ប្រពន្ធ​នាំ​ទៅ​ឱ្យ​លោកស្រោច​ទឹក រត់​ចេញពី​វត្ត​បាត់ ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ព្រៃ

ខេត្តកណ្ដាល ៖ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​ព្រៃ​ចុង​ចារ ​ក្នុងភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ខ្សាច់កណ្ដាល មាន​ចម្ងាយ​ពី​វត្ត​ខ្សាច់​ប្រមាណ​១​ពាន់​ម៉ែត្រ កាលពី​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៦ បន្ទាប់​ពី​ប្រពន្ធ​បាន​នាំ​ទៅ​ឱ្យ​លោកសង្ឃ​ស្រោច​ទឹក ដោះ​អំពើ បណ្ដេញ​ខ្មោច​ព្រាយ​ចេញពី​ក្នុង​ខ្លួន ។

មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បានឱ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ កុ​ល បូ​រិ​ន ភេទប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ មាន​ជំងឺសរសៃប្រសាទ មាន​ប្រពន្ធ​ឈ្មោះ ឡឹ​ក សុ​ផៃ អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ​ មាន​ទីលំនៅ​សព្វថ្ងៃ​នៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ប្រពន្ធ​សព​ឱ្យ​សមត្ថកិច្ច​ដឹង​ថា ជន​រង​គ្រោះ​មាន​ជំងឺសរសៃប្រសាទ ដែល​គាត់​ជា​ប្រពន្ធ និង​ក្រុម​គ្រួសារ​មាន​ជំនឿ​ថា ត្រូវ​អំពើ​គេ មាន​ខ្មោច ព្រាយ​បិសាច​សណ្ឋិត​នៅ​ក្នុង​ខ្លួន ។ នៅ​ថ្ងៃ​ទី​១០ មីនា ឈ្មោះ ប្រាក់ ច​ន្ទ័ ជា​ម្តាយបង្កើត និង​ប្រពន្ធ​បាន​នាំ​ជន​រង​គ្រោះ​មក​ឱ្យ​លោកសង្ឃ​ស្រោច​ទឹក​ព្យាបាល​ជំងឺ ដោះ​អំពើ​នៅ​ក្នុង​វត្ត​ខ្សាច់​ក្នុង​ភូមិ -​ឃុំ​កើត​ហេតុ​ខាងលើ តែ​សភាព​ជំងឺ​របស់​ជន​រង​គ្រោះ​មិន​បាន​ធូរស្បើយ​ទេ គឺ​ចេះ​តែ​រត់​ស្រែកយំ ស្រែក​ឲ្យ​គេ​ជួយ មិន​ដេក មិន​ហូប​បាយ មិន​ផឹកទឹក ។ លុះដល់​ថ្ងៃ​ទី​១៣ មីនា ពេល​ម៉ោង​១២​ថ្ងៃត្រង់ ជន​រង​គ្រោះ​បាន​រត់​ចេញពី​វត្ត​មិនដឹង​ទៅ​ទីណា ម្តាយ និង​ប្រពន្ធ​បាន​ដើរ​រកតែ​មិន​រក​ឃើញ​សោះ ។ ដោយ​រក​អស់ចិត្ត​ក៏​បាន​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩​មីនា នគរបាល​ប៉ុស្តិ៍​អរិយ​ក្សត្រ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា បាន​ប្រទះ​ឃើញ​សាកសព​មនុស្ស​ប្រុស​ដេក​ស្លាប់មាន​សភាព​ហើម​ស្អុយ​នៅ​ក្ន​ង​ព្រៃ​ចុង​ចារ ស្ថិត​ក្នុងភូមិ​ខ្សាច់ ចម្ងាយ​ពី​វត្ត​ខ្សាច់​ប្រមាណ​១​ពាន់​ម៉ែត្រ ក៏​បាន​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ និង​ជូនដំណឹង​ដល់​គ្រួសារ​សព ។

ពាក់ព័ន្ធ​ករណី​នេះ សមត្ថកិច្ច​នគរបាល​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សព​ សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ជម្ងឺ​ប្រចាំ​កាយ មិន​មាន​ស្លាក​ស្នាមជា​អំពើ​ឃាតកម្ម​ទេ ហើយ​ក្រុម​គ្រួសារ​សព​ក៏​មានការ​ឯកភាព​ដែរ និង​បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