មូលហេតុ​ដែល Facebook បង្កើត​ប៊ូ​តុង "​បញ្ចេញ​អារម្មណ៍​ថ្មី​" ទាំង ៦ គឺ​ដើម្បី​លុយ​សុទ្ធសាធ​

​    ​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស Facebook បាន​បញ្ចេញ​ប៊ូ​តុង​ចុច​ថ្មី​របស់ខ្លួន​ដល់​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក​កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ​។ រូបភាព​បញ្ចេញ​អារម្មណ៍​ទាំង ៦ នោះ​មានដូចជា "Love, Haha, Like, Wow, Sad និង Angry"​។ 

​    ​ក្រុមហ៊ុន​ក៏បាន​ពន្យល់​អំពី​ប៊ូ​តុង​ចុច​ថ្មី​របស់ខ្លួន​ផងដែរ​ថា "​យើង​បាន​ស្តាប់​មនុស្ស​ជាច្រើន និង​បានដឹងថា មាន​វិធី​ងាយ​ច្រើន​ទៀត​ដើម្បី​បង្ហាញ​យ៉ាង​ងាយស្រួល និង​ឆាប់រហ័ស​អំពី​ថា​តើ​អ្វីដែល​អ្នក​បានឃើញ​នៅក្នុង News Feed ធ្វើឱ្យមាន​អារម្មណ៍​បែបណា​។ ហេតុដូច្នេះ​ហើយ​បានជា​ថ្ងៃនេះ (​ថ្ងៃ ២៧ កុម្ភៈ​) យើង​បានដាក់​ឱ្យប្រើ​ប៊ូ​តុង​បញ្ចេញ​អារម្មណ៍ បន្ថែម​លើ​ប៊ូ​តុង Like ដើម្បី​ផ្តល់ឱ្យ​លោកអ្នក​នូវ​វិធី​ច្រើន​ទៀត​ដើម្បី​ចែករំលែក​អំពី​ប្រតិកម្ម​របស់​អ្នក​ចំពោះ Post តាមរបៀប​ដ៏​លឿន​និង​ងាយស្រួល​"​។​

​    ​ប៉ុន្តែ​ទន្ទឹម​នោះដែរ ការណែនាំ​នូវ​ប៊ូ​តុ​ថ្មី​ទាំងនេះ​បាន​បម្រើ​ដល់​គោលបំណង​មុខ​ពីរ​សម្រាប់ Facebook​។ ដោយ​ផ្តោតលើ​ភាព​ស្ថិតស្ថេរ​យូរអង្វែង​របស់ខ្លួន ក្រុមហ៊ុន Facebook បាន​កំពុង​ប្រមូល​ទិន្នន័យ​តាមរយៈ​ការផ្តោត​ខ្លាំង​ឡើងទៅ​លើ​អ្វីដែល​មនុស្ស​ចូលចិត្ត​។ អ្វីដែល​អ្នក​បានឃើញ​មុនគេ​នៅលើ News Feed (​អ្វីៗ​ដែល​គេ​ផុស​លើ​ហ្វេ​ស​ប៊ុ​ក​) គឺជា​របៀប​ដែល​អ្នក​បញ្ចេញ​អារម្មណ៍​ទៅលើ Post ដែល​ឃើញ​នៅក្នុង News Feed នោះ​តែម្តង​។ ឧទាហរណ៍​ថា លោកអ្នក​ចូលចិត្ត​ចុច រូប​បេះដូង ឬក៏​ចុច​រូប​អ្វី​ផ្សេងទៀត​ទៅលើ​ដំណឹង​កីឡា នោះ​ផុស​ទាក់ទង​នឹង​កីឡា​នឹង​ឧស្សាហ៍​បង្ហាញ​ញឹកញាប់​បំផុត​នៅពេល​លោកអ្នក​បើក Facebook ម្តងៗ​។  

