ជាប់​ចោទ​ដើរ​បោក​អ្នក​ភូមិ​តាម​ជន​បទ​លក់​​ផ្ទាំង​សូឡា

​ខេត្តកំពង់ធំ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់​ ត្រូវ​បាន​​សមត្ថ​កិច្ច​ ​​ឃាត់​​ខ្លួន​​ពី​បទ​ធ្វើ​សកម្មភាព​ដើរ​ឆបោក​ប្រជាពលរដ្ឋ​​​តាម​រយៈ​ការ​​លក់​ផ្ទាំង​សូ​ឡា​ ។​

​លោក​វរ​សេនី​យ៍​ទោ ញ៉ែ​ម ឈុ​ន​លី អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន បាន​​ឱ្យ​ដឹង​ថា​ ​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ប្តឹង​​​ថា ​មាន​ជនខិលខូច​១​ក្រុម​បាន​ដើរ​ធ្វើ​សកម្មភាព​ឆ​បោក​ប្រាក់​ពី​ប្រជាពលរដ្ឋ​តាម​រយៈ​នៃ​ការ​ដើរ​លក់​ផ្ទាំង​សូ​ឡា រួច​គេចខ្លួន​​​មក​ពី​​​ស្រុក​កំពង់ស្វាយ មក​ធ្វើ​សកម្មភាព​នៅ​ក្នុង​សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន​ លោក​ក៏​សុំ​បទបញ្ជា​ពី​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ដោយ​មានការ​សហការ​ល្អ​ពី​ម្ចាស់ផ្ទះ​សំណាក់​ពន្លឺ​ថ្មី​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ដំរី​ជាន់​ខ្លា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​​​ចំនួន​៦​នាក់ កាលពី​យប់​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ ពី​​បទ​ដើរ​ឆ​បោក​ប្រាក់​​ប្រជាពលរដ្ឋ​​​ក្នុង​​ម្នាក់​ៗ​ចំនួន​១០០ដុល្លារ​ តាម​រយៈ​ការ​លក់​កញ្ចក់​ផ្ទាំង​សូ​ឡា​សម្រាប់​ដាក់​បំភ្លឺ​តាម​ផ្ទះ ពលរដ្ឋ​ដែល​ចាញ់បោក​ជន​ទាំង​៦​នាក់​នេះ មាន​ចំនួន​៣៣​គ្រួសារ ក្នុង​នោះ​​​នៅ​ភូមិ​ម​ហរ ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ​ ចំនួន​១៧​គ្រួសារ និង​ភូមិ​រលួស សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន​ចំនួន​១៦​គ្រួសារ ដោយ​អះ​អាង​ថា​ ពួក​ខ្លួន​ជា​បុ​គ្គលិក​​របស់​ក្រុមហ៊ុន​ជី​អាយ​ជី​(GIG) ចុះ​មក​ជួយ​ប្រជាពលរដ្ឋ ដោយ​ដាក់​បំពាក់​ផ្ទាំង​សូ​ឡា ១​កំ​ប្លេ និង​ទូរ​ទស្ស​ន៏​១​គ្រឿង និង​ឲ្យ​ខ្ចី​លុយ​ក្នុង​១​គ្រួសារ​ចំនួន​២​លាន​រៀន​ទៀត កក់​លុយ​មុន​១​គ្រួសារ​១០០$ តម្រូវ​ឲ្យ​បង់លុយ​ក្នុង​១​ឆ្នាំ​១០០$ សម្រាប់​រយៈពេល​៤​ឆ្នាំ​!​ហើយ​ឲ្យ​ប្រជាពលរដ្ឋ​រៀបចំ​ដាំបាយ​ឲ្យ​ហូប​នៅ​ភូមិ​រលួស ដោយ​ទុក​ម្នាក់​ឲ្យ​នៅ​ជាមួយ​ប្រជាពលរដ្ឋ ចំណែក​៥​នាក់​ទៀត​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ដោយ ឃើញ​សភាព​ការ​មិន​ស្រួល​ក៏​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​បាន​ម្នាក់ ទើប​ឈាន​ទៅ​​​ឃាត់ខ្លួន​​ជន​សង្ស័យ​បាន​​៥​នាក់​ទៀត​សរុប​​​៦​នាក់ ​រួម​មាន ​​១-ឈ្មោះ ស្មាន ស៊ុ​ស​គី​ភ្លី ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​ស្តី ឃុំ​លលកស ក្រុង​ពោ​សាត់ ខេត្ត​ពោ​សាត់ ​​២-​ឈ្មោះ យើ រ៉ូ​ហ្វា ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ​​៣-​ឈ្មោះ ឡោះ ម៉ាត់​លី ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ​​ទាំង​២​នាក់​​រស់នៅ​ភូមិ​ទួល​ងោក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ​​៤-​ឈ្មោះ សុះ រ​សេត ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ​ រស់នៅ​ភូមិ​វិហារ​សំបូរ ​ឃុំ​រកា​ព​ប្រាំ ក្រុង​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ​​៥-​ឈ្មោះ ឡោះ រ៉​យ៉ា ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ នៅ​ភូមិ​ឡរ​ឥដ្ឋ ឃុំ​ព្រែក​ព្រះស្តេច  ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ​​ទាំង៥នាក់​ជា​​ខ្មែរអ៊ិស្លាម និង​​៦-ឈ្មោះ ជា ណា​វី ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្តារ ស្រុក​ទឹកផុស ខេត្ត​កំពង់​ឆ្នាំង​ ជាស​ង្សា​របស់​ឈ្មោះ ​ឡោះ រ៉​យ៉ា រួម​ជាមួយ​​​​​វត្ថុ​តាង ​មាន ​ម៉ូតូ​៤​គ្រឿង ទូរស័ព្ទ​ដៃ​៨​គ្រឿង ​ប្រាក់​ខ្មែរ និង​ប្រាក់​អាមេរិក​​មួយ​ចំនួន​​ ​​​សមត្ថកិច្ច​បាន​ក​​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​មី​នា ​៕