តា​-​យាយមិន​ហ៊ាន​ជិះ​ម៉ូតូ​លឿន នៅ​តែ​មក​បុក​ពីក្រោយស្លាប់​​ទាំង​២

ខេត្ត​ត្បូងឃ្មុំ​ ៖ ​​តា-យាយ​២​នាក់​បាន​ស្លាប់ ​ដោយសារ​តែ​រថយន្ត​បុក​ពីក្រោយយ៉ាង​​ពេញទំហឹង ​កាល​ពី​​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ២០១៦ ស្ថិត​​លើ​ផ្លូវជាតិ​លេខ​៧​ ត្រង់​ចំណុច​បង្គោលគីឡូម៉ែត្រ​​លេខ​​​១៥៤ ក្នុងភូមិ​ដំណាក់​ចារ ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ។ ​

​ប្រភពឱ្យ​ដឹង​ថា បុរសរងគ្រោះ​​ដែលស្លាប់​ទាំង​២​នាក់​​ ម្នាក់​​ឈ្មោះ​អ៊ូ កោ អាយុ​៧៧ឆ្នាំ​ មានទីលំ​នៅ​ភូមិ​អ​ញ្ចើ​ម ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូង​ឃ្មុំ  (ស្លាប់​នៅ​មន្ទីរពេទ្យ) និង​ម្នាក់​ទៀត​​ឈ្មោះ​ហុ​ក ជា ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មានទីលំក្នុងភូមិ​-ឃុំ​ជាមួយ​គ្នា​ ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ ។ ចំណែក​អ្នកបើក​រថយន្ត​គេចខ្លួនបាត់​ ។

នៅ​​​មុនពេល​កើតហេតុ​ ភាគី​ម៉ូតូ​​​ជិះ​ឌុ​ប​គ្នាធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​ពី​កើត ​ទៅ​លិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ស្រប​ពេលមក​​ដល់​​​​មុខ​​ភូមិ​ដំណាក់​ចារ ​​ស្រាប់តែ​មាន​​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង ​ពណ៌.ស​១​គ្រឿង ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-9813 បើក​ដោយ​បុរស​​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ប្រើប្រាស់ល្បឿន​លឿន​ មក​បុក​ចំ​ពី​ខាងក្រោយ​​ម៉ូតូ  បណ្តាល​ឱ្យ​​ស្លាប់​​​ទាំង​២​នាក់​ជា​បន្តបន្ទាប់​តែ​ម្តង  ។