ភ្លើងព្រៃ​រាល​ឆេះ​ស្ពានឈើ​ខកខាន​ការ​ធ្វើ​ដំណើររបស់​ពលរដ្ឋ

ខេត្តពោធិ៍សាត់ ៖ ស្ពានឈើ​មួយ​កន្លែង​នៅ​អូរ​ក្របី​ងាប់ ស្ថិត​ក្នុងភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ត្រូវ​ភ្លើងព្រៃ​រាល​ឆេះ​ផ្ដាច់​ផ្លូវ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅ​មក​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៦​កន្លង​មកនេះ ។

លោក​វរសេនីយ៍ត្រី ធាង ឡេ​ង អធិការ​នគរបាល​ស្រុក​វាល​វែង បាន​ឲ្យ​ដឹង​ថា ស្ពាន​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​ធ្វើ​អំពី​ឈើត្រូវ​ភ្លើង​ឆេះ​ខូចខាត​ទាំងស្រុង ដែល​បណ្ដាល​មក​ពី​ភ្លើងព្រៃ​រាល​ឆេះ ដោយសារ​តំបន់​នោះ​ជា​តំបន់​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ពី​គេ​មិន​មាន​អ្នក​ណា​ដឹង​ជួយ​ពន្លត់​ទាន់​នោះ​ទេ ។ ស្ពាន​នេះ​គេ​បាន​កាប់​ដើមឈើ​ទាំងមូល​ៗ​ដាក់​តំរៀប​គ្នា ហើយ​ក្រាល​ឈើ​ក្រាស់​ៗ​បណ្ដោះអាសន្ន​ដើម្បី​ឆ្លង​រថយន្ត​ដឹក​ស្បៀង​ទៅ​ឲ្យ​កងទ័ព​កាលសម័យ​សង្គ្រាម​ដោយ​ពុំ​មាន​អ្នកបច្ចេកទេស​ច្បាស់លាស់​នោះ​ទេ ។

លោក​វរសេនីយ៍ត្រី ធាង ឡេ​ង បន្ត​ទៀត​ថា នៅ​ថ្ងៃ​នោះ​ភ្លើងព្រៃ​ដែល​គេ​ដុត​ចោល​ពី​ណា​ពី​ណី​មក​បាន​រាល​មក​ឆេះ​ស្ពាន​ជា​ច្រើន​ម៉ោង ដោយសារ​ផ្លូវ​នោះ​ស្ងាត់​មិនសូវ​មាន​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ក៏​បណ្ដាល​ឲ្យ​ឆេះ​រហូត​ខូច​ស្ទើរតែ​ទាំងស្រុង​តែ​ម្ដង ។ ការ​ឆេះ​ស្ពានឈើ​​នេះ បាន​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ពី​ឃុំ​អូរ​សោម​ទៅ​កាន់​ទីរួមស្រុក​វាល​វែង ពី​ទីរួមស្រុក​វាល​វែង​ទៅ​កាន់​ឃុំ​អូរ​សោម ឬ​អ្នក​ធ្វើ​ដំណើរ​ទៅ​លេង​តំបន់​វា​រី​អគ្គី​ស​នី​ជាដើម ។ ប៉ុន្តែ​ទោះ​យ៉ាងណា អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ទីនោះ បាន​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ត​ភ្ជាប់​ឲ្យ​ចរាចរណ៍​ដំណើរការ​ឡើង​វិញ​ក្នុង​ពេល​ដ៏​ខ្លី​​ខាង​មុខ​នេះ មិន​អាច​ទុក​ចោល​បាន​ទេ ហើយ​ផ្លូវ​នេះ​ស្ថិត​ក្នុង​គម្រោង​ស្ថាបនា​ជា​ផ្លូវ​កៅស៊ូ​របស់​ក្រុមហ៊ុន​ចិន​វា​រី​អគ្គិសនី​ផង​ដែរ ៕