កិច្ចប្រជុំ GBC លើក​ទី​១១ នឹង​ធ្វើឡើង​រយៈពេល​៤​ថ្ងៃ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​

កិច្ចប្រជុំ GBC លើក​ទី​១១ នឹង​ធ្វើឡើង​រយៈពេល​៤​ថ្ងៃ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​



ភ្នំពេញ ៖ គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) គ្រោង​នឹង​បើក​សម័យប្រជុំ​លើក​ទី​១១ របស់​ខ្លួន​រយៈពេល​៤ ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ នៅ​ទីក្រុង​បាងកក នៃ​ប្រទេស​ថៃ ដែល​កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​ការងារ​សន្តិសុខ ទំនាក់ទំនង និង​កិច្ច​សហប្រតិ​បត្តិការ ព្រមទាំង​កសាង និង​អភិវឌ្ឍន៍​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំងពីរ។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦ បានឲ្យដឹងថា គណៈប្រតិភូ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​គណៈប្រតិភូ​ភាគី​ថៃ​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សាវ៉ា​ន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​នៃ​ព្រះរាជាណាចក្រ​ថៃ​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេល​៤ ថ្ងៃនោះ​។ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២ ខែមីនា ជា​កិច្ចប្រជុំ​ថ្នាក់​ក្រុមការងារ និង​ពី​ថ្ងៃទី​២៣ និង​ថ្ងៃទី​២៤ ខែមីនា ជា​កិច្ចប្រជុំពេញអង្គ។

សេចក្តីប្រកាស​របស់​ក្រសួងការពារជាតិ​ដដែល​លើក​ឡើងថា គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​ថៃ (GBC )​រៀបចំ​កិច្ចប្រជុំ​ប្តូរ​វេន​របស់ខ្លួន​មួយឆ្នាំ​ម្តង ដែល​លើក​នេះ ប្រទេស​ថៃ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ផ្តោតលើ​គោលការណ៍​សំខាន់ៗ​៣ ចំណុច​៖ ការងារ​សន្តិសុខ ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ព្រម​ទាំង​ការ​កសាង និង​អភិវឌ្ឍន៍ នៅតាម​បណ្តោយ​ព្រំដែន​ប្រទេសជិតខាង​ទាំងពីរ។

សូម​បញ្ជាក់ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ថៃ (GBC) លើក​ទី​១០ បាន​ប្រព្រឹត្តិ​ទៅ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៤ ហើយ​ពេលនោះ ខាង​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ជាមួយ​ឯកឧត្តម ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ ហើយ​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាពគ្នា​ទប់ស្កាត់​រាល់​សកម្មភាព​ល្មើសច្បាប់​ទាំងឡាយណា​ក្នុង​តំបន់​ព្រំដែន រួមមាន​ការ​ជួញដូរ​គ្រឿងញៀន និង​ការកាប់​ឈើ​ខុសច្បាប់​ជាដើម​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​លើកឡើង​នៅពេលនោះ​ថា កិច្ចប្រជុំ​នោះ ជាការ​អនុវត្តន៍ នូវ​កិច្ចព្រមព្រៀង​ក្នុង​ការបង្កើត​គណៈកម្មាធិកា​រ​ព្រំដែន រវាង​ប្រទេស​ទាំងពីរ​ជាមួយនឹង​ទិសដៅ នៃ​ការបង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​ព្រំដែន ក៏ដូចជា​ការពង្រឹង​នូវ​ទំនាក់ទំនង​រវាង​កង​ទ័ព និង​កងឯកភាព​ពាក់​ព័ន្ធ​កម្ពុជា​-​ថៃ​។ នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ថា “​កិច្ច​ប្រជុំបាន​ឯកភាព​បង្កើន កិច្ចសហប្រតិបត្តិការ និង​សន្តិសុខ​ឲ្យ​បាន​ជានិច្ច​និរន្តរន៍ ពិសេស​កិច្ចសហប្រតិបត្តិការ លើ​ការប្រយុទ្ធប្រឆាំង​ភេ​វរ​កម្ម​។ ទាំងនេះ​រួមបញ្ចូល​នូវ​ការ​ត្រួតពិនិត្យ អោយបាន​យ៉ាង​មត់​ចត់ នូវ​រាល់​សកម្ម ភាព​របស់​ភេ​វរ​ករ និង​ការ​ជូ​ញ​ដូរ​អាវុធ តាមរយៈ​ការដោះដូរ​ព័ត៌មាន​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ។

ចំណែក​លោក ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ ដែល​ដឹកនាំ​ប្រតិភូ​ថៃ​មក​ចូលរួម​ប្រជុំ​នោះ បាន​ឯក​ភា​គ្នា​ចំពោះ​កិច្ចព្រមព្រៀង​នៃ​សេចក្តី​ថ្លែង​ការរួម ហើយ​បាន​បញ្ជាក់​ថា ចំពោះ​បញ្ហា​ទាហាន​ថៃ បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ ឆ្លងដែន​ខុស​ទៅ​ប្រទេស​ថៃ​នោះ​ថា កង​ទាហាន​គ្មាន​ចេតនា បាញ់សម្លាប់​ទៅលើ​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ហើយ​កន្លងមក ខាង​ភាគី​ថៃ ក៏បាន​សុំទោស​មក​ខាង​ភាគី​ខ្មែរ​រួចហើយ​ដែរ​៕
កិច្ចប្រជុំ GBC លើក​ទី​១១ នឹង​ធ្វើឡើង​រយៈពេល​៤​ថ្ងៃ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​

កិច្ចប្រជុំ GBC លើក​ទី​១១ នឹង​ធ្វើឡើង​រយៈពេល​៤​ថ្ងៃ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​