នាង​ក្រមុំ​ខឹង​បងស្រី​ស្តីបន្ទោស​ចេញ​បាត់​ពី​ផ្ទះ

នាង​ក្រមុំ​ខឹង​បងស្រី​ស្តីបន្ទោស​ចេញ​បាត់​ពី​ផ្ទះ



ខេត្តកំពង់ស្ពឺ ៖ នារី​វ័យ​ជំទង់​ម្នាក់​បាន​បាត់​ខ្លួន​ពី​ផ្ទះ​ដោយ​គ្មាន​ដំណឹង ធ្វើ​ឲ្យ​ម្តាយ​និង​ក្រុម​គ្រួសារ​មានការ​បារម្ភ បន្ទាប់​ពី​បងស្រី​របស់​នាង​ស្តីបន្ទោស​ហាម​មិន​ឲ្យ​នាង​ដើរ​លេង​ជាមួយ​មិត្តភក្តិ​ពេល​យប់ ។ ក្រោយ​ពី​ការ​បាត់​កូនស្រី​ច្រើន​ថ្ងៃ​មក​ហើយ​នោះ ធ្វើ​ឲ្យ​ម្តាយ​ពិបាក​ចិត្តជា​ខ្លាំង​រហូត​ធា្ល​ក់​ខ្លួន​ឈឺ ។

អ្នកស្រី កេ​ត រ៉ា​វី រស់នៅ​ភូមិ​ត្រពាំង​ក្អែក ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ត្រូវ​ជា​ម្តាយ​របស់​នាង សុខ នី​តា ដែល​បាត់​ខ្លួន​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែមីនា​ថា កូនស្រី​របស់​គាត់​បាន​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃ​ទី​១០ ខែមីនា​មក បើ​ទោះជា​បងប្អូន និង​ក្រុម​គ្រួសារ​តាម​រក​យ៉ាងណា​ក៏​មិន​ប្រទះ​ឃើញ​ដែរ សូ​ម្បី​រោងចក្រ​ដែល​នាង​ធ្វើការ​ពេល​ទៅ​សួរ​ខាង​រោងចក្រ​ប្រាប់​ថា នាង​មិន​បាន​មក​ធ្វើការ​ច្រើន​ថ្ងៃ​ហើយ ។

ស្ត្រី​ជា​ម្តាយ​បន្ត​ថា រឿង​នាង​បាត់​ខ្លួន​នេះ​ទំនងជា​ខឹង​បងស្រី​ដែល​បាន​ស្តីបន្ទោស និង​ណែនាំ​មិន​ឲ្យ​ដើរ​លេង​នៅ​ពេល​យប់​ជាមួយ​មិត្តភក្តិ​ពិសេស​គឺ​នៅ​ថ្ងៃ​បើក​ប្រាក់ខែ​។ មុន​ពេល​បាត់​ខ្លួន​នី​តា​បាន​ឲ្យ​ប្អូនស្រី​ជូន​ទៅ​ផ្សារ​ត្រាច ដោយ​ប្រាប់​ថា ទៅ​ចូលរួម​មង្គលការ​មិត្តភក្តិ​ហើយ​ចាប់តាំងពី​ថ្ងៃ​នោះ​មក​ក៏​បាត់​ដំណឹង​សូន្យឈឹង​តែ​ម្តង ។

ស្ត្រី​ជា​ម្តាយ​បាន​បន្ត​ទាំង​ក្តុកក្តួល​ថា គាត់​មិនសូវ​បាន​នៅផ្ទះ​ទេ​ដោយសារ​រវល់​ទៅ​ច្រៀង​នៅ​តាម​ពី​ធី​មង្គលការ​នានា​ព្រោះ​គាត់​ជា​ឣ្ន​ក​ចម្រៀង​មិនសូវ​មាន​ពេល​នៅ​ជិត​កូន​បាន​ជាប់លាប់​ឡើយ ។ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​បាន​ដំណឹង​ពី​កូន​នៅឡើយ ហើយ​ទូរស័ព្ទ​របស់​នាង​ក៏​ហៅ​មិន​ចូល​ទៀត ធ្វើ​ឲ្យ​គាត់​ពិបាក​យ៉ាង​ខ្លាំង​រហូត​ធ្លាក់ខ្លួន​ឈឺ បើ​ទោះជា​ពេទ្យ​ចាក់​ថ្នាំ​ល្អ​យ៉ាងណា​ក៏​មិន​ធូរស្បើយ​ដែរ ។ គាត់​ឣា​ណិ​ត​ស្រឡាញ់​កូន ខ្លាចក្រែង​កូន​ចាញ់​ការ​ឃោសនា​បោកប្រាស់​របស់​ជនខិលខូច​នាំ​ឲ្យ​នាង​ដើរ​ធ្លាក់​ទៅ​ក្នុង​ផ្លូវ​ឣ​បាយ​មុខ​ផ្សេង​ៗ ។

អ្នកស្រី​ជា​ម្តាយ បាន​អំពាវនាវ​តាម​កោះសន្តិភាព សូម​ឲ្យ​កូន​វិល​មក​ផ្ទះ​វិញ ដោយ​មិន​មានការ​ប្រកាន់ទោស​ឣូ​ស​ដំណើរ​ឣ្វី​ទាំងអស់ គឺ​ម្តាយ​សុំ​ឲ្យ​កូនស្រី​វិល​មក​រស់នៅ​ជួបជុំ​គ្រួសារ​វិញ រីឯ​អ្នក​ដទៃ​ទៀត​មេត្តា​ជួយ​ប្រាប់​នាង​ផង បើ​ឃើញ​នាង​ដូច​នៅ​ក្នុង​រូបថត​នេះ ៕