អបអរសាទរ ទិវា​សុខភាព​មាត់​ធ្មេញ​ពិភពលោក​(២០​មីនា​)

អបអរសាទរ ទិវា​សុខភាព​មាត់​ធ្មេញ​ពិភពលោក​(២០​មីនា​)



សៀមរាប ៖ សិស្សានុសិស្ស​ប្រមាណ​ជា ៧ ០០០​នាក់ នៃ​បណ្តា​សាលា​រដ្ឋ​ចំនួន​៥​ក្នុង​ក្រុង​សៀមរាប បាន​ជួប​និង​ទទួល​បាន​នូវ​ការអប់រំ​សុខភាព​មាត់​ធ្មេញ ពី​ក្រុមការងារ​សមាគម​ទន្តពេទ្យ​កម្ពុជា ក្នុង​ឱកាស​អបរអរសាទរ​ចំពោះ​ទិវា​សុខភាព​មាត់​ធ្មេញ​ពិភពលោក​(២០​មិនា​) ក្រោម​ប្រធានបទ សុខភាព​មាត់​ធ្មេញ​ល្អ រាងកាយ​មាំមួន។

រយៈពេល​២​ថ្ងៃ (​ថ្ងៃទី​១៨ និង ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៦) ជាមួយនឹង​ឱកាស​អបអរសាទរ ទិវា​សុខភាព​មាត់​ធ្មេញ​ពិភពលោក​(២០​មិនា​) ក្រោម​ប្រធានបទ​(​សុខភាព​មាត់​ធ្មេញ​ល្អ រាងកាយ​មាំមួន​) ក្រុមការងារ​របស់​ស​មា​គម​ទន្តពេទ្យ​កម្ពុជា​ប្រមាណ​ជាជាង​៤០​នាក់ បាន​ចុះ​ធ្វើ​សកម្មភាព​អប់រំ​ជូន​ដល់​ក្មួយៗ​សិស្សានុសិស្ស​នៅ​តាម​បណ្តា​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ​នានា​ក្នុង​ក្រុង​សៀមរាប ក្នុងនោះ​រួមមាន​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​ចំនួន​៥ ។

បើ​តាម​ការ​ផ្តល់​បទសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​បណ្ដាញ​ទូរទស្សន៍​បាយ័ន​ព័ត៌មាន​(BTV) កញ្ញា​ទន្ត​បណ្ឌិត យ៉ាំ សូលី​តា ប្រធាន​សមាគម​ទន្តពេទ្យ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​ថា ៖ រយៈពេល​២​ថ្ងៃ នៃ​ការ​ចុះ​ជួប​អប់រំ​ផ្សព្វផ្សាយ​អំពី​ការថែទាំ​សុខភាព​មាត់​ធ្មេញ និង​ចែក​ជូន​ថ្នាំដុសធ្មេញ​-​ច្រាស​ដុះធ្មេញ​ផង​នោះ គឺ​មាន​សិស្ស​កុមារ​និង​សិស្ស​វ័យ​ជំទង់​ទាំង​២​ភេទ​ប្រមាណ​ជាជាង ៧០០០​នាក់ បានទទួល​នូវ​ការអប់រំ​នេះ ។ កញ្ញា​ទន្ត​បណ្ឌិត យ៉ាំ សូលី​តា បញ្ជាក់​ឲ្យ​ដឹង​ថា ៖ ការ​ប្រារព្ធ​ទិវា​សុខភាព​មាត់​ធ្មេញ​ពិភពលោក​ឆ្នាំ​២០១៦​នេះ គឺជា​ឆ្នាំ​ទី​២ ដែល​បាន​ធ្វើឡើង​នៅ​ប្រទេស​កម្ពុជា ដែល​ជាក់ស្តែង​នៃ​ការ​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប គឺ​ត្រូវ​បាន​ស្ថិត​ក្នុង​កិច្ចសហការ​រវាង​សហព័ន្ធ​ទន្តពេទ្យ​ពិភពលោក​( fdi ) សមាគម​ទន្តពេទ្យ​កម្ពុជា, ក្រុមហ៊ុន Unilever Signal និង មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប។

