ព្រៃផ្សៃណាស់ ! សម្លាប់​ប្រពន្ធ​ដុត​​ផ្ទះកម្ទេច​សាកសព?

ខេត្តក្រចេះ ៖ សមត្ថកិច្ច​នគរបាល​សន្និដ្ឋាន​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ​ស្លាប់​ស្ត្រី​ម្នាក់​អាច​ជា​ករណី​ឃាតកម្ម ដែល​បង្ក​ឡើង​​ដោយ​បុរស​ជា​ប្តី​ចុង​បន្ទាប់​ពី​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ប្រ​ព​ន្ឋ រួច​​ដុត​កម្ទេច​សាកសព​ជាមួយ​និង​ផ្ទះ បន្ទាប់​មក​ជន​ដៃដល់​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​ព្រៃ​ឫស្សី​ក្បែរ​ផ្ទះ​ចម្ងាយ​ប្រមាណ​ជាង​១០០​មែ​ត្រ ។

ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ករណី​ភ្លើង​ឆេះ​ផ្ទះ​ស្លាប់​ស្ត្រី​ជា​ប្រ​ព​ន្ឋ ក៏​មានការ​ភ្ញាក់ផ្អើល​មួយទៀត​នៅ​ពេល​គេ​ប្រទះ​ឃើញ​សាកសព​បុរស​ជា​ប្តី​បាន​ចង​.​ក​សម្លាប់​ខ្លួន ។ សាក​សព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ដោយ​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​សភាព​ហើម​ស្អុយ​នៅ​ព្រៃ​ឫស្សី​ខាងក្រោយ​ភូមិ​ភូមិ​បឹង​កៀប ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ចម្ងាយ​ជាង​១០០​មែ​ត្រ​ពី​ផ្ទះ​កើតហេតុ​ដែល​រង​ការ​ឆេះ​ស្លាប់​ស្ត្រី​ជា​ប្រ​ព​ន្ឋ ។

ការ​ប្រទះ​ឃើញ​សា​សព​បុរស​ជា​ប្តី​ឈ្មោះ អេ​ល ឃ​ន អាយុ​៤៩​ឆ្នាំ បាន​កើត​មាន​ឡើង​២​ថ្ងៃក្រោយ​ពី​មាន​ឧប្បត្តិហេតុ​អគ្គី​ភ័យ​ឆេះ​ផ្ទះ​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ឈ្មោះ អ៊ុ​ន ចាន់​ធី​ណា អាយុ​៤២​ឆ្នាំ ត្រូវ​បាន​ស្លាប់​ក្នុង​អណ្តាតភ្លើង​ឆេះ​រោលរាល​ខ្មៅ​ដូច​ដុំ​ធ្យូង និង​ត្រូវ​នគរបាល និង​អ្នក​ភូមិ​កកាយ​ចេញពី​គំនរ​ភ្លើង​កាលពី​ថ្ងៃ​ទី​១៧​មីនា ដែល​រង​នូវ​ការ​ឆេះ​ស្ទើរ​គ្មាន​សល់ ។

មិន​មានការ​អះអាង​ណាមួយ​ឲ្យ​ច្បាស់​ថា ករណី​ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​ភ្នក់ភ្លើង​នេះ​អាច​ជា​ករណី​ឃាតកម្ម​ផ្តើម​មក​ពី​ជន​ដៃដល់​ជា​ប្តី ដែល​ដាច់​ចិត្ត​ធ្វើ​សកម្មភាព​សម្លាប់​ប្រ​ព​ន្ឋ និង​ដុត​កម្ទេច​សព​ក្នុងផ្ទះ​ចោល រួច​ទៅ​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ឬ​យ៉ាងណា​នៅ​នោះ​ទេ ។ ហើយ​ការ​ធ្វើ​សកម្មភាព​រប​ស់បុរ​ជា​ប្តី​ចុង​ចិត្ត​ឆៅ​រូប​នេះ​ក៏​មិនដឹង​ថា មូលហេតុ​ផ្តើ​ចេញពី​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​ដែរ ។ តែបើ​តាម​សភាព​សាកសព​បុរស​ជា​ប្តី​ដែល​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​សភាព​ហើម​ស្អុយ គឺ​អាច​ធ្វើ​ឡើង​ដំណាលគ្នា​នឹង​ករណី​ភ្លើង​ឆេះ​ផ្ទះ​ស្លាប់​ស្ត្រី​ជា​ប្រ​ព​ន្ឋ​នោះ​ដែរ ។

