សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា គាំទ្រ និង ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​

ប្រធាន​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា ដែល​មាន​សមាជិក​សរុប​ ១៥០ ក្រុម​ហ៊ុន បាន​ប្រកាស​គាំទ្រ និង ជំរុញ​ឲ្យ​មាន​ការ​លើក​ស្ទួយ​ប្រាក់​រៀល​តាម​រយៈ​គ្រប់​ក្រុម​ហ៊ុន​ត្រូវ​បើកប្រាក់​ខែ​ជា​លុយ​រៀល និង ការ​ដាក់​តាំង​លក់​ទំនិញ​ជា​ប្រាក់​រៀល​ផង​ដែរ។
 
ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ទិវា​អបអរ​សាទរ​ការ​ដាក់​ឲ្យ​ចរាចរ​ប្រាក់​ឡើង​វិញ ខួបលើក​ទី ៣៦ ដែល​រៀប​ចំឡើង​ដោយ​ ធនាគារ​ជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) កាល​ពី​រសៀល​ថ្ងៃ​ទី ២០ មីនា។
 

សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា គាំទ្រ និង ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​

មនុស្ស​ជាង ៣០០ នាក់ ចូលរួម​ទិវា ​អបអរ​សាទរ​ការ​ដាក់​ឲ្យ​ចរាចរ​ប្រាក់​ឡើង​វិញ ខួបលើក​ទី ៣៦ ដែល​រៀប​ចំឡើង​ដោយ​ ធនាគារ​ជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) កាល​ពី​រសៀល​ថ្ងៃ​ទី ២០ មីនា។

 

លោក ឧកញ៉ា សុខ ពិសិដ្ឋ ប្រធាន​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សមាជិក​ជាច្រើន​នៅ​ក្នុង​សមាគម​បាន​ចាប់​ផ្ដើម​បើក​ប្រាក់ខែ​ជា​លុយ​រៀល និង ក្រុម​ហ៊ុន​ខ្លះ​បាន​ដាក់​លក់​ឥវ៉ាន់​ថ្លៃ​​ជា​លុយ​រៀល​ ផងដែរ។ មូលហេតុ​ដែល​សមាគម​ជួយ​ផ្សព្វផ្សាយ​ប្រាក់​រៀល​ក៏​ដោយ​សារ​តែ​ចង់​ជំរុញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ថែរក្សា​ និង ​ចូលរួម​លើក​កម្ពស់​ប្រាក់​រៀល។ ទន្ទឹម​នឹង​នេះ​ក៏​ចង់​ចូលរួម​ចំណែក​រក្សា​លំនឹង​ម៉ាក្រូ​សេដ្ឋកិច្ច និង កាត់​បន្ថយ​ហានិភ័យ​រយៈ​ពេល​វែង។
 

លោក​បាន​សង្កត់​ធ្ងន់​ថា៖ “ទិវា​នៅ​ថ្ងៃ​​នេះ​ នឹង​​ក្លាយ​ទៅ​ជា​ ក្រុម​ហ៊ុន​ទាំង​អស់​បើកប្រាក់​ខែ​ជា​លុយ​រៀល និង ការ​ដាក់​លក់​ឥវ៉ាន់​ត្រូវ​ដាក់​តម្លៃ​ជា​ប្រាក់​រៀល”។

 
សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា គាំទ្រ និង ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​

នេះ​ជា​លើក​ទី ១ ហើយ​ ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា សហការ​រៀប​ចំ​ទិវា​ប្រាក់​រៀល​ជាមួយ​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​គាំទ្រ​របស់​វិស័យ​ឯកជន​ចំពោះ​ការ​ប្រើប្រាស់​ប្រាក់​រៀល។
 

លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​ធនាគារ ជាតិ​នៃ​កម្ពុជា​ បាន​ប្រាប់​អង្គ​សន្និសីទ​សារព័ត៌មាន​ដែរ​ថា ការ​ស្ម័គ្រ​ចិត្ត​ប្រើប្រាស់​ប្រាក់​រៀល​ពី​វិស័យ​ឯក​ជន​នេះ គឺជា កត្តា​សំខាន់​ និង ដំបូង​នៅ​ក្នុង​ការ​កាត់​បន្ថយ​ប្រើប្រាស់​ប្រាក់​ដុល្លារ​ មក​ប្រើប្រាស់​ប្រាក់​រៀល។ “ខ្ញុំ​គិត​ថា ផ្លូវ​ទៅ​មុខ​វា​មាន​ភាព​រលាក់​ច្រើន​តែ​នេះ​ជា​ជំហាន​ដំបូង ដែល​យើង​អបអរ​សាទរ”។
 

