ថៃ​វាយ​ខ្មែរ​ទៀត​ហើយ​នៅ​ផ្សារ​រុង​ក្លឿ

ខេត្តបន្ទាយមានជ័យ ៖ កម្មករ​មួយ​ក្រុម​បាន​លើកគ្នា​មក​រក​ការ​អន្តរាគមន៍​ជួយ​ពី​មន្ត្រី និង​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដោយ​ចោទ​ថា សន្តិសុខ​ផ្សារ​រុង​ក្លឿ​ម្នាក់​របស់​ថៃ​​បាន​វាយ​នាង​ក្រមុំ​ជា​កម្មករ​អូស​រទេះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​១០ និង​៣៧​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៦ ។

នៅ​កន្លែង​កើតហេតុ គេ​ឃើញ​មានគ្រួសារ​រង​គ្រោះ ឪពុក​-​ម្តាយ និង​កូន ដោយ​បុរស​ជា​ឪពុក​ឈ្មោះ ន​ន់ ភ័​ណ អាយុ​៣៨​ឆ្នាំ ស្ត្រី​ជា​ម្តាយ​ឈ្មោះ ទ្រី មុំ អាយុ​៤២​ឆ្នាំ និង​នាង​ក្រមុំ​រង​គ្រោះ​ឈ្មោះ ភ័​ណ សុភា អាយុ​១៧​ឆ្នាំ ដោយ​គ្រួសារ​មួយ​នេះ​ជា​កម្មករ​អូស​រទេះ​ទាំងអស់​គ្នា និង​ក្រុម​កម្មករ​មួយ​ចំនួន​ទៀត ។

ឪពុក​-​ម្តាយ​នាង​ក្រមុំ​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កូន​របស់​គាត់​ត្រូវ​សន្តិសុខ​ផ្សារ​រុង​ក្លឿ​ទះកំផ្លៀង​១​ដៃ និង​ខោក​ក្បាល​ផង​ដែរ ដោយ​គេ​ចោទ​ថា​ទៅ​ចាប់​ភ្ញៀវ​រញ៉េរញ៉ៃ​មុខ​ទីតាំង​លក់​សំបុត្រ​រថយន្តក្រុង​យីហោ​ស៊ី​ហ្វា​ប៉ែ​ត​លីវ​ក្បែរ​ផ្សារ​រុង​ក្លឿ​នោះ ។

យ៉ាងណា​ក៏​ដោយ គ្រួសារ​រង​គ្រោះ​និយាយ​ថា កូនស្រី​របស់​ពួក​គាត់​មិន​បាន​ទៅ​ចាប់​ដណ្តើម​ម៉ូយ​ភ្ញៀវ​អនាធិបតេយ្យ​នោះ​ទេ គ្រាន់តែ​សាកសួរ​រក​ឥ​វ៉ា​ន់​ដឹក​តែ​ប៉ុណ្ណោះ ។ គ្រួសារ​រង​គ្រោះ​និយាយ​ថា ប័ណ្ណ​ចេញចូល​ផ្សារ​ថៃ​ (​ម្តាយ​និង​កូន​) ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ដក​យក​ទុក​មិន​ឲ្យ​វិញទៀត​ផង ។

ជុំវិញ​ករណី​ខាងលើនេះ ក្រុម​កម្មករ​បាន​លើក​ឡើង​ថា អាច​បណ្តាល​មក​ពី​ខ្មែរ​មួយ​ក្រុម​ដែល​រកស៊ី​លក់​សំបុត្រ​រថយន្ត​ក្រុមហ៊ុន​ជាមួយ​ថៃ​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ឲ្យ​គេ​ធ្វើបាប និង​មើលងាយ​កម្មករ​ខ្មែរ ព្រោះ​ពួក​គេ​ទុក​អ្នកដំណើរ​លក់​សំបុត្រ​ពី​ដី​ថៃ​ឲ្យ​មក​ជិះ​រថយន្ត​នៅ​ខ្មែរ​ដោយ​ខ្លួនឯង មិន​ចង់​ឲ្យ​អ្នក​ផ្សេង​ទៅ​នាំ​អ្នកដំណើរ ឬ​អូស​អីវ៉ាន់​ពី​កន្លែង​ពួក​គេ​ឡើយ ៕