ឃាត់ខ្លួន​ស្ត្រី​​​វៀតណាមម្នាក់​ និង​​​គ្រឿងញៀន​​៨​កញ្ចប់

រាជធានី​ភ្នំពេញ​ ៖​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​​នគរបាល​ខណ្ឌឫស្សីកែវ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៦ ក្នុងភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយ​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៨​កញ្ចប់​ ។ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ​ដឹកនាំ​ដោយ​លោក អ៊ី​វ ឈុ​ន​ផេង អធិការរង​នគរបាល​ខណ្ឌឫស្សីកែវ​ ។

ជនសង្ស័យ​​ឈ្មោះ​ ង្វៀ​ង ធី​ង៉ុ​ក ​អាយុ២៧​ឆ្នាំ ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ស្នាក់​នៅ​កន្លែង​ចាប់ខ្លួន​ខាងលើ ។

​​មន្ត្រី​នគរបាល​ខណ្ឌឫស្សីកែវ​បានឱ្យ​​ដឹង​ថា ​ដោយ​មាន​បទបញ្ជា​ពី​លោក​វ​រ​សេនីយ៍​ទោ ទៀង ច័ន្ទ​សារ​ អធិការ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ជំរុញឱ្យ​​នគរបាល​ព្រហ្មទណ្ឌ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ​បង្ក្រាប​គ្រឿងញៀន​ ទើប​សមត្ថកិច្ច​ស្តាប់បាន​មុខសញ្ញា​ជួញដូរ​ហើយ​ឈាន​ទៅ​ចុះ​ឆែកឆេរ​និង​ឃាត់ខ្លួន​​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​​ជាក់ស្តែង​តែ​ម្តង​ ។​

ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ ដើម្បី​សាកសួរ​ និង​ចាត់ការ​តាម​ច្បាប់​ ៕