ធ្លាក់​យន្តហោះ​ប៊ូ​អ៊ីង​៧៣៧​នៅ​ភាគ​ខាងត្បូង​រុ​ស្ស៊ី​ ស្លាប់​៦២​នាក់

យន្តហោះ​ប៊ូ​អ៊ីង​៧៣៧​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកា​ចរណ៍​អេ​មី​រ៉ាត់ អា​រ៉ាប់​រួម FLYDUBAI បាន​ធ្លាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មីនា នៅ​ព្រ​លាន​យន្តហោះ ROSTOV SUR-LE-DON ភាគ​ខាងត្បូង​ប្រទេស​រុ​ស្ស៊ី បណ្តាល​ឱ្យ​អ្នកដំណើរ និង​ក្រុម​អាកាសយានិក​សរុប​៦២​នាក់​ស្លាប់​បាត់បង់​ជីវិត ។ អាកាសយានិក​បាន​ព្យាយាម​ចុះ​ចត​ចំនួន​២​លើក​ក្រោម​អាកាសធាតុ​ដ៏​អាក្រក់ ប៉ុន្តែ​យន្តហោះ​បាន​អុក​យ៉ាង​ខ្លាំង​នៅ​លើ​ដី​ដោយ​ខ្ទាត​ចេញពី​ផ្លូវ និង​ផ្ទុះ​ឆាបឆេះ​ដ៏​សន្ធោសន្ធៅ​ធ្វើ​ឱ្យ​បំណែក​ខ្ទាតរ​បាត់​រប៉ាយ ។

ក្រុមហ៊ុន​អាកាសចរណ៍ FLYDUBAI ហៅ​ផង​ដែរ​ថា ក្រុមហ៊ុន DUBAI AVIATION បាន​ថ្លែង​តាម​ប្រព័ន្ធ FACEBOOK ថា ខាង​ក្រុមហ៊ុន​សូម​សម្តែង​ការ​សោកស្តាយ និង​បញ្ជាក់​ថា យន្តហោះ​ជើងហោះហើរ FZ 981 ជួប​គ្រោះថ្នាក់​ធ្លាក់ ខណៈ​ពេល​ចុះ​ចត​ធ្វើ​ឱ្យ​មនុស្ស​​ជិះ​ក្នុង​នោះ​ស្លាប់​ទាំងអស់ ។ បុគ្គលិក​ផ្នែក​ស៊ើបអង្កេត​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា អ្នកដំណើរ និង​ក្រុម​យានិក​សរុប​៦២​នាក់​ស្លាប់​បាត់បង់​ជីវិត ដោយ​កើន​លើស​ពី​របាយការណ៍​ដំបូង​ដែល​បង្ហាញ​ថា មាន​អ្នក​ស្លាប់​ត្រឹមតែ​៦១​នាក់ ។ បុគ្គលិក​ផ្នែក​ស៊ើបអង្កេត​ថ្លែង​ថា តាម​ទិន្នន័យ​លើក​ដំបូង​ឃើញ​ថា ក្នុង​យន្តហោះ​នេះ​មាន​អ្នកដំណើរ​ចំនួន​៥៥​នាក់ និង​ក្រុម​យានិក​៧​នាក់ ក្នុង​នោះ​ពុំ​មាន​នរណា​ម្នាក់​នៅ​រស់រាន​មានជីវិត​ឡើយ ។

