កម្មករ​ដក​ដំឡូងមី​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច​នៅ​ខេត្ត​ពោធិ៍សាត់​ត្អូញត្អែរ​មិន​ទាន់​បាន​បើក​ប្រាក់​ឈ្នួល

កម្មករ​គាស់​ដំឡូងមី​ចំនួន ២២​នាក់​នៅ​ការដ្ឋាន​ទី​១៤ នៃ​ក្រុមហ៊ុន​ចិន ភាពីម៉ិច (Pheapimex) នា​ខេត្ត​ពោធិ៍សាត់ ទាមទារ​ឲ្យ​មេការ​ជនជាតិ​ចិន បើក​ប្រាក់​ខែ ដើម្បី​សង​បំណុល​ធនាគារ និង​ទិញ​អង្ករ​ហូប​ចុក​ប្រចាំ​ថ្ងៃ។ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ដែល​បាន​ចុះ​អង្កេត​ករណី​នេះ​រក​ឃើញ​ថា ក្រៅ​ពី​បញ្ហា​ប្រាក់​ខែ កម្មករ​ខ្លះ​ប្រឈម​នឹង​ការ​ដាច់​ស្បៀង និង​ទឹក​ប្រើប្រាស់។

កម្មករ​គាស់​ដំឡូងមី​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច ជាច្រើន​ក្រុម ត្អូញត្អែរ​ពី​បញ្ហា​ប្រាក់​ឈ្នួល​ដែល​យឺតយ៉ាវ​អស់​រយៈពេល ៣​ខែ​ហើយ និង​អ្នក​ខ្លះ​បោះបង់​ការងារ​របស់​ខ្លួន រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​គ្មាន​ប្រាក់។

កម្មករ​ម្នាក់​ក្នុង​ចំណោម ២២​នាក់ ដែល​នាំ​គ្នា​ទាំង​គ្រួសារ​មក​ពី​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ដើម្បី​ធ្វើ​ជា​កម្មករ​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច គឺ​លោក ទក់ ពេជ្រ។ លោក​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ថា ពួក​គាត់​ចំនួន ៧​គ្រួសារ បាន​ម៉ៅ​គាស់​ដំឡូង​ដាក់​ឡាន​ឲ្យ​ក្រុមហ៊ុន​ជាច្រើន​ហិកតារ ដែល​ស្មើ​នឹង​លុយ ៩​លាន​រៀល តាំង​ពី​ដើម​ឆ្នាំ​២០១៦ ប៉ុន្តែ​មេការ​កុហក​មិន​បើក​លុយ​ឲ្យ ខុស​ពី​ការ​សន្យា​ថា​នឹង​បើក​ឲ្យ​ក្នុង​រយៈពេល​កន្លះ​ខែ​ម្ដង៖ «យ៉ាប់យ៉ឺន​មែន​ទែន​ហើយ​បង​អើយ! សូម្បី​តែ​អង្ករ​ក៏​អត់ លុយ​ក៏​ទៅ​ទៀត។ នៅ​មនុស្ស​ទាំងអស់​ត្រង់​ហ្នឹង​ទៅ​ផ្ទះ​ក៏​ទៅ​អត់​រួច​ដែរ នៅ​គាំង​ហ្នឹង​ហើយ។ ចង់​ទៅ​ផ្ទះ​មួយ​សា​សិន ព្រោះ​ធ្វើ​ការ​នៅ​ហ្នឹង​អត់​បាន​លុយ​ដដែល»

ក្រុម​កម្មករ​បញ្ជាក់​ស្រដៀង​គ្នា​ថា ពលរដ្ឋ​ដែល​មាន​បំណុល​នៅ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ត្រូវ​គេ​រឹប​អូស​យក​ដី​ស្រែ​ចម្ការ ព្រោះ​ពុំ​មាន​លុយ​បង់​ការប្រាក់​ឲ្យ​គ្រឹះស្ថាន​ទាំង​នោះ។ ពួក​គាត់​ថា​នៅ​តស៊ូ​ស្នាក់​នៅ​ក្នុង​ការដ្ឋាន និង​ធ្វើ​ការ​បណ្ដើរៗ ក្រែង​មេការ​ចិន បើក​ប្រាក់​ខែ​ឲ្យ​ខ្លះ ខណៈ​ដែល​កម្មករ​ជាង ១០​នាក់ បាន​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​ឲ្យ​ផ្ញើ​លុយ​ដើម្បី​ធ្វើ​សោហ៊ុយ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន​ភាពីម៉ិច ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​យឺតយ៉ាវ​រឿង​ប្រាក់​ឈ្នួល​កម្មករ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា។

