ចំណែក​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ លោក ជា សុ​ផា​រ៉ា នឹង​ត្រូវ​តែងតាំង​ជា​ទេស​រដ្ឋមន្ត្រី នឹង​ប្ដូរ​ទៅ​កាន់​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។

រីឯ​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​លោក ហឹ​ុ​ម ឆែម ត្រូវ​តែងតាំង​ជា​ទេស​រដ្ឋមន្ត្រី និង​មាន​ដំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ។

រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិ​ន នឹង​ត្រូវ​តែងតាំង​ជា​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេស​កម្ម​ពិសេស ។ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវ​តឹក នឹង​ត្រូវ​ប្ដូរ​មក​កាន់​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។

ជាមួយ​គ្នា​នេះ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​លោក វេ​ង សា​ខុន ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជំនួស​លោក អ៊ុ​ក រ៉ា​ប៊ុ​ន ដែល​នឹង​ប្ដូរ​ទៅ​កាន់​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ។

ចំណែក​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័​ក្ត នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ។

នៅ​ក្នុង​សំណើ​តែងតាំង​នេះ​ដែរ អតីត​អភិបាលខេត្ត​ព្រះ​សីហ​នុ លោក ឈិ​ត សុ​ខុន និង​អភិបាល​ខេត្តកំពត​លោក ខូ​យ ឃុន​ហ៊ួ​រ នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី ។ អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក អុ​ឹ​ម សួស្ដី និង​អភិបាលខេត្ត​រតនគិរី លោក ប៉ាវ ហម​ផា​ន នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។

អភិបាល​ខេត្តស្វាយរៀង លោក ជៀង អំ នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ។ អតីត​អភិបាលខេត្ត​ព្រៃវែង លោក ហាស សា​រ៉េ​ត នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ ចំណែក​អភិបាលខេត្ត​កំពង់ស្ពឺ លោក អ៊ូ សំ​អ៊ួ​ន នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ។ អភិបាល​ខេត្តបន្ទាយមានជ័យ​លោក គោ ស៊ុំ​សា​វឿ​ត នឹង​ត្រូវ​តែងតាំង​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន លោក ផែង សុ​វិ​ជ្ជ​នោ នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​នេះ ។

អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​គងពិសី លោក​ជុំ វន នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ។

ទាក់ទង​ទៅ​នឹង​សំណើសុំ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​ស្នើ​ដល់​សម្តេច​ពញា​ចក្រី​ប្រធានរដ្ឋសភា មេត្តា​អនុញ្ញាត​រៀបចំ​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​របស់​រដ្ឋសភា លើ​ការ​កែសម្រួល​និង​បំពេញបន្ថែម​សមាសភាព​សមាជិក​នៃ​រាជរដ្ឋាភិបាល​នោះ កាលពី​ថ្ងៃ​ទី​១៧ មីនា លោក ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា បានឱ្យ​កោះសន្តិភាព​ដឹង​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​គ្រោង​បើក​កិច្ចប្រជុំ​ពិនិត្យ​សំណើរ​របស់​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​ដោះ​ដូរ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​៣០ មីនា ។

លោក ឡេ​ង ប៉េង​ឡុ​ង បញ្ជាក់​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា គ្រោង​នឹង​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដើម្បី​ពិនិត្យ​សំណើរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ស្នើ​សុំ​ដោះ​ដូរ​រដ្ឋមន្ត្រី និង​ដាក់​មន្ត្រី​មួយ​ចំនួន​នៅ​តាម​ស្ថាប័ន​ក្រសួង នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦ ខាង​មុខ ដើម្បី​ដាក់​របៀបវារៈ​ទៅ​ក្នុង​សម័យប្រជុំ ពេល​រដ្ឋសភា​បញ្ចប់​វិស្សមកាល​វិញ​នៅ​ថ្ងៃ​ទី​០៤ ខែមេសា ។

ក្នុង​សម័យប្រជុំ​នេះ មាន​របៀបវារៈ​ដូច​ជា ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​មួយ​រូប សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព របាយការណ៍​សភា​មុន​ពេល​ចូល​កង និង​ជា​ពិសេស សំណើសុំ​របស់​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​ដោះ​ដូរ​រដ្ឋមន្ត្រី និង​មន្ត្រី​មួយ​ចំនួន​នៅ​តាម​ក្រសួង ៕