នៅ​ភ្នំពេញ​ឆេះ​យានដ្ឋាន នៅ​មាត់សមុទ្រ​ឆេះ​ឃ្លាំង​ជ័រកាវ

នៅ​ភ្នំពេញ​ឆេះ​យានដ្ឋាន នៅ​មាត់សមុទ្រ​ឆេះ​ឃ្លាំង​ជ័រកាវ



រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង បាន​ក្លាយជា​ចំណី​ភ្លើង​ក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង ស្ថិត​ក្នុង​ដី​ឡូត៍​លេខ​៥៥ ភូមិ​៦ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ក្នុង​គ្រោះ​អគ្គិភ័យ​មួយ​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែមីនា ។

តាម​របាយការណ៍​របស់​អាជ្ញាធរ​ខណ្ឌទួលគោក បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​និង​ខណ្ឌទួលគោក សរុប​ចំនួន​៨​គ្រឿង បាន​ទៅ​អន្តរាគមន៍ ប៉ុន្តែ​ប្រើ​ទឹក​អស់​៣​រថយន្ត​ក៏​បាន​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ដដែល ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ជាង​ជួសជុល​រថយន្ត​ផ្សារ​អេ​ឡិច​ត្រូ​និក ខា្ទ​ត​ផ្កាភ្លើង​ធ្លាក់​ចំ​ធុង​ដាក់​ប្រេងសាំង​ដែល​នៅ​ក្បែរ​នោះ ។

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​យានដ្ឋាន​នេះ​ឈ្មោះ ប្រុស បាន​រត់គេច​ខ្លួន​បាត់ ។ នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ រថយន្ត​១​គ្រឿង​ដែល​ក្លាយជា​ចំណី​ភ្លើង ម៉ាក​ហា​យ​ប្រ៊ី​ដ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧​ដែល​គេ​យក​មក​ជួសជុល និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៦ ពណ៌​ខ្មៅ ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ដែរ ។

ឆេះ​ឃ្លាំង​ស្ដុក​កាវ​របស់​រោងចក្រ TONG TA WEGC ខូចខាត​ទាំងស្រុង
ខេត្ត​ព្រះ​សីហ​នុ ៖ ឃ្លាំង​ស្តុក​កាវ​ធ្វើ​កាបូប របស់​រោងចក្រ TONG TA WEGC ដែល​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៣០​ម៉ែត្រ ស្ថិត​នៅ​ម្តុំ​ឃ្លាំង​លើ តាម​ផ្លូវជាតិ​លេខ​៤ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ ខែមីនា ហើយ​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៥​ភ្លឺ ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក ប្រាក់ ពុទ្ធា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​១ បានឱ្យ​ដឹង​ថា រោងចក្រ​ដែល​ឆេះ​ឃ្លាំង​នេះ​ជា​របស់​ជនជាតិ​បារាំង ឈ្មោះ​TONG TA WEGC ជា​រោងចក្រ​ផលិត​កាបូប និង​ដេរ​ស្រោមវ៉ែនតា​។ ចំពោះ​មូលហេតុ​បណ្តាល​ឱ្យ​កើត​មាន​អគ្គិភ័យ​នេះ ភ្លាម​ៗ​គេ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​ការ​ឆេះ​នេះ​ផ្តើម​ចេញពី​ក្នុង​ឃ្លាំង​ស្ដុក​ជ័រកាវ ដែល​មុន​ដំបូង​គេ​ឮ​សូរ​សំឡេង​ផ្ទុះ​ចេញពី​ក្នុង​ឃ្លាំង​ជ័រ ទើប​ក្រុម​សន្តិសុខរ​ត់ទៅ​ប្រាប់​ម្ចាស់​រោងចក្រ ។ ទោះបីជា​បែប​ណា​អគ្គី​ភ័យ​នេះ ពុំ​បណ្តាល​ឱ្យ​ឆ្លង​រាលដាល​ដល់​ឃ្លាំង​ផ្សេង​ៗ​ទៀត​នោះ​ទេ ដោយ​មានការ​ជួយ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​២​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ចំនួន​២​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៥​រថយន្ត ។

ចំពោះ​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់ បើ​យោង​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​ម្ចាស់​រោងចក្រ គឺ​អស់​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ ព្រោះ​នៅ​ក្នុង​ឃ្លាំង​នេះ មាន​តែ​កាវ​សម្រាប់​បិទ​ធ្វើ​កាបូប​ប៉ុណ្ណោះ ។

ជា​ការ​កត់សម្គាល់ នេះ​ជា​ការ​ឆេះ​លើក​ទី​២​ហើយ គឺ​ក្រោយ​គ្នា​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះល្វែង​ចំនួន​៤​ខ្នង និង​១​ខ្នង​ទៀត​ឆេះ​អស់​ដំបូល​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ។ អគ្គិភ័យ​តែង​កើត​មាន​ជា​បន្តបន្ទាប់ ស្ទើរតែ​រៀងរាល់ថ្ងៃ​ទៅ​ហើយ ខណៈ​ដែល​អាកាសធាតុ​ក្ដៅ​ខ្លាំង​នា​រដូវប្រាំង​នេះ ៕