ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​អះអាង​ថា​ល្បែង​ជល់​មាន់​និង​កន្ទុយ​លេខ​កើត​មាន​ច្រើន

ពលរដ្ឋ​រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បារម្ភ​ពី​បញ្ហា​អសន្តិសុខ និង​អំពើ​ហិង្សា​នានា បន្ទាប់​ពី​កើត​មាន​ល្បែង​ជល់​មាន់ ចាក់​អាប៉ោង បៀ និង​កន្ទុយ​លេខ​នៅ​មូលដ្ឋាន​យ៉ាង​អនាធិបតេយ្យ។ ពួក​គេ​ថា​ពុំ​ឃើញ​មាន​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​រដ្ឋាភិបាល ខណៈ​ពលរដ្ឋ​ធ្លាប់​រាយការណ៍​ករណី​នេះ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ។

ពលរដ្ឋ​រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ឲ្យ​ដឹង​ថា ឥទ្ធិពល​ល្បែង​ស៊ី​សង និង​កន្ទុយ​លេខ​នៅ​មូលដ្ឋាន បណ្ដាល​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ងប់ងុល​ល្បែង​នេះ​រហូត​លក់​ទ្រព្យ​សម្បត្តិ ខ្ចី​បុល​គេ ហើយ​អាច​ឈាន​ដល់​កើត​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទៀត​ផង។ អ្នក​ភូមិ​អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ ពង្រឹង​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ដែល​ក្រសួង​ធ្លាប់​បាន​ប្រកាស។

ពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​សំអាង ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ចាប់​ពី​កើត​មាន​ល្បែង​ស៊ី​សង​នៅ​មូលដ្ឋាន​ប្រមាណ ៦​ខែ​កន្លង​ទៅ មាន​បាតុភាព​កើត​ឡើង​ដូចជា ចោរកម្ម និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាច្រើន​ករណី។ បញ្ហា​នេះ អ្នក​ភូមិ​សន្និដ្ឋាន​ថា ទំនង​ជា​បណ្ដាល​មក​ពី​កើត​មាន​ល្បែង​ស៊ី​សង។ ចំណែក​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​មូលដ្ឋាន​មាន​តិចតួច​ណាស់៖ «តាំង​ពី​កើត​មាន​ល្បែង​ស៊ី​សង គាស់​ផ្ទះ​ផង លួច​លុយ។ តាំង​ពី​កើត​មាន​សង្វៀន​មាន់ ច្របូកច្របល់ លួច​ក៏​លួច រាល់​យប់​ដេក​មិន​បាន​ទេ ឆ្កែ​ព្រុស​ទ្រហឹង គាស់​ផ្ទះ​មួយ​គ្រួសារៗ​យក​លុយ​មិន​ចេះ​តិច​ទេ»

ឆ្លើយ​តប​ក្តី​បារម្ភ​នេះ មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង លោក គង់ ស៊ីណា បញ្ជាក់​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ស្ដីពី​ការ​លេង​ល្បែង​ស៊ី​សង​នោះ​ឡើយ។ លោក​ថា នគរបាល​នឹង​ចុះ​ពិនិត្យ​ករណី​នេះ​នៅ​ពេល​ទទួល​ព័ត៌មាន​នេះ។ លោក​កត់​សម្គាល់​ថា កាល​ពី​ចុង​ឆ្នាំ​២០១៥ នគរបាល​ធ្លាប់​អប់រំ​ណែនាំ​ពលរដ្ឋ​ម្នាក់​ដែល​បើក​ល្បែង​ស៊ី​សង​នៅ​មូលដ្ឋាន ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់៖ «រឿង​ករណី​ជល់​មាន់​លេង​អាប៉ោង កាល​មុន​ខ្ញុំ​បាន​ហៅ​ម្ចាស់​ផ្ទះ​មក​ធ្វើ​កិច្ចសន្យា​ហើយ»

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​បណ្តោយ​ឲ្យ​មាន​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​នៅ​តាម​មូលដ្ឋាន គឺ​ជា​សញ្ញា​បង្ហាញ​ពី​ការ​បរាជ័យ​នៃ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​របស់​ក្រសួង​មហាផ្ទៃ។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ចាត់​ទុក​ល្បែង​ស៊ី​សង​ជា​ប្រភព​អសន្តិសុខ​សង្គម។ ដូច្នេះ ក្រសួង​មហាផ្ទៃ គួរ​ប្រឹងប្រែង​រក​មធ្យោបាយ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ឲ្យ​មាន​ប្រសិទ្ធភាព ដូចជា​រៀបចំ​កញ្ចប់​ថវិកា​ដល់​មន្ត្រី​នគរបាល​ជំនាញ ដើម្បី​ធានា​តម្រូវ​ការ​អនុវត្ត​គោល​នយោបាយ​នោះ៖ «សព្វថ្ងៃ​មាន​គោល​នយោបាយ​មួយ​ចំនួន​ត្រូវ​បាន​អនុម័ត តែ​អត់​មាន​ផែនការ​ថវិកា។ រដ្ឋាភិបាល​ត្រូវ​តែ​មាន​កញ្ចប់​ថវិកា​មួយ ជាពិសេស​ធ្វើ​ម៉េច​ឲ្យ​មន្ត្រី​អនុវត្តន៍​ច្បាប់ គេ​អាច​មាន​មធ្យោបាយ​ដើម្បី​អនុវត្ត​ច្បាប់​បាន​ល្អ»

កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ អភិបាល​ខេត្ត​ស្ទឹងត្រែង ដែល​ទើប​តែង​តាំង​ថ្មី លោក ម៉ុម សារឿន សន្យា​ថា នឹង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​បម្រើ​សេវា​សាធារណៈ​ដល់​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព។

ល្បែង​ស៊ី​សង និង​ល្បែង​កន្ទុយ​លេខ មិន​ត្រឹម​តែ​មាន​នៅ​ឃុំ​សំអាង ទេ គឺ​ទូទាំង​ខេត្ត​ស្ទឹងត្រែង ក៏​មាន​សេចក្តី​រាយការណ៍​ថា ល្បែង​កន្ទុយ​លេខ​មាន​ប្រភព​ពី​ប្រទេស​វៀតណាម ដែរ។

ច្បាប់​ស្ដីពី​ការ​បង្ក្រាប​ល្បែង​ស៊ី​សង​ឆ្នាំ​១៩៩៦ មាត្រា​៥ ចែង​ថា ចំពោះ​អ្នក​បើក​ល្បែង​ស៊ី​សង អ្នក​កាន់​កាប់​ល្បែង​ស៊ី​សង អ្នក​ចាត់​ចែង និង​ភ្នាក់ងារ​ស៊ី​សង ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល​ដល់ ២០​លាន​រៀល និង​ដាក់​គុក​ពី ១​ឆ្នាំ​ដល់ ៥​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។