​ហេតុ​អ្វី​អ្នក​ត្រូវតែ​ទទួល​ទាន​អាហារ​ពេលព្រឹក​?

​ហេតុ​អ្វី​អ្នក​ត្រូវតែ​ទទួល​ទាន​អាហារ​ពេលព្រឹក​?

​មនុស្ស​ភាគច្រើន​បាន​គិត ថា​អាហារ​ពេលព្រឹក គឺជា​អាហារ​ដ៏​សំខាន់​មួយ ក្នុងចំណោម​អាហារ ទាំង ៣​ពេល​របស់​អ្នក​។ ខណៈពេល ដែល​រាងកាយ​អ្នក​បាន​សម្រាក​នៅក្នុង​ពេល​យប់ នោះ​វា​ហាក់​នឹង​មាន​ភាព រវល់​ក្នុងការ រំលាយ​នូវ​អាហារ​ដែល​នៅ​សេសសល់​ក្នុង​ក្រពះ ការ​ពីមុន​អ្នក​ចូល​គេង ដូច្នេះ វា​ត្រូវការ​ថាមពល​បំពេញ​វិញ​ភ្លាមៗ នៅក្នុង​ពេល​ព្រឹក បន្ទាប់​ពី​អ្នក​បាន​ភ្ញាក់​ដំណេក​នេះ ។​

​ខាងក្រោម​នេះ គឺជា​មូលហេតុ​ទាំង ៩​យ៉ាង ដែល​បញ្ជាក់ថា អាហារ​ពេលព្រឹក​គឺ​ពិតជា​មាន​សារៈសំខាន់ ចំពោះ​សុខភាព​យើង​រាល់គ្នា ៖

១. វា​ធ្វើអោយ​កត្តា​មេតាបូលីស​ល្អប្រសើរ​ជាង​មុន​
ការទទួល​អាហារ​ពេលព្រឹក ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព គឺ​អាច​ធ្វើអោយ​កត្តា​មេ​តា​ប៉ូលីស​អ្នក មាន​ដំណើរការ​បាន​យ៉ាង​ល្អ​។ អាហារ​ពេលព្រឹក គឺ​ប្រៀប​បាន​ទៅនឹង ការ​ផ្តល់​សញ្ញា​ទៅ​កាន់​ខួរក្បា ថា អ្នកត្រូវការ ការចាប់ផ្តើម​ធ្វើ​ការ ដោយ​ការរំលាយ​ពួកវា​។ ដូច្នេះ ការ​ទទួលទាន​អាហារ​ពេលព្រឹក គឺ​ប្រៀប​ដូចជា​អ្នក ចាប់ផ្តើម​ធ្វើការ នៅក្នុង​ថ្ងៃ​ថ្មី​របស់​អ្នក​ផងដែរ​។​

២.​ការពារ​នូវ​ចំណង់​ស្រេកឃ្លាន​ខ្លាំង​
ប្រសិនបើ​អ្នក មិន​បាន​បរិភោគ​អាហារ​នៅក្នុង​ពេល​ព្រឹក នោះ​អ្នក​ហាក់​នឹង​ភាព​ស្រេកឃ្លាន ជា​ខ្លាំង​នៅក្នុង​ពេល​ថ្ងៃ ហើយ​អ្នក​អាច​នឹង​មាន ចំណង់​នៅ​ប្រភេទ​អាហារ ដេល​មាន​ជា​តិខ្លាញ់ និង កាឡូរី​ខ្ពស់​។ ប្រសិន​បើ​ទោះ​ជា​អ្នក អាច​គ្រប់គ្រង​វា​បាន​ដល់ អាហារ​ពេល​ល្ងាច ក៏​អ្នក​នឹង​ត្រូវការ​នូវ​ប្រភេទ​អាហារ សម្រន់​ពេញ ក្នុង​មួយ​យប់​ផងដែរ​។ ហើយ​បញ្ហា​នេះ នឹង​ធ្វើអោយ​អ្នក​កើន​ទម្ងន់​បាន​យ៉ាង​លឿន​។​

៣. ផ្តល់​នូវ​សារធាតុចិញ្ចឹម​បំប៉ន​ជា​មូលដ្ឋាន​គ្រិះ​ដល់​រាងកា​យ​របស់​អ្នក​
ប្រសិនបើ​អ្នក មិន​បាន​ផ្តល់​អាហារ​ពេល​ព្រឹក​ដល់​រាងកាយ​របស់​អ្នកនោះ​ទេ នោះ​អ្នកនឹង​បាត់បង់​នូវ សារជាតិ​រ៉ែ និង វីតាមីន​សំខាន់ៗ ដែល​រាងកាយ​អ្នកត្រូវការ ដែល​ជា​តម្រូវការ​ចាំបាច់​របស់​រាងកាយ​ប្រចាំថ្ងៃ​។ បញ្ហា​នេះ នឹង​ផ្តល់​ផលប៉ះពាល់​ដល់​សុខភាព​របស់​អ្នក បើទោះជា​វា​មាន ឥទ្ធិពល​ក្នុង​រយៈពេល​យូរ​ក៏ដោយ​។​