ចំណែក​អនុប្រធាន​មន្ទីរ​ការងារ​ខេត្ត​ពោធិ៍សាត់ លោក កុល ប៊ុនធឿន បដិសេធ​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ។ លោក​ថា កន្លង​ទៅ កម្មករ​ស៊ី​ប្រាក់​ខែ​ពុំ​មាន​បញ្ហា​ដូច​ពលរដ្ឋ​នាំ​គ្នា​ជា​ក្រុមៗ​ទៅ​ម៉ៅការ​គាស់​ដំឡូង​នោះ​ទេ៖ «ខ្ញុំ​គិត​ថា លក្ខណៈ​ម៉ៅការ​អ៊ីចឹង​ដូច​អត់​ទេ (មិន​អាច​អាក់​ខាន​បើក​ប្រាក់​ឈ្នួល) ព្រោះ​កាលណា​ចប់​ការងារ​ហ្នឹង គាត់​ត្រូវ​តែ​បាន​ប្រាក់​ឈ្នួល​ហ្នឹង​ម៉ង ព្រោះ​ភាគ​ច្រើន គឺ​អ៊ីចឹង ដូចជា​នៅ​ឃុំ​ព្រងិល គេ​ធ្វើ​អ៊ីចឹង»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថ្លែង​ថា ទង្វើ​របស់​មេការ​ជនជាតិ​ចិន របស់​ក្រុមហ៊ុន បាន​រំលោភ​សិទ្ធិ និង​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​ពលរដ្ឋ​ក្រីក្រ។ លោក​ថា នឹង​ធ្វើ​លិខិត​មួយ​ច្បាប់​ទៅ​មន្ទីរ​ការងារ ដើម្បី​អន្តរាគមន៍​រឿង​ប្រាក់​ឈ្នួល​នេះ បើ​ការ​បង្ហោះ​សារ​ទាក់ទង​បញ្ហា​នេះ​ទៅ​គណនេយ្យ​ហ្វេសប៊ុក (Facebook) របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន មិន​ទទួល​បាន​ផល៖ «ស្ថានភាព​របស់​ពួក​គាត់​រាល់​ថ្ងៃ​អាច​រស់នៅ​ត្រង់​ហ្នឹង​បាន តាម​រយៈ​អ្នក​ភូមិ​ជិត​ខាង​ឲ្យ​អង្ករ ឬ​បាយ​ហូប និង​អ្នក​ខ្លះ​ហូប​ដំឡូង ហើយ​គាត់​មិន​ទៅ​ដើរ​សុំ​ទាន​គេ​ទេ សុខ​ចិត្ដ​មក​ធ្វើ​ការងារ​នៅ​ទីនេះ ប៉ុន្តែ​ចុង​បញ្ចប់ ខាង​ក្រុមហ៊ុន​ចិន មិន​បាន​បើក​លុយ​គាត់​ទេ»

ក្រុមហ៊ុន​ភាពីម៉ិច ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង លើ​ទំហំ​ដី​សរុប​ជាង ៣១​ម៉ឺន ៥​ពាន់​ហិកតារ (៣១៥.០២៨​ហិកតារ) ដើម្បី​ដាំ​ដំឡូងមី។

តំណាង​សហគមន៍ និង​កម្មករ​ខ្លះ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ក្រុមហ៊ុន​ទំនង​ជា​ក្ស័យ​ធន ដោយ​ផ្ទៃដី​ដែល​ធ្លាប់​ដាំ​ដំឡូង​រាល់​ឆ្នាំ​នោះ នៅ​ផ្នែក​ខ្លះ​បាន​ផ្អាក និង​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ​ចេះ​តែ​កើត​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។