ខួរក្បាល​ចំណេះដឹង​ខ្ចាត់ខ្ចាយ​ចេញពី​ស្ថាប័នរដ្ឋ​របៀប​ណា?

ស្ថាប័នរដ្ឋ​នានា​បាន​ប្រឹងប្រែង​បញ្ជូន​បុគ្គលិក​ជា​ច្រើន​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ដូច​ជា ប្រទេស​អា​មេ​រិ​ក បារាំង ជប៉ុន អូស្ត្រាលី សិង្ហ​បូ​រី​ជាដើម​។ ក្តី​សង្ឃឹម គឺ​ពួក​គេ​នឹង​វិល​ត្រឡប់​មក​វិញ​ប្រើប្រាស់​ចំណេះដឹង​ទាំងនោះ ដើម្បី​អភិវឌ្ឍន៍​ជាតិ​។ ប៉ុន្តែ​ពួក​គេ​ទាំងអស់​ពេល​ត្រឡប់​មក​វិញ សុទ្ធតែ​នាំ​គ្នា​ធ្វើការ​ឱ្យ​រដ្ឋ ឬ​យ៉ាងណា?

វា​ជា​រឿង​មួយ​ដែល​ប្រជាជន​ត្រូវ​តែ​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​ធនធានមនុស្ស​តាម​រយ​:​ការ​បញ្ជូន​មន្ត្រី​រដ្ឋ​ដែល​មាន​សមត្ថភាព​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​។ កិច្ច​ប្រឹងប្រែង​ត្រូវ​តែ​បន្ត និង​ធ្វើ​ឱ្យ​កាន់តែ​សកម្ម​។

ប៉ុន្តែ​តើ​ស្ថាប័នរដ្ឋ​ទាំងនោះ​បាន​សម្រេច​តាម​ចិត្ត​ចង់​ដែរ​ឬទេ? តើ​មន្ត្រី​រដ្ឋ​ដែល​បាន​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ពិតជា​ធ្វើការ​ឱ្យ​រដ្ឋ​យ៉ាង​ពេញដៃ ពេញ​ជើង ឬ​យ៉ាងណា បន្ទាប់​ពី​ពួក​គេ​វិល​ត្រឡប់​មក​វិញ​ពី​ការ​សិក្សា​នៅ​ក្រៅប្រទេស?

វា​ជា​ការ​ខកចិត្ត​មួយ​ដែល​ខួរក្បាល​ល្អ​ៗ​ជា​ច្រើន​ដែល​ត្រូវ​ដុសខាត់​នៅ​ក្រៅប្រទេស​បាន​ហូរ​ចេញ​ទៅ​បម្រើ​ការងារ​តាម​ក្រុមហ៊ុន​ឯកជន ឬ​ក៏​អង្គការ​ក្រៅ​រដ្ឋ​ភិ​បាល​។ ខ្លះ​ទៀត​ត្រូវ​បាន​គេ​ធីប (​ទុក​) ចោល​នៅ​កៀនជញ្ជាំង​ក៏​មាន ដោយសារ​តែ​ពួក​គេ​មិន​អាច​ចុះសម្រុង​នៅ​ក្នុង​បរិស្ថាន​ការងារ​មួយ​ដែល​ពោរពេញ​ដោយ​បក្សពួក​និយម និង​ក្រុម​និយម។

ការ​ហូរ​ចេញ​នៃ​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង​នោះ នឹង​ធ្វើ​ឱ្យ​ពិបាក​ដល់​ស្ថាប័នរដ្ឋ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​បំពេញការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​ស្ថាប័នរដ្ឋ​ទាំងអស់​ពិសេស​រដ្ឋមន្ត្រី​នៃ​ស្ថាប័ន​នីមួយ​ៗ​ត្រូវ​យកចិត្តទុកដាក់​ដល់​ការ​ថែទាំ និង​លើកទឹកចិត្ដ​ដល់​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង​។ ការ​បង្កើត​បរិស្ថាន​ការងារ​ដ៏​យុត្តិធម៌ និង​ការ​ផ្តល់​ប្រាក់ខែ​សម​ស្រប​សម្រាប់​មនុស្ស​ពូកែ​ៗ គឺជា​ការ​ចាំបាច់​ដែល​ស្ថាប័នរដ្ឋ​ទាំងអស់​ត្រូវ​ដោះស្រាយ​។ ការ​បង្កើត​ភាព​អយុត្តិធម៌​នៅ​ក្នុង​ការ​ដំឡើង​តំណែង ការ​ឃុបឃិត​បក្សពួក​និយម និង​គ្រួសារ​និយម​ត្រូវ​តែ​បញ្ឈប់​។ ផ្ទុយ​ទៅ​វិញ មេដឹកនាំ​តាម​ស្ថាប័នរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​ប្រើ​ធនធានមនុស្ស​ដែល​ទទួល​បានការ​សិក្សា​នៅ​ក្រៅប្រទេស ដើម្បី​ឱ្យ​ពួក​គេ​អាច​ប្រើប្រាស់​ចំណេះដឹង​ទាំងនោះ​នៅ​ក្នុង​ការ​ចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​។

ការ​បណ្តុះបណ្តាល​មនុស្ស​ដោយ​គ្នា​ការ​ប្រើប្រាស់ គឺជា​រឿង​ឥតប្រយោជន៍​។ ដរាបណា​ស្ថាប័នរដ្ឋ​មិន​ព្រម​កែ​ពី​របៀបរបប​ធ្វើ​ការងារ​ឱ្យ​មាន​តម្លាភាព មានការ​ទទួលខុសត្រូវ និង​យុត្តិធម៌​ទេ​នោះ គេ​ពិបាក​នឹង​ទប់​លំហូរ​ចេញ​នៃ​ធនធានមនុស្ស​សំខាន់​ៗ​ទៅ​ធ្វើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​ឯកជន ឬ​អង្គការក្រៅរដ្ឋាភិបាល​ដែល​មាន​ប្រាក់ខែ​សមរម្យ​ជាង និង​បរិយាកាស​ការងារ​ប្រសើរ​ជាង​។

ការ​ហូរ​ចេញ​នៃ​ធនធានមនុស្ស​សំខាន់​ៗ​ជា​បណ្តើរ​ៗ​ពី​ស្ថាប័នរដ្ឋ​មិន​ខុស​ពី​ការ​ស្រក់ឈាម​មួយ​តំណក់​ម្តង​ៗ​ចេញពី​ដងខ្លួន​រដ្ឋាភិបាល​ទាំងមូល​ឡើយ​។ គេ​មិន​ត្រូវ​បណ្តោយ​ឱ្យ​ការ​ហូរ​ឈាម​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​ហួស​ពី​ការ​អាច​សង្គ្រោះ​បាន​ឡើយ​។

ការ​ថែរក្សា​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង និង​ការ​បន្ត​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យ​បាន​ច្រើន គឺជា​ការ​ទទួលខុសត្រូវ​របស់​រដ្ឋមន្ត្រី​នៃ​ស្ថាប័នរដ្ឋ​នីមួយ​ៗ​។ ស្ថាប័នរដ្ឋ​ទាំងអស់​ត្រូវ​តែ​ប្រមូល​ធនធាន​ចំណេះ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឱ្យដៃ​ជើង និង​ដងខ្លួន​ទាំងមូល​របស់​រដ្ឋាភិបាល​មាន​ភាពរឹងមាំ​៕