៤. ការពារ​នូវ​អារម្មណ៍​ធី​ងធោង​នៅក្នុង​ពេល​ព្រឹក​
នៅពេល​ដែល​អ្នក ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក ជាមួយនឹង​អាហារ​ពេលព្រឹក​ដ៏​ល្អ​មួយ នោះ​អ្នក​នឹងមាន​ថាមពល​គ្រប់គ្រាន់ នៅក្នុង​ពេល​ថ្ងៃ​។ ហើយ​អ្នក​ក៏​នឹង​មាន​អារម្មណ៍ និង ថាមពល​ស្រស់ស្រាយ បាន​ពេញ​មួយថ្ងៃ​ផង​ដែរ​។​

៥. ជួយ​អោយ​អារម្មណ៍​របស់​អ្នក​ស្រស់​ស្រាយ​
នៅពេល​ដែល​រាងកាយ​អ្នក​មាន​ថាមពល​គ្រប់គ្រាន់ នោះ​ជា​ស្វ័យប្រវត្តិ កត្តា​ផ្លូវចិត្ត​របស់​អ្នក ក៏​នឹង​រឹងមាំ ទៅ​តាម​នោះ​ផងដែរ​។ អត្ថប្រយោជន៍​នេះ​នឹង​ធ្វើអោយ​អ្នក​មាន​ភាព​ជោគជ័យ នៅក្នុង​ដំណើរការ​នៃ​ការ ធ្វើការ ឬ ការសិក្សា​របស់​អ្នក​។​

៦. ផ្តល់​ភាព​វិជ្ជមាន​ដល់​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​
អាហារ​ពេលព្រឹក ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព អាចធ្វើអោយ​អារម្មណ៍​របស់​អ្នក​ស្រស់​ស្រាយ ដោយសារ​តែ​វា អាច​លៃ​តម្រូវ កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម រហូតដល់​ពេល​អាហារ​ថ្ងៃត្រង់​។​

៧. ជួយ​អោយ​ការចងចាំ​របស់​អ្នក​មាន​ភាពល្អប្រសើរ​
តាម​ការសិក្សា​ស្រាវជ្រាវ បានបង្ហាញ​ថា អ្នក​ដែល​បាន​ទទួល​អាហារ​ពេលព្រឹក​ជា​ទៀងទាត់ គឺអាច ជួយ​ធ្វើអោយ​ការចងចាំ​របស់​ពួកគេ​បាន​ល្អប្រសើរ​ជាង អ្នក​ដែល​មិន​បាន​ទទួលទាន​អាហារ​ពេលព្រឹក​។​

៨. ធ្វើអោយ​អ្នក​ប្រមូលផ្តុំ​អារម្មណ៍​បានល្អ​
នៅពេល​ដែល​រាងកាយ អ្នក​បាត់បង់​អាហារ​ក្នុង​រយៈពេល​យូរ នោះ​ខួរក្បាល​នឹង​គិតតែ​ផ្តោត​ពី អារម្មណ៍​នៃ​ការស្រេកឃ្លាន និង ស្វែងរក​ថាមពល​បន្ថែ​ម​។ បញ្ហា​នេះ នឹង​ធ្វើអោយ​អ្នក​បាត់បង់ នូវ​កម្រិត​ស្មារតី នៃ​ការ​ផ្តោតអារម្មណ៍​ទៅលើ​អ្វីមួយ អោយបាន​ល្អ​នោះ​ទេ​។ អា​ការៈឈឺ​ក្បាល និង ធី​ងធោង​នឹង​កើតមានឡើង នៅពេល​ដែល​រាងកាយ​អ្នក ស្រេកឃ្លាន​។​

៩. បញ្ហា​សុខភាព​
ដោយ​យោង​ទៅ​តាម​ការសិក្សា​ស្រាវជ្រាវ នា​ពេល​ថ្មីៗ​នេះ បានបង្ហាញ​ថា ប្រសិនបើ​អ្នក​តែងតែ មិន​ធ្វើការ​ទទួលទាន​អាហារ​ពេលព្រឹក​ជាប្រចាំ នោះ​អ្នក​ហាក់​នឹង​កើនឡើង​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ និង កម្រិត​អាំង​ស៊ុយ​លីន​ផងដែរ ។ ប្រសិនបើ​បញ្ហា​នេះ ចេះ​តែ​បន្ត​មាន​ក្នុង​រយៈពេល​ដ៏​យូរ វា​នឹង​ធ្វើអោយ​អ្នក អាច​កើតមាន​នូវ​ផល​លំបាក​ចំពោះ​សុខភាព ដូចជា​ប្រឈម​នឹង​ជំងឺ បេះដូង និង ជំងឺ​ទឹកនោម​ផ្អែម​ជាដើម៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី20 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។