ដោយសារ​តែ​ផ្ទះ​របស់​គ្រួសារ​រង​គ្រោះ​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ពី​ភូមិ រហូត​មាន​ចម្ងាយ​ជាង​៣០០​មែ​ត្រ​ពី​ផ្លូវលំ ទើប​អ្នក​ភូមិ​មិនសូវ​បានដឹង​រឿង​ច្បាស់ ហើយ​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​ស្លាប់​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ក៏​មិន​មាន​នរណា​អាច​ជួយ​ទាន់ ។

តែបើ​តាម​ការ​បញ្ជាក់​ពី​អ្នក​ភូមិ​ក្បែរ​ខាងក្នុង​ភូមិ​បឹង​កៀប​បាន​ប្រាប់​នគរបាល​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះជា​ស្ត្រី​មេម៉ាយ​កូន​បី​នាក់ និង​បាន​មក​យក​បុរស​រូប​នោះ​ជា​ប្តី​ចុង​​រយៈពេល​ជាង​៦​ឆ្នាំ​មក​ហើយ ។ ហើយ​សព្វថ្ងៃ​ពួក​មាន​របរ​ធ្វើ​ចម្ការ និង​ស្នាក់​នៅ​តែ​ពីរ​នាក់​ប្តី​ប្រ​ព​ន្ឋ​នៅផ្ទះ​ឈើ​ដែល​រង​ការ​ឆេះ​ឆ្ងាយ​ពី​គេឯង ចំណែកឯ​កូន​ៗ​របស់​ស្ត្រី​រង​គ្រោះ​ជាមួយ​និង​ប្តី​មុន​បាន​ចេញ​ទៅ​ធ្វើ​របរ​រកស៊ី​នៅ​ឆ្ងាយ​ពី​គ្នា ។

អ្នក​ភូមិ​បាន​លើក​ឡើង​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​គ្រួសារ​នេះ​តែងតែមាន​ជម្លោះ​ប្តី​ប្រ​ព​ន្ឋ ដោយ​បុរស​ជា​ប្តី​ឧស្សាហ៍​វាយ​ប្រ​ព​ន្ឋ​ដោយ​សង្ស័យ​ថា​អាច​ផ្តើម​ចេញពី​រឿង​ប្រចណ្ឌ ។ ហើយ​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃមុន​ហេតុការណ៍​ គឺ​គ្រួសារ​នេះ​បាន​កើត​មាន​ជម្លោះ​ជា​ច្រើន​លើក​ទៀត ហើយ​នៅ​យប់​មុន​ថ្ងៃ​កើតហេតុ គេ​​ក៏​បានលឺសម្លេង​ឈ្លោះ​គ្នា និង​វាយ​ប្រតាយប្រតប់​គ្នា​ផង​ដែរ ។

យ៉ាងណា​ក៏​ដោយ​ បើ​ទោះបីជា​ករណី​ការ​ឆេះ​ផ្ទះ​ស្លាប់​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ដែល​បាន​កើតឡើង​ត្រូវ​បាន​អ្នក​ភូមិ​សង្ស័យ​ថា​ជា​អំពើ​ឃាតកម្ម​បង្ក​ឡើង​ពី​បុរស​ជា​ប្តី​ដែល​បាន​ធ្វើ​សកម្មភាព​សម្លាប់​ប្រ​ព​ន្ឋ​យ៉ាង​ព្រៃផ្សៃ រួច​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​តាម​ក្រោយ​យ៉ាង​ក៏​ដោយ ក៏​នគរបាល​នៅ​មិន​ទាន់​កំណត់​ឲ្យ​បាន​ប្រាកដ​នៅឡើយ​ទេ ។

ស្នងការ​រង​កណ្តាល​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ ភី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០​មីនា​នេះ​ថា ករណី​នេះ​នគរបាល​មិន​ទាន់​បាន​កំណត់​ឲ្យ​ជាក់លាក់​នៅឡើយ​ទេ ។ តែ​លោក​បាន​លើក​ហេតុផល​ថា ការ​ស្លាប់​របស់​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ក្នុង​ភ្នក់ភ្លើង​អគ្គី​ភ័យ​ឆេះ​ផ្ទះ​វា​អាច​ជា​ករណី​រៀបចំ ។ តែ​យ៉ាងណា​ក៏​នគរ​បា​នៅ​តែ​បន្ត​ស្រាវជ្រាវ ៕