ទាក់ទង​នឹង​​ការ​ប្រើប្រាស់​ប្រាក់​រៀល​នេះ លោក ជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​សង្កត់​ធ្ងន់​ថា ប្រាក់​រៀល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​មោទនភាព​ជាតិ​ និង សាមគ្គីភាព​ជាតិ ហើយ​ និង រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ ការ​វិនិយោគ វិស័យ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​​ទាំង​មូល ដែល​ធ្វើ​ឲ្យ​ប្រទេស​មាន​អធិបតេយ្យ​ ផ្អែក​លើ​រូបិយវត្ថុ ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច។
 
សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា គាំទ្រ និង ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​

 
សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា គាំទ្រ និង ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​

 

សព្វថ្ងៃ​នេះ ប្រាក់​រៀល​ដែល​កំពុង​ចរាចរ​​នៅ​ក្នុង​ទីផ្សារ​ គឺ​មាន​តែ​ ១០%​ នៃ​ប្រាក់​ដុល្លារ។ ការ​ទម្លាប់​ចាយ​ប្រាក់​ដុល្លារ​ជាង​លុយ​ខ្មែរ គឺ​កើត​មាន​បន្ទាប់​ពី​ អ៊ុនតាក់ បាន​ចូល​មក​រៀប​ចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​កាល​ពី​អំឡុង​ឆ្នាំ ១៩៩១-១៩៩៣ ដែល​ពួកគេ​បាន​បង្ហូរ​សាច់​ប្រាក់​មក​លើ​ប្រទេស​កម្ពុជា​ប្រមាណ​ជា​ជាង​ ២ ពាន់​លាន​ដុល្លារ។ ចាប់​តាំង​ពី​ពេល​នោះ​មក​ប្រជាជន​ខ្មែរ​បាន​កើត​ទម្លាប់​ចាយ​លុយ​ដុល្លារ ខណៈ​ដុល្លារ​មាន​ឥទ្ធិពល​ និង អាច​ចាយ​បាន​គ្រប់​ទី​កន្លែង។
 

ប៉ុន្តែ រយៈ​ពេល​ ១៥ ឆ្នាំ​មក​នេះ ប្រជាជន​ខ្មែរ​បាន​ចាប់​ផ្ដើម​ងាក​មក​ចាយ​លុយ​រៀល​វិញ គឺ​ដោយ​សារ​តែ​ ប្រទេស​កម្ពុជា​រក្សា​បាន​លំនឹង​នយោបាយ និង សេដ្ឋកិច្ច។
 

ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​រវាង​ធនាគារ​ជាតិ​នៃ​កម្ពុជា និង សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា បាន​ឲ្យ​ដឹង​ថា តំណាង​ពី​វិស័យ​ឯកជន​ រួមមាន តំណាង​ក្រុមហ៊ុន-សហគ្រាស​ និង គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ថា កន្លង​មក​អាជីវកម្ម​ និង ប្រតិបត្តិ​ការ​របស់​ខ្លួន​បាន​ប្រើប្រាស់​ប្រាក់​រៀល​កើន​ឡើង​ជា​លំដាប់​ តាម​រយៈ​ការ​បើក​ប្រាក់​ខែ ការ​កំណត់​ថ្លៃ​ជា​ប្រាក់​រៀល និង ការ​ទូទាត់​ជា​ប្រាក់​រៀល​ជាដើម ហើយ​ទទួល​បាន​ជោគជ័យ​ ជា​បន្តបន្ទាប់។
 

នៅ​ក្នុង​សេចក្ដី​ប្រកាស​ក៏​បាន​បញ្ជាក់​ថែម​ទៀត​ថា វិស័យ​ឯកជន​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ប្រើប្រាស់​ប្រាក់​រៀល និង ប្ដេជ្ញា​គាំទ្រ និង ជំរុញ​ការ​ប្រើប្រាស់​រៀល​បន្ថែម​ទៀត​​នៅ ក្នុង​សេដ្ឋកិច្ច​ជាតិ៕

 

ចង់ស្វែង​យល់​ស៊ីជម្រៅ​ពី​ប្រាក់​រៀល​ចុចអាន​ត្រង់​នេះ

 
សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា គាំទ្រ និង ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​

 

សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា គាំទ្រ និង ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា