មន្ត្រីត្រូវបម្រើ​រាស្ត្រ ឬ​រាស្ត្រ​ត្រូវបម្រើ​មន្ត្រី?

នៅ​ពេល​​ដែល​មិត្តភក្តិ​ដែល​បែក​គ្នា​យូរ សំណួរ​​មួយ​ដែល​គេ​ត្រូវ​បាន​លើកយក​មក​សួរ ​ចំពោះ​មន្ត្រី​រដ្ឋ​ ។ សំណួរ​នោះ​គឺ « ​តើ​អ្នក​​រក​បាន​​ទេនៅ​កន្លែង​នោះ? » តើ​ការ​ជួប​គ្នា​​​លើក​ចេញ​ជាសំណួរ​បែប​នេះ​ មាន​អត្ថន័យ​បែប​ណា​ ចំពោះ​សង្គម​កម្ពុជា ?

សំណួរ​បាន​ចង្អុល​អំពី​​បញ្ហា​សង្គម​មួយ ​ដែល​មនុស្ស​ភាគច្រើន​គិត​ថា ​នៅ​ពេល​ដែល​ពួក​គេ​ក្លាយជា​មន្ត្រី​ ពួក​គេ​នឹង​អាច​រក​លុយ​បាន​តាម​មធ្យោបាយ​ផ្សេង ​ក្រៅពី​ប្រាក់ខែ​រដ្ឋ​ ដែល​មាន​កម្រិត​ទាប​នៅឡើយ​ ។ យើង​អាច​និយាយ​ម្យ៉ាងទៀត​ឱ្យ​​ចំ​ជាង​នេះ ​គឺ​ពួក​គេ​ត្រៀម​ខ្លួន​​ជា​ស្រេចនឹង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​ជា​ជាង​ការ​គិត​អំពី​ការ​បម្រើប្រជាជន ​។ ជាមួយនឹង​ «ទស្សន​:​» បែប​នេះ ​ដក់​ជ្រៅ​នៅ​ក្នុង​ខួរ​ក្បាល​​របស់​មនុស្ស ពួក​គេ​ក៏​ងាយ​នឹង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​ដោយ​ប្រើ​អំណាច និង​តួនាទី​របស់​ខ្លួន ​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ ជា​ជាង​បម្រើ​ដល់​ប្រជាជន​កម្ពុជា​ ។

ដូច្នេះ​ ពួក​មន្ត្រី​ទាំងនោះ​ ក៏​ក្បត់​នឹង​បេសកកម្ម​ព្រមទាំង​ប្រជាជន​ ។ ពួក​គេ​មិន​បាន​បម្រើប្រជាជន​ឡើយ​ ហើយ​គិត​ថា ​ប្រជាជន​ត្រូវ​តែ​ខ្លបខ្លាច​ដល់​ពួក​គេ​ហើយ​ផ្តល់​លាភសក្ការ​:​ដល់​ពួក​គេ ​ជា​ថ្នូរ​នឹង​សេវា​​ដែល​ប្រជាជន​នឹង​ទទួល​បាន​ ។ ពួក​គេ​គិតតែ​ពី​គាប​ប្រជាជន​ដើម្បី​​ឱ្យ​​បាន​​លុយ​កាក់​ ដោយ​មិន​គិត​អំពី​ទុក្ខ​លំបាក​របស់​ប្រជាជ​ន​ ។

ដរាបណា​ មន្ត្រី​មិន​ព្រម​កែ​ផ្នត់គំនិត​របស់​ខ្លួន​ទេ​​នោះ ទំនាក់ទំនង​រវាង​មន្ត្រី​ និង​ប្រជាជន​ នឹង​ពោរពេញ​ដោយ​បញ្ហា​ថ្នាំងថ្នាក់​ ។ បន្តិច​ម្តង​ៗ ការ​មិន​​សប្បាយចិត្ត​របស់​ប្រជាជន​អាច​នឹង​ក្លាយទៅជា​ការ​ដក​សេចក្តី​ទុកចិត្ត​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​រៀង​រាល់​ប្រាំ​ឆ្នាំ​ម្តង ​។

ដូច្នេះ​ វា​សំខាន់​ណាស់ ​សម្រាប់​មន្ត្រី​ទាំងអស់ ​ត្រូវ​យល់​ច្បាស់​អំពី​បេសកកម្ម​របស់​ពួក​គេ ​គឺ​ត្រូវ​បម្រើ​ផលប្រយោជន៍​សាធារណ​: ​ដើម្បី​ធ្វើ​យ៉ាងណា​ ឱ្យ​​ប្រជាជន​ដែល​ជា​ម្ចាស់​ឆ្នោត​ អាច​រស់នៅ​បាន​កាន់តែ​ស្រួល និង​កាន់តែ​មាន​ជីវភាព​ធូរធា ​។

វា​នឹង​ក្លាយជា​កំហុសឆ្គង​ ដែល​មន្ត្រី​បម្រើប្រជាជន​​មិន​បាន​ល្អ ​ឬ​ក៏​ធ្វើបាប​ប្រជាជន ​។ ពួក​គេ ​មិន​ត្រូវ​ចាត់​​ទុក​ប្រជាជន ​គឺជា​អ្នកបម្រើ​ផល​ប្រយោជន៍​របស់​ពួក​គេ​​នោះ​​ឡើយ​ ៕