ប្រតិភូ​ខេត្ត​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សំណង់​ទ្វារ​ទឹក​ទំនប់​ម្កាក់​

ប្រតិភូ​ខេត្ត​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សំណង់​ទ្វារ​ទឹក​ទំនប់​ម្កាក់​



សៀមរាប ៖  ក្នុង​ដំណើរ​ចុះ​បំពេញបេសកកម្ម​របស់​លោក​បណ្ឌិត​ឃឹម​ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​នៅក្នុង ទឹកដី​ភូមិសាស្ត្រ​ស្រុក​ជីក្រែង​ខេត្តសៀមរាប​បាន​ដឹកនាំ​ប្រតិភូ​ខេត្ត អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​ទ្វារ​ទឹក​ទំនប់​ម្កាក់ ស្ថិតនៅ​ក្នុងភូមិ​ម្កាក់ ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ដែល​បាន​ស្ថាបនា​ឡើង​ដោយ​ក្រុមហ៊ុន​ចិន​ក្រោម ជំនួយ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃទី​១៩ ខែ មីនា ឆ្នាំ​២០១៦​នា​ចុង​សប្តាហ៍​មកនេះ ។​

​តាម​ការបញ្ជាក់​បង្ហាញ​របស់​ក្រុមហ៊ុន​ចិន ក៏​ដូច​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​ការដ្ឋាន​សំណង់​ទ្វារ​ទឹក​និង ទំនប់​ម្កាក់​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​និង​ជួសជុល​ចាប់ពី​ថ្ងៃទី​១៦​ខែ​កុ​ម្ភះ ឆ្នាំ​២០១៥​ហើយ​គម្រោង​សាងសង់​ទំនប់​ទ្វារ​ទឹក​នេះ​មាន​រយៈពេល ៤០​ខែ ក្នុងនោះ​បានធ្វើ ប្រឡាយ​មេ និង ស្រោចស្រព​មាន​ប្រវែង ១២៨,៩៥​គ​.​ម មកដល់ពេលនេះ​គម្រោង​ត្រូវ​អនុវត្តបាន​ប្រវែង​៩៦​គ​.​ម ស្មើ ៧០% ដែលជា​ប្រឡាយទឹក​ស្រោចស្រព ។​ចំពោះ​សំណង់​សិ​ល្បះ​ការ ដែលមាន​ស្ពាន ទ្វារ​ទឹក ទំនប់​បង្ហៀរ និង សំណង់​ធំៗ មាន​១៩១​កន្លែង​និង បានបញ្ចប់​គម្រោង ចំនួន ៩៩​កន្លែង ស្មើ ៥១% ព្រមទាំង បាន​បន្តធ្វើ​ខ្សែ ប្រឡាយ​ធំៗ ចំនួន​០៤​ខ្សែ​ថែម​ទៀតផង​។ លោក​បាន​បន្ត​ឲ្យ​ដឹងផង​ដែរ អំពី​ទំហំ​ផ្ទៃដី​អាង ដែល លិច​ទឹក​មាន ៦០៧​ហិកតា ហើយ​ផ្ទៃ​អាង​ផ្ទុក​ទឹក​នៅក្នុង​រដូវវស្សា​បាន ៩​លាន​ម៉ែត្រគូប​ហើយ​ក្នុង​មួយឆ្នាំ ទាំង​ទឹក​ស្រោចស្រព និង ទឹក​ស្តុ​ប​នៅក្នុង​អាង​មាន​ទៅដល់​២០០​លាន​ម៉ែត្រគូប ដែលមាន​សក្តានុពល​ក្នុងការ​ស្រោចស្រព​ទៅលើ​១០​ឃុំ​ក្នុងស្រុក​ជីក្រែង មាន​ផ្ទៃ​ដីស្រែ​ចំនួន ២៨​ពាន់​៨៥០​ហិកតា ទាំង​ប្រាំង​និង​វស្សា​។​ក្នុង​ង​ពេលបច្ចុប្បន្ន​នេះ​ដីស្រែ​ដែល​បានធ្វើ​មានតែ​២០​ពាន់​១៥៥​ហិកតា ក្នុងនោះ​ស្រែប្រាំង​មាន​ចំនួន ៦​ពាន់​ហិកតា​ផងដែរ ។​
​មានប្រសាសន៍​នោះដែរ​លោក​បណ្ឌិត​ឃឹម ប៊ុន​សុង​ក្នុងនាម​អាជ្ញាធរខេត្ត ក៏​ដូច​ប្រជាជន​ខេត្តសៀមរាប ក៏ បានធ្វើការ​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ចិន ដែល​បាន​ផ្តល់ជំនួយ ក្នុង​ការកសាង​ប្រព័ន្ធធារាសាស្ត្រ​នៅ​កម្ពុជា សំខាន់​ខេត្តសៀមរាប​ដោយបាន​ផ្តល់នូវ​អ្នក បច្ចេកទេស​ជំនាញ ក្នុងការ​ស្ថាបនា​សាងសង់​សំណង់​និង ប្រព័ន្ធ ធារាសាស្ត្រ​ដ៏​ធំ​មួយ​នៅ ក្នុងភូមិ​សាស្ត្រ​ស្រុក​ជីក្រែង ក្នុងការ​ចូលរួម​លើកស្ទួយ​វិស័យ​កសិកម្ម​កម្ពុជា​និង ជួយ​កាត់ បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ផងដែរ ។ ក្នុងនោះដែរ​ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត​ក៏បាន​សំណូមពរ ដល់​ក្រុមហ៊ុន ជួយ​ធ្វើការ​ព​ន្លឿ​ន​នៃ​ការ សាងសង់​ឲ្យ​បាន​មុន​រដូវវស្សា​ចូលមក​ដល់​ដោយ​បងប្អូន​ប្រជាកសិករ ទាំង​១០​ឃុំ បាន​ពឹង​ផ្អែកទៅលើ​ទំនប់​អាងទឹក​ម្កាក់​នេះ​ក្នុងការ​បង្កបង្កើនផល ទាំង​រដូវវស្សា និង រដូវប្រាំង ព្រម ទាំង​សូម​យកចិត្តទុកដាក់ ក្នុងការ​ស្ថាបនា​សំណង់​ទាំងនេះ​ឲ្យ​ធានាបាន​នូវ​គុណភាព​ក្នុងការ​ប្រើប្រាស់​បានយូរ អង្វែង សម្រាប់​ទៅ​ពេលអនាគត​ផងដែរ ។​

