អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​ពិភពលោក​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ

ថ្ងៃ​ទី​២០ ខែ​មីនា គឺ​ជា​ទិវា​សុភមង្គល​អន្តរជាតិ (International Day of Happiness)។ ក្នុង​ការ​ប្រារព្ធ​ទិវា​សុភមង្គល​អន្តរជាតិ​នៅ​ឆ្នាំ​នេះ អង្គការ​សហប្រជាជាតិ បាន​សម្រេច​យក​ប្រធានបទ​ផ្ដោត​លើ «ចំណាត់​ការ​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដើម្បី​សុភមង្គល​លើ​ភព​ផែនដី»

ក្នុង​សារ​សរសេរ​ទៅ​កាន់​ប្រជាជន​លើ​ពិភពលោក អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ជំរុញ​ឲ្យ​មនុស្ស​គ្រប់​រូប​រួម​គ្នា មាន​ទាំង​អ្នក​បម្រើ​ការ​ក្នុង​ជួរ​រដ្ឋាភិបាល សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បុគ្គល​គ្រប់​រូប ស្វែង​យល់ និង​ចូលរួម​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដែល​ជា​ផ្នែក​មួយ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព អនុម័ត​ដោយ​មហា​សន្និបាត​នៃ​អង្គការ​សហប្រជាជាតិ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ កន្លង​ទៅ។

លោក​ថា មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នេះ គឺ​ការ​ចាត់​វិធានការ​នានា ដើម្បី​សម្រាល​ទុក្ខ​វេទនា​របស់​មនុស្ស​លោក។

អង្គការ​សហប្រជាជាតិ បាន​ប្រារព្ធ​ទិវា​សុភមង្គល​អន្តរជាតិ ចាប់​ពី​ឆ្នាំ​២០១៣ ដើម្បី​បញ្ជាក់​ពី​សារសំខាន់​នៃ​ការ​រស់នៅ​ប្រកប​ដោយ​សុភមង្គល​របស់​ប្រជាជន​លើ​ពិភពលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។