តាម LIFE NEWS ជាទី​ភ្នាក់ងារ​ព័ត៌មាន​ក្នុងស្រុក​ថា អ្នកដំណើរ​ទាំងអស់​នៅ​លើ​យន្តហោះ​នេះ​ជា​ជនជាតិ​រុ​ស្ស៊ី និង​មាន​ក្រុម​យានិក​ជា​ជនបរទេស ។ សោកនាដកម្ម​ដែល​នឹក​ស្មាន​មិន​ដល់​នេះ​កើតឡើង​គួរ​ឱ្យ​ភ័យ​ខ្លាច ព្រោះ​មាន​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ ខណៈ​ពេល​ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​បញ្ជាក់​ថា ក្រុម​ជួយ​សង្គ្រោះ​ជាង​៥០០​នាក់ រួម​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៦០​គ្រឿង ត្រូវ​ចំណាយពេល​ជាង​១​ម៉ោង​ដើម្បី​ពន្លត់ភ្លើង ។ LIFE NEWS បញ្ជាក់​បន្ត​ទៀត​ថា ខណៈ​ពេល​កើតហេតុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បោកបក់​ខ្លាំង ហើយ​អាកាសយានិក​ហោះ​ក្រឡឹង​ដល់​ទៅ​២​ម៉ោង ក្រោយមក​ក៏​សម្រេចចិត្ត​ចុះ​ចត​ម្តងទៀត បណ្តាល​ឱ្យ​កើត​គ្រោះថ្នាក់​នេះ ។ ឧបទ្ទវហេតុ​ដែល​បាន​កើតឡើង​តម្រូវ​ឱ្យ​យន្តហោះ​ផ្សេង​ៗ​ទៀត​ត្រូវ​ប្តូរ​ទីតាំង​ចុះ​ចត​នៅ​ឯអាកាស​យានដ្ឋាន KRASNODA ឆ្ងាយ​ពី​អាកាសយានដ្ឋាន ROSTOV-SUR-LE-DON ទៅ​ភាគ​ខាងត្បូង​ប្រហែល​៣០០​គីឡូម៉ែត្រ ។ រុ​ស្ស៊ី​បាន​បង្កើត​ក្រុម​ស៊ើបអង្កេត ដើម្បី​រក​ប្រភព​ដើម​នៃ​សោកនាដកម្ម​យន្តហោះ​លើក​នេះ រួម​ទាំង​ស៊ើប​ឱ្យ​ដឹង​ថា តើ​មានការ​ល្មើស​លើ​ច្បាប់​សុវត្ថិភាព​នៃ​ការ​ហោះហើរ​ដែរ​ឬ​អត់ ?

គណៈកម្មការ​ស៊ើបអង្កេត​របស់​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា នឹង​ស្រាវជ្រាវ​ថា​ តើ​យន្តហោះ​ប៊ូ​អ៊ីង​៧៣៧នេះ​ធ្លាក់​ដោយសារ​កំហុស​របស់​អាកាសយានិក ឬ​ក៏​ដោយសារ​ការ​រអាក់រអួល​ផ្នែក​បច្ចេកទេស ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក​ឌី​មី​ទ្រី ប៉េ​ស្កូវ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​បញ្ជាក់​ថា លោក​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​ចេញ​បញ្ជា​ឱ្យ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ត្រូវ​ផ្តល់​ជំនួយ​ជួយ​ដល់​ក្រុម​គ្រួសារ​អ្នកដំណើរ និង​ក្រុម​យានិក​ដែល​ស្លាប់ ។

យន្តហោះ​ជើងហោះហើរ​៩៨១​របស់​ក្រុមហ៊ុន FLYDUBAI ហោះ​មក​ទីក្រុង​ឌូ​បៃ​នេះ​បាន​ធ្លាក់​នៅ​ខាងឆ្វេង​ផ្លូវ​ចុះឡើង​នៃ​ព្រ​លាន​យន្តហោះ​ក្រុង ROSTOK-SUR-LE-DON នា​វេលា​ម៉ោង​ប្រមាណ​ជា​៣​និង​៥០​នាទី​ម៉ោង​នៅ​ក្រុង​មូ​ស្គូ ពេល​ប៉ុនប៉ង​ចុះ​ជា​លើក​ទី​២ ក្នុង​លក្ខខណ្ឌ​មើល​មិន​ច្បាស់ ព្រោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។ យន្តហោះ​នេះ​បាន​បែក​ជា​ច្រើន​បំណែក ហើយ​មាន​ភ្លើង​ឆាបឆេះ​ តែ​ក្រោយមក​ត្រូវ​បាន​ពន្លត់ ។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​៦២​នាក់ មាន​កុមារ​៤​នាក់ ។ ជន​រង​គ្រោះ​ភាគច្រើន​ជា​ជនជាតិ​រុ​ស្ស៊ី ហើយ​សញ្ជាតិ​របស់​ជនបរទេស​ឯទៀត​ៗ​នៅ​ពុំ​ទាន់​កំណត់​នៅឡើយ ៕