​លិខិត​មិត្ត​អ្នកអាន ៖ ចង់ឲ្យ​កូន មាន​ច្រមុះ​ស្រួច ខ្ញុំ​អាច​ច្របាច់ ឬ​ច្បូត​បាន​អត់​?

​លិខិត​មិត្ត​អ្នកអាន ៖ ចង់ឲ្យ​កូន មាន​ច្រមុះ​ស្រួច ខ្ញុំ​អាច​ច្របាច់ ឬ​ច្បូត​បាន​អត់​?

​ក្នុងនាម​ជា​ម្តាយ តែងតែ​ខិតខំ​ធ្វើ រឿង​គ្រប់យ៉ាង​ដើម្បី​កូន រាប់​ចាប់តាំងពី មិនទាន់​ចាប់កំណើត រហូត​ដល់​ប្រសូត្រ ប្រកបដោយ​សុវត្ថិភាព​។ ក្រៅ​ពី​សុខភាព ឪពុក​ម្តាយ​ភាគច្រើន ក៏​ប្រាថ្នា​ចង់​បាន​កូន ដែល​មាន​រូប​សម្រស់ ស្រស់​ស្អាត​ផង​ដែរ ជាពិសេស គឺ​ពណ៌​សម្បុរ​តែម្តង​។

​យ៉ាងណាមិញ បញ្ហា​ច្រមុះ ក៏​ជា​ក្តីកង្វល់ សម្រាប់​ឪពុកម្តាយ​ភាគច្រើន​។ ជា​ឧទារណ៍ កាល​ពី​ម្សិលមិញ មាន​មិត្ត​អ្នកអាន ប្រចាំ​គេហទំព័រ www.health.com.kh ជាច្រើន បាន​សាកសួរ​យើង​ថា ៖ “​បើ​ចង់​ឲ្យ​ច្រមុះ​កូន​ស្រួច ខ្ញុំ​អាច​ច្របាច់ ឬ​ច្បូត ដោយ​ម្រាមដៃ​ខ្ញុំ​បាន​ទេ​”?

​យើងខ្ញុំ​សូម​ជម្រាប​ប្រាប់ថា មិន​មាន​ភស្តុ​ណា ដែល​បញ្ជាក់ថា ការ​ច្របាច់​ច្រមុះ​កូន​បែប​នោះ អាច​ធ្វើឲ្យ​ច្រមុះ​គេ​ស្រួច​នោះទេ​។ ប៉ុន្តែ អ្នកជំនាញ​ផ្នែក​កុមារ​ជា​ច្រើន បាន​ព្រមាន​ថា ការធ្វើ​បែប​នេះ នឹង​ធ្វើ​កូន​របស់​អ្នក​ឈឺចាប់ ហើយ​ច្រមុះ​របស់គេ ក៏​អាច​ជួយ​បញ្ហា​នានា​ផងដែរ​។

​អំឡុង​ពេល​មាន​ផ្ទៃពោះ ច្រមុះ​របស់​កូន​អ្នក ចាប់ផ្តើម​ធ្វើ​រចនាសម្ព័ន្ធ និង​កើតជា​រូបរាង​ច្រមុះ​។ បន្ទាប់ពីនោះ វា​ទាមទារ​ការលូតលាស់ ជាច្រើន​បន្ថែមទៀត ទើប​ចប់​សព្វគ្រប់​។​

​នៅពេល​ចាប់កំណើត ច្រមុះ​របស់​កូន​អ្នក អាច​នឹងរង​ការប៉ះទង្គិច​មួយចំនួន ដែល​ធ្វើឲ្យ​វា​ប៉ោង កំពិត ឬ​សំប៉ែត​ជាដើម​។

​អ្នកជំនាញ​ជាច្រើន បានបង្ហាញ​ថា បញ្ហា​នេះ​នឹង​បាត់​ទៅ​វិញ ក្នុង​រយៈពេល​ណាមួយ រាប់​ចាប់ពី​ប៉ុន្មាន​អាទិត្យ ទៅ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ខណៈពេលដែល ច្រមុះ​របស់​កូន​អ្នក ត្រូវ​ការលូតលាស់​បន្ថែ​ម​ទៀត​។ ដូច្នេះ ការ​ច្របាច់ ឬ​ខ្ជឹប​ច្រមុះ​កូន​អ្នក នឹង​ប៉ះពាល់ ឬ​រាំងស្ទះ​ដល់​ដំណើរការ លូតលាស់​របស់​ច្រមុះ​។ ក្នុង​ករណី​បែប​នេះ វា​នឹង​ធ្វើឲ្យ​ខូច​ច្រមុះ ហើយ​ចុងក្រោយ ការវះកាត់​ច្រមុះ ពិតជា​រឿង​ដែល​ត្រូវ​ធ្វើ​ហើយ​។​

​ជា​ចុងក្រោយ គេហទំព័រ​សុខភាព​យើងខ្ញុំ សូម​ណែនាំ​ថា ដាច់ខាត កុំ​ច្បូត ឬ​ច្របាច់​ច្រមុះ​កូន​អ្នក​ឲ្យសោះ​។ ក្រៅពី​ច្រមុះ ក៏​មាន​កន្លែង និង​គុណសម្បត្តិ​ផ្សេងទៀត ដែល​អាច​ធ្វើឲ្យ កូន​របស់​អ្នក គួរ​ឲ្យ​ស្រឡាញ់​បាន​ដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។