ឆ្លៀតឱកាស​នោះដែរ​លោក​បណ្ឌិត​ឃឹម​ប៊ុន​សុង​និង​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ជីក្រែង ក៏បាន​នាំយក​នូវ​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​យកទៅ​ចូលរួម​ក្នុងការ​ចែករំលែក​ទុក្ខសោក ដល់​ក្រុមគ្រួសារ​ដែលមាន​កូនស្រី អាយុ​៨​ឆ្នាំ​បាន​លុងទឹក​អាង​ម្កាក់​ស្លាប់​ព្រមទាំង​បាន​មានប្រសាសន៍​សម្តែង​នូវ​ការសោកស្តាយ​ជា មួយក្រុម​គ្រួសារ​នៃ​សព​និង​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​ជាប់​នឹង​ជើង​ទំនប់​ម្កាក់​នេះ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​កូនចៅ តូចៗ កុំ​ឲ្យ​ទៅលេង​ទឹកនឹង ប្រយ័ត្ន​ភ្លើង​ផ្សែង​នៅក្នុង​ភូមិ​តាម​លំនៅដ្ឋាន​ដោយ​រដូវ​នេះ​ជា​រដូវក្តៅ ដែល​តែង​ងាយ​ទទួលរង​គ្រោះថ្នាក់​អគ្គីភ័យ​ជាទីបំផុត ។ ក្នុងនោះ​ឯ​.​ឧ​បណ្ឌិត​និង ក្រុមការងារ បាន​ឧបត្ថម្ភ​នូវ​ថវិកា ចំនួន​៣៥​ម៉ឺន​រៀល​និង​គ្រឿង​ឧបភោគបរិភោគ​ដល់​ក្រុមគ្រួសារ​សព​ដើម្បី​យកទៅ​ប្រើប្រាស់ ក្នុង​ពិធី​បុណ្យសព​នេះ​ផងដែរ ៕

ប្រតិភូ​ខេត្ត​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សំណង់​ទ្វារ​ទឹក​ទំនប់​ម្កាក់​

ប្រតិភូ​ខេត្ត​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សំណង់​ទ្វារ​ទឹក​ទំនប់​ម្កាក់​