​    ​តាម​វិធី​នេះ ក្រុមហ៊ុន​នឹង​ប្រើប្រាស់​ទិន្នន័យ​នេះ​ដើម្បី​តម្រូវ Feed (​អ្វីៗ​ដែល​គេ​ផុស​លើ​ហ្វេ​ស​ប៊ុ​ក​) ឱ្យចំ​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នកប្រើប្រាស់​នីមួយៗ​តែម្តង​។ ទិន្នន័យ​ដែល​បាន​ប្រមូល​គឺ​ត្រូវបាន​ទម្លាក់​ចូលទៅក្នុង​សូ​ហ្វ​វែ ដែល Facebook ប្រើប្រាស់​ដើម្បី​សម្រេចចិត្តថា​តើ Ads ឬ​ពាណិជ្ជកម្ម​មួយណា​ដែល​អ្នកលេង Facebook អាច​មើលឃើញ​មុនគេ ផ្អែកលើ​អារម្មណ៍​របស់​អ្នកប្រើប្រាស់​នីមួយៗ​។ 

​    ​ប៊ូ​តុង Like នៅលើ Facebook គឺជា​ប្រភព​ទិន្នន័យ​ជា​យូរយារ​ណាស់​មកហើយ​ស​ម្រា​ប់​ក្រុមហ៊ុន​យកទៅ​វិភាគ​។ តាមរយៈ​ការ​ចុច Like នៅលើ Feed របស់​អ្នក លោកអ្នក​ដូច​កំពុងតែ​បាន​និយាយប្រាប់​ក្រុមហ៊ុន Facebook ថា លោកអ្នក​ចូលចិត្ត​អ្វីមួយ ជាហេតុ​ធ្វើឱ្យ Facebook នឹង​បញ្ចេញ​នូវ​អ្វី​ដែលជា​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ឱ្យ​បានឃើញ​ញាប់​ញាប់​ជាងគេ​។ 

​    ​ហេតុផល​សំខាន់​នៅ​ពីក្រោយ​ការដាក់​ឱ្យប្រើ​ប៊ូ​តុង​បញ្ចេញ​អារម្មណ៍​ថ្មីៗ​ទាំងនេះ​គឺ​ដើម្បី​សម្រាំង​ឱ្យ​ម៉ោង​ចំពេល ដើម្បី​បញ្ចេញ Feed ដល់​អ្នកលេង Facebook តែម្តង ហើយ​ពាណិជ្ជកម្ម​ក៏​ទម្លាក់​ឱ្យ​អ្នកលេង​មើលឃើញ​ត្រូវ​តាម​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​ផងដែរ​។ ហើយ​ឥឡូវនេះ ក្រុមហ៊ុន​កាន់​តែមាន​ភាពងាយស្រួល​ក្នុង​ការញែក​ឱ្យដាច់​ស្រឡះ​រវាង Post ដែល​អ្នកប្រើប្រាស់​ចូលចិត្ត ខឹង និង​កើតទុក្ខ​។ 

​    ​ហើយ​ទិន្នន័យ​នៃ​ការបញ្ចេញ​អារម្មណ៍​នេះ​បាន​ក្លាយជា​របស់​ជំនួយ​ខ្លាំង​បំផុត​ដល់​របៀប​គណនា Algorithm លើ​ការផ្សាយពាណិជ្ជកម្ម​រប​ស់ Facebook​។ អ្នក​ផ្សាយពាណិជ្ជកម្ម​តែងតែ​ចង់ដឹងថា​អ្នកប្រើប្រាស់​មាន​អារម្មណ៍​បែបណា​ចំពោះ​ពាណិជ្ជកម្ម​របស់ខ្លួន​។ ប៊ូ​តុង​ថ្មី​ទាំងនេះ​ក៏​នឹង​ក្លាយជា​ឧបករណ៍​វិភាគ​ដ៏​មានតម្លៃ​របស់ Facebook ផងដែរ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឱ្យចំ​គោលដៅ​អតិថិជន​៕