តំបន់​ព្រៃ​ការពារ​កំពុង​ត្រូវ​បានកា​ប់ទ​ន្ទ្រា​ន​យក​ដី មន្ត្រី​ពាក់ព័ន្ធ​បាន​ត្រឹម​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក

តំបន់​ព្រៃ​ការពារ​កំពុង​ត្រូវ​បានកា​ប់ទ​ន្ទ្រា​ន​យក​ដី មន្ត្រី​ពាក់ព័ន្ធ​បាន​ត្រឹម​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក



ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ព្រៃឈើ​ជា​ធនធានធម្មជាតិ​ដ៏​សំខាន់​បំផុត សម្រាប់​ទាក់ទាញ​ទឹកភ្លៀង និង​ផ្តល់​លំនឹង​អាកាសធាតុ​ជួយ​បម្រើ​ផល​ប្រយោជន៍ ដល់​មនុស្ស​សត្វ​គ្រប់​ប្រភេទ ដែល​ពេល​នេះ​ត្រូវ​ជនខិលខូច​មួយ​ចំនួន នាំ​គ្នា​កាប់​បំផ្លាញ​ដើម្បី​រាន​យក​ដី​ដាំពោត និង​ដំឡូង​មី យ៉ាង​អនាធិបតេយ្យ ។ សកម្មភាព​របស់​ពួក​គេ គឺ​មិន​ខ្វល់ខ្វាយ​អំពី​ផល​ប៉ះពាល់​ចំពោះ​បញ្ហា​គ្រោះ​រាំង​ស្ងួត​ហួតហែង​នោះ​ឡើយ ជា​ពិសេស​នៅ​ភូមិ​អូរ​ប្រើស អូរ​ខ្ទីង ភូមិ​ក្រចាប់ និង​ចំណុច​អូរ​ធ្លាក់ស ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ត្រូវ​បាន​គេ​កាប់​ដុត​បំផ្លាញ​ក្លាយជា​វាលរហោឋាន​រាប់​សិប​ហិ​កតា ។

ទោះបី​មាន​បញ្ហា​នេះ​កើតឡើង​ក្តី ក៏​មិនឃើញ​មាន​មន្ត្រី​ពាក់ព័ន្ធ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ណា​ម្នាក់ អើពើ​យកចិត្តទុកដាក់​ថែរក្សា​ព្រៃឈើ ដែល​សេសសល់​តិចតួច​ទាំងនោះ​ឱ្យ​បាន​គង់វង្ស​ឡើយ ហាក់ដូចជា​ចេះ​តែ​បណ្តែតបណ្តោយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ប្រែ​ក្លាយទៅជា​អស់រលីង ពោល​គឺ​បាន​ត្រឹមតែ​ឆ្លើយ​ដាក់​គ្នា​ប៉ុណ្ណោះ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​បរិស្ថាន​ខេត្ត បាន​បង្ហើប​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ថា នៅ​រដូវប្រាំង​ឆ្នាំ​២០១៦​នេះ ព្រៃឈើ​នៅ​តំបន់​អភិរក្ស​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​បាន​អ្នក​រស់នៅ​ក្នុងភូមិ​ខាងលើ នាំ​គ្នា​លួច​កាប់​ដុត​ស្ទើរ​រាល់ថ្ងៃ លុះ​ពេល​ណា​មាន​មន្ត្រី​ការពារ​ព្រៃឈើ​និង​សត្វព្រៃ​ទៅ​ដល់ ពួក​គេ​នាំ​គ្នា​រត់គេច​ខ្លួន ជួនកាល​រត់​ចោល​ម៉ាស៊ីន​កាត់ឈើ​ថែម​ទៀត​ផង ។

ប្រភព​ដដែល​បន្ត​ថា ពេល​ខ្លះ​ចាប់​បាន​អ្នក​ដែល​កាប់​នោះ​ហើយ គ្រាន់តែ​ឱ្យធ្វើ​កិច្ចសន្យា​រួច​ដោះ​លែង​ឲ្យ​ទៅ​ផ្ទះ​វិញ លុះ​ថ្ងៃក្រោយ​ក៏​មក​កាប់​វិញ​ដដែល ។ ពេល​ខ្លះ​ទៀត បន្ទាប់​ពី​ចាប់​បាន ក៏​មាន​អន្តរ​គម​ន៍​ដោះ​លែង​ភ្លាម​ៗ​តែ​ម្តង​។ សូ​ម្បី​តែ​នៅ​ក្បែរ​ស្នាក់​ការ​អូរ​ធ្លាក់ស ដែល​ជា​ស្នាក់​ការ​មន្ត្រី​បរិស្ថាន​ចាំ​យាម​ការពារ ក៏​មានការ​កាប់​ដុត​វាល​ស្រឡះ​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ថន គឹ​ម​ហុង នាយក​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​-​ប៉ៃលិន បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ថា ព្រៃឈើ​នៅ​ចំណុច​ខាងលើ ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​កាប់​ទន្ទ្រាន​យក​ដី​ដាំ​ដំណាំ​នេះ ដោយសារ​តែ​អាជ្ញាធរ​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន ឯកភាព​គ្នា​វៀល​ជូន​ពួក​គាត់​កាន់កាប់​ប្រើប្រាស់​តាំងពី​យូរ​ឆ្នាំ​មក​ហើយ ។ លោក​បន្ត​ថា ខាង​លោក​ក៏​បាន​ដាក់​កម្លាំង​នៅ​ទីនោះ​ជា​ច្រើន​នាក់​ដែរ ដើម្បី​ចាប់​ពួក​អ្នក​ដែល​លួច​កាប់​បំផ្លាញ​ព្រៃឈើ លុះ​ក្រោយមក​គេ​យក​លិខិត​ដែល​អភិបាលខេត្ត​អនុញ្ញាត​បង្ហាញ​ជូន​ព្រះរាជអាជ្ញា ក៏​ត្រូវ​បាន​ដោះ​លែង​វិញ ។

បើ​តាម លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បានឱ្យ​ដឹង​ដែរ​ថា ព្រៃ​តំបន់​អភិរក្ស​ខាងលើ​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចូល​ទៅ​កាប់​ទន្ទ្រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​បាន​ទេ ។ ឯ​ចំពោះ​ការ​ដែល​ថា អភិបាលខេត្ត​ឯកភាព​ឱ្យ​កាប់​ទន្ទ្រាន​យក​ដី​នោះ​បង្កបង្កើន ផល ក៏​មិន​ទាន់​មាន​សេចក្តីសម្រេច​ណាមួយ​នោះ​ឡើយ គ្រាន់តែ​បែងចែក​តំបន់​ព្រំប្រទល់​រវាង​ខេត្ត​ទាំង​ពីរ​ឱ្យ​ដឹង​ច្បាស់​ប៉ុណ្ណោះ ។ លោក​បន្ត​ទៀត​ថា ខាង​លោក​មានឈ្មោះ​អ្នក​លួច​កាប់​ព្រៃឈើ​ទាំងនោះ​អស់ហើយ ដោយ​កំពុង​រៀបចំ​សំណុំរឿង ។

ចំណែក លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​តំបន់​អភិរក្ស​ខាងលើ  ខណៈ​ភ្នាក់ងារ​សារព័ត៌មាន​ទាក់ទង​សួរនាំ ខាង​លោក​បាន​ប្រាប់​ថា កំពុង​ជាប់រវល់​ប្រជុំ ៕