ក្រុម​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ប្រារព្ធ​ទិវា​វប្បធម៌​២០១៦

ក្រុម​និស្សិត​នៃ​ដេប៉ាតឺម៉ង់​ទេសចរណ៍ និង​ដេប៉ាតឺម៉ង់​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ រៀបចំ​ទិវា​វប្បធម៌ ២០១៦ ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ដែល​នឹង​ខិត​ជិត​ចូល​មក​ដល់។ កម្មវិធី​នេះ ប្រារព្ធ​ឡើង​នៅ​ម៉ោង ៧​ព្រឹក និង​បន្ត​ដល់​ម៉ោង ៤​រសៀល​ថ្ងៃ​ទី​២០ មីនា នៅ​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​មាន​អ្នក​ចូលរួម​ជាង ១​ពាន់​នាក់ ភាគ​ច្រើន​ជា​និស្សិត​ថ្នាក់​ឧត្តម​សិក្សា។

ព្រឹត្តិការណ៍​ទិវា​វប្បធម៌​ឆ្នាំ​២០១៦ នេះ មាន​ទម្រង់​កម្មវិធី​ជាច្រើន​ទាក់ទង​ទៅ​នឹង​វប្បធម៌​ខ្មែរ ដែល​រួម​មាន ការ​ប្រកួត​ម្ហូប​អាហារ​ខ្មែរ និង​បង្អែម​ខ្មែរ ការ​ប្រកួត​នារី​ស្រស់ បុរស​សង្ហារ ក្នុង​សម្លៀកបំពាក់​បែប​ខ្មែរ ការ​ប្រឡង​ចម្រៀង​ប្រពៃណី ការ​សម្ដែង​រឿង​កំប្លែង​ខ្លី​ក្នុង​ន័យ​អប់រំ ទស្សនីយភាព​របាំ​ប្រពៃណី មាន​របាំ​ត្រុដិ និង​របាំ​ក្រវាញ ជាដើម ការ​ស្លៀក​សម្លៀកបំពាក់​តាម​ពណ៌​នៃ​ថ្ងៃ​នីមួយៗ ព្រម​ទាំង​ការ​រាំ​លេង​កម្សាន្ត និង​ការ​ប្រកួត​ល្បែង​ប្រជាប្រិយ​ខ្មែរ​ផ្សេងៗ។

អ្នក​ដឹក​នាំ​កម្មវិធី និង​ជា​សាស្ត្រាចារ្យ​ផ្នែក​គ្រប់គ្រង​ទេសចរណ៍ និង​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ អ្នកស្រី គីម ស៊ីដដាវីស មាន​ប្រសាសន៍​ថា ទិវា​វប្បធម៌​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​វប្បធម៌​ជាតិ និង​បង្កើន​ការ​យល់​ដឹង​របស់​យុវជន អំពី​គុណ​តម្លៃ​នៃ​វប្បធម៌​ជាតិ​ខ្មែរ៖ «»

អ្នកស្រី​បន្ត​ថា ការ​យល់​ដឹង​ច្បាស់​ពី​វប្បធម៌ គឺ​ជា​រឿង​សំខាន់​សម្រាប់​យុវជន​ខ្មែរ ដោយ​ហេតុ​ថា ពួក​គេ​នឹង​ត្រូវ​ស្នង​អនាគត​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​មុខ។ អ្នកស្រី​ចង់​ឃើញ​យុវជន​ខ្មែរ ស្វែង​យល់​ឲ្យ​បាន​ច្រើន​ទាក់ទង​នឹង​វប្បធម៌​របស់​ខ្លួន៖ «»

នេះ​ជា​លើក​ទី​៦ ហើយ ដែល​ក្រុម​និស្សិត និង​សាស្ត្រាចារ្យ​នៃ​ដេប៉ាតឺម៉ង់​ទាំង​ពីរ ប្រារព្ធ​ទិវា​វប្បធម៌ ដោយ​មាន​ខ្លឹមសារ​ថា “​វប្បធម៌ និង​ជីវភាព​រស់នៅ”។

ស្ថិត​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ អាវ​ប៉ាក់ និង​សំពត់​ហូល កំពុង​ឈរ​នៅ​កន្លែង​តាំង​ពិព័រណ៍​បង្អែម​ខ្មែរ កញ្ញា ហ៊ន រស្មី បញ្ជាក់​ថា កញ្ញា​ពិត​ជា​ពេញ​ចិត្ត​នឹង​វប្បធម៌​ខ្មែរ​ណាស់ ពិសេស​ចំពោះ​សម្លៀកបំពាក់ ល្បែង​ប្រជាប្រិយ របាំ​ប្រពៃណី និង​ម្ហូប​អាហារ​ខ្មែរ។ ក្នុង​នាម​ជា​និស្សិត​ផ្នែក​ទេសចរណ៍​ម្នាក់ កញ្ញា​ចង់​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​អំពី​វប្បធម៌​ខ្មែរ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ ពិសេស​យុវជន យល់​ដឹង​កាន់​តែ​ច្បាស់​ពី​មរតក​ដូនតា​របស់​ខ្លួន​ដែល​បាន​បន្សល់​ទុក៖ «»

ស្រដៀង​គ្នា​នេះ យុវជន​ម្នាក់​ទៀត គឺ​លោក សុន សុភ័ក្រ យល់​ឃើញ​ថា យុវជន​គួរ​រួម​គ្នា​ក្នុង​ការ​ថែ​រក្សា​វប្បធម៌​ខ្មែរ ដោយ​ចៀសវាង​ការ​ឲ្យ​តម្លៃ​វប្បធម៌​បរទេស​ច្រើន​ជាង​វប្បធម៌​របស់​ខ្លួន។

ចំណែក​យុវតី​ម្នាក់​ដែល​កំពុង​ដើរ​ទស្សនា​ការ​តាំង​ពិព័រណ៍​ម្ហូប និង​បង្អែម​ខ្មែរ លាន់​មាត់​ថា នាង​ពិត​ជា​រំភើប​ចិត្ត​ជា​ខ្លាំង នៅ​ពេល​ឃើញ​ក្រុម​និស្សិត​រៀបចំ​កម្មវិធី​នេះ​ឡើង។ យ៉ាង​នេះ​ក្តី នាង​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​យុវជន​ខ្មែរ​មួយ​ចំនួន ដែល​មើល​រំលង​វប្បធម៌​របស់​ខ្លួន ហើយ​នាង​ចង់​ឲ្យ​មាន​ការ​បង្កើត​កម្មវិធី​បែប​នេះ​ទៀត​ឲ្យ​បាន​ច្រើន ដើម្បី​បង្កើន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្រុម​យុវជន៖ «»

អ្នក​ដឹក​នាំ​កម្មវិធី​បញ្ជាក់​ថា ទិវា​វប្បធម៌ ២០១៦ នេះ ចំណាយ​អស់​ទឹក​ប្រាក់​ជាង ៣​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ពី​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន។ តាម​រយៈ​ការ​គាំទ្រ​ដ៏​ច្រើន​បែប​នេះ អ្នក​ដឹក​នាំ​កម្មវិធី​អះអាង​ថា ទិវា​វប្បធម៌​នៅ​ឆ្នាំ​ក្រោយ នឹង​មាន​លក្ខណៈ​កាន់​តែ​ប្លែក និង​ពិសេស​ជាង​នេះ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។