Ganzberg Futsal Cup 2016 បើក​ការ​ប្រកួត​ជា​ផ្លូវការ​នៅ​ចុងខែ​នេះ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់ Ganzberg futsal Cup 2016​នឹង​បើក​ការ​ប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៦ មីនា ខាង​មុខ​នេះ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ម៉ា សេរី អ្នកគ្រប់គ្រង​កម្មវិធី​កីឡា​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន តាម​រយៈ​សន្និសីទកាសែត​មួយ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ទី​១៩ មីនា កន្លង​មកនេះ ។

លោក ម៉ា សេរី បានឱ្យ​ដឹង​ទៀត​ថា  គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ចម្រាញ់​យក​តែ​៣២​ក្រុម​សម្រាប់​ឡើង​មក​ប្រកួត​នៅ​វគ្គ​ជម្រុះ​បន្ត​តាម​រូបមន្ត​ចាញ់​ជ្រុះ​តែ​ម្ដង ដើម្បី​រក​ក្រុម​ចំនួន​៤​ប៉ុណ្ណោះ​សម្រាប់​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​តំណែង​ជើងឯក​ប្រចាំឆ្នាំ​២០១៦​។ ក្រុម​ទាំង​៣២​នេះ​មាន​ក្រុម​អាណាចក្រ​បៃតង ក្រុម​Rolling(B),Home Sport, Unacas FC, Ov mal true brads, Ful Time FC, Rolling(A), Blure Fox FC, យុវជន​៧​មក​រា​, Nagara, RCA FC, Mokot Pic Cam FC,Jotun Epm ,​ដា​នី​ញ៉ែ​ល អែ​ហ្វ​ស៊ី​, Victory FC, KSR, FCS, Brown FC, Holly Sport, 3G FC,Victory Youth, GCS United, The M Team, Khmer Heart FC, Daun Penh FC(B), Home Sport FC, Panda Sport, Premium SC, Daun Penh FC(A), Sky FC, Pisnoka(A) និង Prathna FC ។

គួ​រំលឹក​ផង​ដែរ​ថា ក្រុម​ទាំង​៣២​ដែល​បាន​ឡើង​មក​ដល់​វគ្គ​ប្រកួត​ជម្រុះ​នៅ​ក្នុង​ពេល​នេះ គឺ​សុទ្ធតែ​បាន​ឈ្នះ​ពី​ការ​ប្រកួត​ជម្រុះ​វគ្គ​៧២​ក្រុម​ដែល​បាន​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​៩ និង​ទី​១០​មីនា កន្លង​មកនេះ ។ ការ​ប្រកួត​ធ្វើ​ឡើង​រៀងរាល់ថ្ងៃ​សៅរ៍​ចាប់ពី​ម៉ោង​៨​យប់​នៅ​លើ​ទីលាន​សិប្ប​និ​មិ្ម​ត​ទួល​គោក ក្នុង​មួយ​ថ្ងៃ​មាន​២​ប្រកួត និង​មានការ​ចាក់​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ My TV​។ ការ​ប្រកួត​វគ្គ​ជម្រុះ​៣២​ក្រុម​នេះ​ចាប់ផ្ដើម​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២៦ មីនា និង​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១៦ ។ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់ Ganzberg Futsal Cup2016 នេះ​ធ្វើ​ឡើង​ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​កំពុង​តែ​មានការ​ចាប់អារម្មណ៍ និង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ខ្មែរ ។ ម្យ៉ាងវិញទៀត​ក៏​ជា​ការ​ចូលរួម​បំផុស​ដល់​យុវជន​ខ្មែរ​ឱ្យ​ចូលរួម​លេង​កីឡា ចៀសវាង​ការ​ប្រព្រឹត្ត​អំពើ​មិនល្អ ដូច​ជា​ការ​សេព​គ្រឿងញៀន​ជាដើម ៕