កញ្ញា​ទន្ត​បណ្ឌិត​ប្រធាន​ក្រុមការងារ​ធ្វើ​សកម្មភាព​អបអរ​ទិវា​សុខភាព​មាត់​ធ្មេញ​ពិភពលោក បាន​បញ្ជាក់​បន្ថែម​ថា ៖ នៅលើ​ពិភពលោក គេ​ប្រារព្ធ​ពិធី​នេះ​តាំងតែ​ពី​ឆ្នាំ​២០០៧ ។ សកម្មភាព​នេះ​ត្រូវ​បាន​ផ្តល់​ការអប់រំ​ជូន​ដល់​សាធារណជន​ទូទៅ ដែលជា​ពិសេស​នោះ​គឺ​សំដៅ​ទៅលើ​កុមារ ពីព្រោះ​ការថែទាំ​សុខភាព​មាត់​ធ្មេញ​គឺ​ត្រូវ​យកចិត្តទុកដាក់​ដោយ​ចាប់ផ្តើម​ពី​វ័យ​កុមារ ។ កញ្ញា​ទន្ត​បណ្ឌិត​រូប​នេះ បាន​ពន្យល់​ថា ៖ ការ​ជ្រើសរើស​យក​ថ្ងៃទី​២០ ដើម្បី​ប្រារព្ធ​ទិវា​នេះ គឺ​លេខ​២០ តំណាង​ចំនួន​ធ្មេញព្រៃ​ឬ​ធ្មេញទឹកដោះ​របស់​កុមារ (​ខាងលើ​១០ និង​ខាងក្រោម​១០)។

កញ្ញា​បាន​ពន្យល់​បន្ថែមថា​៖ ការកំណត់​យក​ថ្ងៃទី​២០​ខែ​មិនា ដើម្បី​ប្រារព្ធ​ទិវា​នេះ ក៏មាន​មួយ​ផ្សេងទៀត​ផងដែរ ។ ជា​អន្តរជាតិ​គឺ​គេ​និយាយ​ថា ៖ ខែ​មិនា​ឬ​ខែ​៣ ថ្ងៃទី​២០ គឺជា​ទិវា​សុខភាព​មាត់​ធ្មេញ​ពិភពលោក។ ដូច្នេះ បើ​គេ​សរសេរ​លេខ ខែ​-​ថ្ងៃ​នោះ គឺ​ស្មើនឹង​លេខ ៣២០ ។ លេខ​៣២​ខាងដើម គឺ​ស្មើនឹង​ចំនួន​ធ្មេញ​របស់​មនុស្សពេញវ័យ (​ខាងលើ​១៦ ខាងក្រោម​១៦ ) ចំណែក​ឯ​លេខ​សូន្យ​(០) គឺ​មានន័យថា ធ្មេញ​ពុំ​មាន​ជំងឺ​ពុក​ធ្មេញ ធ្មេញ​គ្មាន​ជម្ងឺ​ដង្កូវ​ស៊ី គឺ​ធ្មេញ​ដែលមាន​សុខភាព​ល្អ ដែល​នាំ​ឲ្យ​រាងកាយ​រឹងមាំ បំពេញ​សម្រស់​នៃ​ស្នាម​ញ​ញញឹម​របស់​មនុស្ស​គ្រប់រូប៕

អបអរសាទរ ទិវា​សុខភាព​មាត់​ធ្មេញ​ពិភពលោក​(២០​មីនា​)

អបអរសាទរ ទិវា​សុខភាព​មាត់​ធ្មេញ​ពិភពលោក​(២០​មីនា​)

អបអរសាទរ ទិវា​សុខភាព​មាត់​ធ្មេញ​ពិភពលោក​(២០​មីនា​)

អបអរសាទរ ទិវា​សុខភាព​មាត់​ធ្មេញ​ពិភពលោក​(២០​មីនា​)