ក្រុមហ៊ុន​ធំ​ៗ​ឥណ្ឌា​ស្វែងរក​ដៃគូ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ធំ​ៗ​របស់​ឥណ្ឌា​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ស្រប​ពេល​ដែល​វិស័យ​អចលនទ្រព្យ ត្រូវ​បាន​គេ​វាយតម្លៃ​ថា កំពុង​ឈាន​ដល់​ចំណុចកំពូល ។ ក្រុមហ៊ុន​ឥណ្ឌា​ដែល​មាន​បំណង​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រកាស​ពី​ទំហំ​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​វិនិយោគ​ទៅ​លើ​សណ្ឋាគារ​ផ្កាយ​ប្រាំ នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល កាលពី​ពេល​ថ្មី​ៗ​នេះ លោក Vidip Jatia នាយក​ក្រុមហ៊ុន Supreme Holdings And Hospitality (India) Ltd ថ្លែង​ថា ៖ « ទឹកប្រាក់​ដែល​ត្រូវ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា ប្រមាណ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​ទៀត​នេះ ប្រហែលជា​១​ពាន់​លាន​ដុល្លារ ទៅ​លើ​សណ្ឋាគារ​ផ្កាយ​ប្រាំ​នៅ​រាជធានី​ភ្នំពេញ ។ ពេល​នេះ​ពួក​យើង​កំពុង​តែ​ស្វែងរក​ដៃគូ​សម្រាប់​វិនិយោគ​ទៅ​លើ​គម្រោង​នេះ ហើយ​សង្ឃឹមថា គម្រោង​នេះ​នឹង​ទទួល​បាន​ជោគជ័យ បើ​តាម​បទ​ពិសោធន៍​របស់​ពួក​យើង​ជាង​៥០​ឆ្នាំ​មក​ហើយ ហើយ​យើង​ក៏​មាន​អ្នក​ជំនាញការ​ជា​ច្រើន​ក្នុង​ក្រុមការងារ​ផង​ដែរ​។ នៅ​ចុងឆ្នាំ​២០១៦​នេះ ក្រុមហ៊ុន​របស់​យើង​នឹង​បណ្ដាក់ទុន​វិនិយោគ​លើ​ទឹកប្រាក់​ប្រមាណ​១០០​លាន​ដុល្លារ​ជាដំបូង​សិន » ។

លោក Immy Panjwani ប្រធាន​ក្រុមហ៊ុន Ivanna Investments Ltd ដែល​ធ្លាប់​បាន​វិនិយោគ​នៅ​ទីក្រុង​ហុងកុង ទីក្រុង​ឡុ​ង​ដ៍ និង​ទីក្រុង​មុម​បៃ ប្រទេស​ឥណ្ឌា និង​បាន​កំពុង​សម្លឹង​មើល​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​នោះ បានឱ្យ​ដឹង​ថា ៖ « ក្រុមហ៊ុន​របស់​លោក​មាន​ជំនាញ និង​បទ​ពិសោធន៍​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ ។ ដោយសារ​តែ​មើលឃើញ​ពី​ឱកាស​ទីផ្សារ និង​ការ​វិនិយោគ​ទៅ​លើ​វិស័យ​នេះ​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​កំពុង​មានការ​អភិវឌ្ឍ​ពី​មួយ​ថ្ងៃ​ទៅ​មួយ ទើប​ក្រុមហ៊ុន​មក​ស្វែងរក​ការ​វិនិយោគ និង​ចាប់​យក​ទីផ្សារ​ដែល​នៅ​សេសសល់​នេះ » ។

លោក​បន្ត​ថា ៖ « មូលហេតុ​ដែល​ក្រុមហ៊ុន​និង​ដៃគូ​របស់​លោក​វិនិយោគ​ទៅ​លើ​សណ្ឋាគារ ដោយសារ​តែ​ក្រុមហ៊ុន​លោក​មាន​សណ្ឋាគារ​ជា​ដៃគូ​ល្បី​ៗ​ជា​ច្រើន​នៅ​ប្រទេស​ឥណ្ឌា ។ នៅ​ពេល​គម្រោង​នេះ​ចាប់ផ្ដើម​ដំណើរការ លោក​នឹង​យក​អ្នកជំនាញ​ទាំងនោះ​មក​អនុវត្ត​ក្នុង​ការងារ​នេះ ឬ​យក​គំរូ​នៃ​សណ្ឋាគារ​ល្បី​ៗ​ទាំងនោះ​មក​សាងសង់​នៅ​កម្ពុជា » ។

ចំណែក​លោក Bretton G. Sciaroni ប្រធាន​សភាពាណិជ្ជកម្ម​អន្តរជាតិ ក៏​បានឱ្យ​ដឹង​ដែរ​ថា ៖ « ការ​មក​បណ្ដាក់ទុន​វិនិយោគ​របស់​ឥណ្ឌា​នៅ​កម្ពុជា គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ​នោះ​ទេ ពីព្រោះ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ក៏​ល្អ គឺ​ប្រមាណ​ជុំវិញ​៧% ក្នុង​មួយ​ឆ្នាំ ។ ដោយឡែក សម្រាប់​វិស័យ​អចលនវត្ថុ​វិញ ក៏​កំពុង​មាន​សន្ទុះ​ខ្លាំង​ផង​ដែរ » ។
លោក​បន្ត​ទៀត​ថា ៖ « កម្ពុជា​នឹង​កាន់តែ​រីក​ចម្រើន​នៅ​ពេល​ដែល​មាន​វិនិយោគិន​មក​បណ្ដាក់ទុន​បន្ថែម​ទៀត​។ ជាក់ស្ដែង ដូច​នៅ​ពេល​នេះ ការ​មក​បណ្ដាក់ទុន​វិនិយោគ​របស់​ឥណ្ឌា នៅ​ក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​វា​នឹង​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​កាន់តែ​រីក​ចម្រើន ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​ងារ​ធ្វើ និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត » ៕